ចិត្តព្រៃផ្សៃណាស់!!! គ្រាន់តែរឿងកូនយំ បន្តិចបន្តួចសោះ ប្តីឈ្លោះជាមួយប្រពន្ធ រហូតដល់ទាញដំបង វាយទាំងនាងសរសៃខ្ចី រហូតដល់ទាស់…

ខេត្តក្រចេះ៖ បុរសកំណាចម្នាក់ បានទាស់ពាក្យសម្ដីគ្នា ពីរឿងបន្តិចបន្តួចជាមួយនិងប្រពន្ធ ដែលទើបនឹងសម្រាលកូនខ្ចី ធ្វើឲ្យគេផ្ទុះកំហឹងយ៉ាង​ក្រេវក្រោធ ស្ទុះទៅវាយទាត់ធាក់ប្រពន្ធ បណ្ដាលឲ្យទាស់សរសៃខ្ចី កើតអាការរឹងថ្គាម ស្លាប់យ៉ាងអណោចអធម កាលពីថ្ងៃទី២៦ ខែមេសា នៅក្នុងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី។

លោកវរសេនីយ៍ឯក យ៉ាន់ ហ៊ាង អធិការនគរបាលស្រុកចិត្របុរី បានឲ្យដឹងថា ជនបង្កជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ធុច សុខា អាយុ៣៧ឆ្នាំ។ រីឯស្រ្ដីរងគ្រោះជាប្រពន្ធ ឈ្មោះ ក្រាញ់ នញ អាយុ៣៩ឆ្នាំ ហើយទើបនឹងសម្រាលកូន កាលពីពេលថ្មីៗកន្លងទៅនេះ។ ពួកគេទាំង២នាក់ប្ដីប្រពន្ធ គឺជាជនជាតិដើម ភាគតិចព្នង មានកូនប្រុសស្រីចំនួន៥នាក់ និងមានលំនៅ ក្នុងភូមិកើតហេតុខាងលើ។

លោកអធិការនគរបាល ស្រុកចិត្របុរី បានបន្តថា មុនពេលកើតមាន នូវអំពើហិង្សានោះ គឺកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ជនបង្កបានបើកគោយន្តកន្ត្រៃ ចេញទៅក្រៅ ហើយត្រូវកូនតូចម្នាក់ យំទារទៅតាម ​តែជនរងគ្រោះជាប្រពន្ធ ហាមមិនឲ្យទៅ ទើបបង្កឲ្យកើតទៅជាទំនាស់។ នៅពេលនោះពួកគេ បានឈ្លោះគ្នាយ៉ាងតឹងសរសៃក​ ស្រាប់តែបុរសជាប្តីបានស្ទុះ ទៅវាយទាត់ធាក់ មកលើប្រពន្ធរបស់ខ្លួន និងស្ទុះទៅទាញដំបងឫស្សី យកមកវាយប្រពន្ធយ៉ាងដំណំ បណ្តាលឲ្យជាំស្ទើរសុសសាច់ ពេញលើរាងកាយ។

លោកអធិការនគរបាល បានបន្តថា ក្រោយពេលកើតហេតុ បានមួយថ្ងៃ ស្រ្តីរងគ្រោះជាប្រពន្ធ បានទាស់សរសៃខ្ចី បណ្ដាលឲ្យកើតមាន អការៈរឹងថ្គាមស្លាប់។ បន្ទាប់មក សមត្ថកិច្ចនគរបាលស្រុកចិត្របុរី បានចុះទៅឃាត់ខ្លួនជនសង័្សយជាប្ដី នាំមកសាកសួរ ទើបគេឆ្លើយសារភាព​ថា កន្លង​មករូបគេមិនដែល បង្កហិង្សាទៅលើប្រពន្ធទេ។ ប៉ុន្តែនៅថ្ងៃកើតហេតុ ដោយសារតែខ្លួន ខឹងនឹងប្រពន្ធ ជេរប្រមាថ​មកលើខ្លួនខ្លាំងពេក ទើបជ្រុលដៃវាយ ហើយគេក៏មិនបានគិតថា ប្រពន្ធរបស់ខ្លួនស្លាប់ដែរ។

ក្រោយពេលទទួលបានចម្លើយ សារភាពខាងលើនេះ ទើបសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនជនសង័្សយទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕