គួរឲ្យអាសូរណាស់!! គ្រាន់តែចាប់ឆ្នោតបានធ្វើទាហានភ្លាម ស្រាប់តែទន់ជើង ចង់ខ្យល់ចាប់ ទួញយំ ភ្លាមៗ ព្រោះតែ…(មានវីដេអូ)

ថៃ៖ កម្លោះបាងកកវ័យ ២៣ឆ្នាំម្នាក់ ស្រាប់តែទន់ជើងចង់ខ្យល់ចាប់ភ្លាមៗ ក្រោយដឹងថាខ្លួនឯងចាប់ឆ្នោតប៉ះបានធ្វើទាហាន ទួញយំសម្រក់ទឹកភ្នែក ព្រោះតែហេតុផលមួយ។

លោក Sakrit Srisoonthorn អាយុ ២៣ឆ្នាំ រំជួលចិត្តយ៉ាងខ្លាំង សឹងតែគ្មានព្រលឹងវិញ្ញាណនៅក្នុងខ្លួន ក្រោយឈ្មោះរបស់លោកត្រូវបានសម្រេចជ្រើសរើស ឲ្យចូលបម្រើក្នុងជួរកងទ័ព រយៈពេល២ឆ្នាំ កាលពីសប្តាហ៍មុននេះ។

ប៉ុន្តែផ្ទុយទៅវិញ កម្លោះសង្ហាវ័យក្មេងរូបនេះ បានយំសោកស្តាយជាខ្លាំង ព្រោះតែនឹកអាល័យដល់លោកយាយជរា វ័យ៧៥ឆ្នាំ ដែលនឹងគ្មាននរណាម្នាក់ ជាទីពឹងជួយមើលថែទាំរក្សា ក្រោយអវត្តមានរូបលោក។
នៅថ្ងៃនោះលោក Sakrit បាននិយាយទាំងអួលដើម.កយ៉ាងដូច្នេះថា៖

«ហេតុអ្វីបានជាខ្ញុំទៅវិញ? ហេតុអ្វីវាមិនធ្លាក់ទៅលើអ្នកដែលគ្មានបន្ទុក (គ្រួសារ) ទៅ? ឪពុកម្តាយរបស់ខ្ញុំបានចាកចោលខ្ញុំ តាំងតែពីខ្ញុំនៅតូចមកម៉្លេះ។ ដូច្នេះប្រសិនបើខ្ញុំចេញទៅ (ធ្វើទាហាន) សួរថាបាននរណាជាអ្នកជួយមើលថែទាំលោកយាយរបស់ខ្ញុំ ដែលទើបតែចេញពីមន្ទីរពេទ្យទៅ? លោកយាយខ្ញុំ គាត់តែងតែសុំខ្ញុំថា កុំឲ្យចាកចេញទៅណាចោលគាត់ ព្រោះតែគាត់គ្មាននរណាម្នាក់ជាទីពឹង ក្រៅពីរូបខ្ញុំនោះឡើយ» ។

យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ក្រុមមន្រ្តីក៏បានចុះទៅដល់ផ្ទះលោក Sakrit ផ្ទាល់ ក្នុងទីក្រុងបាងកក ដើម្បីធ្វើការសិក្សាស៊ើបសួរ ក្រោយមានការត្អូញត្អែរប្រាប់ ពីរឿងរ៉ាវដ៏កំសត់នេះ ដោយលោក Sakrit ផងដែរ។ ខណៈដែលខាងក្រុមមន្រ្តី ក៏បានត្រៀមរួចជាស្រេច សម្រេចផ្តល់ជាជំនួយជួយដល់គ្រួសាររបស់លោក Sakrit ទៅលើការជួយមើលថែទាំ លោកយាយរបស់គេផងដែរ។

លោកយាយរបស់លោក Sakrit ឈ្មោះ Somsong Chamnawech បានប្រាប់អ្នកសារព័ត៌មានថា ចៅប្រុសរបស់គាត់ (Sakrit) ជាក្មេងដ៏ល្អ និងឧស្សហ៍ព្យាយាមម្នាក់ ហើយគេតែងតែធ្វើសព្វគ្រប់រាល់ការងារទាំងអស់ មិនដែលត្អូញត្អែរទេ។
លោកយាយមានប្រសាសន៍ទាំងអួលដើមក និងសម្រក់ទឹកភ្នែកទៀតថា៖

«ខ្ញុំអាចទទួលយកបាន វាមិនយូរទេត្រឹមរយៈពេល ១ឆ្នាំ ឬ ២ឆ្នាំប៉ុណ្ណោះ ព្រោះចៅប្រុសខ្ញុំមិនមែនចាកចោលខ្ញុំរហូតឯណា។ ខ្ញុំបានប្រាប់គេហើយថា ចៅទៅចុះ ចូលបម្រើកងទ័ព និងដើម្បីជួយជាតិ ជួយប្រទេសយើង។ ចំណែកយាយ គឺមិនអីនោះទេ។ យាយអាចលក់ដូរបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិតខ្លួនឯងបាន» ។

ទន្ទឹមនឹងនេះ បើយោងតាមសេចក្តីថ្លែងការណ៍មួយ ពីអ្នកនាំពាក្យមន្រ្តីយោធា បានឲ្យដឹងថា លោក Sakrit គឺអាចនឹងត្រូវបានគេអនុញ្ញាតឲ្យឈប់សម្រាកបានខ្លះៗ ដើម្បីយកមើលថែទាំគ្រួសាររបស់គាត់ បើសិនក្នុងករណីចាំបាច់។ ហើយក្នុងនោះ លោកក៏ទទួលបានប្រាក់ខែឧបត្ថម្ភមួយចំនួន ដែលនឹងត្រូវវេរឲ្យគ្រួសាររបស់លោកផ្ទាល់ផងដែរ។

គួរឲ្យដឹងថា ក្នុងប្រទេសថៃ នៅរៀងរាល់ខែមេសា យុវជនឬបុរសៗ ដែលជាជនជាតិថៃទាំងអស់ ដល់អាយុ២១ឆ្នាំ គឺពួកគេតែងតែមានឱកាសក្នុងការចាប់ឆ្នោត ឬដោយស្ម័គ្រចិត្ត ដើម្បីចូលខ្លួនបម្រើក្នុងជួយកងទ័ព ទៅតាមរយៈពេលកំណត់ខ្លីមួយ។

គួរឲ្យដឹងទៀតថា វីដេអូឃ្លីបនេះ ត្រូវបានគេបង្ហោះចែកចាយលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដោយម្ចាស់គណនីមួយ កាលពីថ្ងៃពុធ សប្តាហ៍មុននេះ ដោយទទួលបានអ្នកចុចចូលមើល រហូតដល់ទៅជិត ៤លានដង និងមានចំនួនអ្នកចុច Like ចែករំលែក (Share) ជាច្រើនរាប់ពាន់នាក់ផងដែរ ៕