គួរអោយរន្ធត់ណាស់!!! សង់រោងការនៅចិញ្ចើមផ្លូវ កំពុងឈរទទួលភ្ញៀវ រថយន្ត២គ្រឿងបុកគ្នា រេចង្កូតចូលក្នុងរោង បុកម្ចាស់ដើមការ បណ្តាលឲ្យ…

ខេត្តកណ្តាល៖ រថយន្តធំមួយគ្រឿង បានព្រលះគ្នាជាមួយរថយន្តតូច បណ្តាលឲ្យអ្នកបើកបររថយន្តធន់តូច ស្លាប់ម្នាក់ ហើយរថយន្តធំ បានជ្រុលទៅបុករោងការមួយ ដែលម្ចាស់ដើមការកំពុងតែឈរទទួលភ្ញៀវ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ដោយហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃសុក្រ ទី២៧ មេសា ២០១៨នេះ វេលាម៉ោង ៥និង៥០នាទីល្ងាច នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកវីស្តូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-8952 បើកបរដោយឈ្មោះ លឿង ថៃឡឺយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ឃុំខាន់អាង ស្រុកអាន់ភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម បានធ្វើដំណើរក្នុងទិសដៅ ពីត្បូងមកជើង លុះពេលមកដល់ ចំណុចកើតហេតុខាងលើ ក៏បានវេចង្កូត ចូលទៅបុករថយន្តធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-5568 បើកបរដោយឈ្មោះណុល ម៉េងហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត រួមដំណើរជាមួយឈ្មោះគា ឆាង ភេទប្រុស អាយុ១៩ឆ្នាំ ព្រូរថយន្ត មានទីលំនៅភូមិព្រែកសុឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ជាមួយគ្នា។

ខណៈពេលកើតហេតុ គឺរថយន្តទាំង២ កំពុងបើកបញ្ច្រាស់ទិសគ្នា ពីជើងមកត្បូង ហើយបានបុកគ្នាពេញទំហឹង បណ្ដាលអោយ អ្នកបើកបររថយន្តតូច គៀបស្លាប់ភ្លាមៗនៅក្នុងរថយន្ត និងធ្វើអោយរថយន្តធំ ជ្រុលទៅប៉ះឈ្មោះម៉ាន់ ម៉ុន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ (ជាឪពុកកូនក្រមុំ) មានទីលំនៅ ភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងឈរទទួលភ្ញៀវ នៅចិញ្ចើមផ្លូវខាងកើត រងរបួសធ្ងន់ និងខូចខាតម៉ាស៊ីនថតវីតដេអូ, ភ្លើងLED ,កៅអីកាត់សក់ និងជើងថតវីតដេអូ មួយចំនួនទៀត ។


បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចចរាចរណ៍ស្រុក បាននាំកម្លាំងចុះទៅពិនិត្យកន្លែងកើតហេតុ និងវាស់វែងយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការ តាមនិតិវិធីច្បាប់ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសាដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ រីឯសាកសពបានប្រគល់ អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។


ចំពោះអ្នកបើករថយន្តធំ បាននាំយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុលស្អាង ។ ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តតូច បើកចូលផ្លូវខាងស្ដាំរបស់រថយន្តធំ ដោយធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្តធំ បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់កើតឡើង ៕