មិនគួរអោយជឿថា៖ តារាសម្ដែងឆ្នើម ចន ច័ន្ទលក្ខិណា ប្រកាសឈប់ពីវិស័យសិល្បៈផ្លូវការហើយ
តារាសម្ដែងឆ្នើម ចន ច័ន្ទលក្ខិណា ដែលងាកមកសម្ដែងវិញក្រោយប្រកាសឈប់ជាច្រើនឆ្នាំហើយនោះ បានចេញមុខបកស្រាយជាថ្មីថាខ្លួននឹងលាលែងពីវិស័យសម្ដែងនេះច្បាស់ការហើយ។
ការប្រកាសនេះធ្វើឡើងក្រោយតារាស្រីខាងលើបញ្ចប់ការសម្ដែងរឿងចុងក្រោយរបស់ខ្លួនគឺ “ពស់កេងកង” និង “ចៅពស់កេងកង” ដែលជាស្នាដៃដឹកនាំរបស់លោក ហ្វៃ សំអាង។ ជាក់ស្ដែង កាលពីឆ្នាំ២០១៦ តារាស្រីរូបនេះធ្លាប់ប្រកាសប្រាប់អ្នកគាំទ្រម្ដងហើយថាខ្លួន នឹងផ្អាកទទួលថតកុន ត្បិតមានការមមាញឹកជាមួយជំនួញ និងការងារសង្គម តែក៏សម្រេចមកថតរឿងបង្ហើយឲ្យផលិតករជើងចាស់ខាងលើវិញ ត្បិតធ្លាប់ជាប់សន្យានាពេលកន្លងមក។
លើកនេះ ប្រធានសមាគមសិល្បករខ្មែរ បានបញ្ចេញសារជាថ្មីដោយបញ្ជាក់ច្បាស់ៗថា ជីវិតជាសិល្បករសម្ដែងរបស់នាងនឹងបញ្ចប់នាថ្ងៃម្សិលម៉ិញនេះហើយ។ សម្រាប់មូលហេតុ អ្នកម្ដាយកូនមួយរូបនេះ មិនទាន់បញ្ជាក់បន្ថែមនៅឡើយទេ ត្បិតអ្នកនាងមិនបានទទួលទូរសព្ទពីក្រុមការងារ៕