ចេះតែមានហើយ!!! ឪពុកនិងកូនប្រយុទ្ធគ្នា ដោយសារតែរឿងបាត់ពងមាន់ ចុងក្រោយកូនចូលពេទ្យ ពុកចូលគុក…

ខេត្តក្រចេះ៖ កូនអកតញ្ញូម្នាក់ ខឹងពីរឿងបាត់ពងមាន់ បែរជាឈ្លោះប្រកែកជាមួយនឹងឪពុកបង្កើតរបស់ខ្លួន យ៉ាងតឹងសរសៃក ហើយទាញពូថៅ​គប់ទៅលើឪពុក រហូតធ្វើឲ្យគាត់ទប់កំហឹងមិនបាន ក៏រើសពូថៅនោះយកមកកាប់កូន បណ្ដាលឲ្យរងរបួស​ធ្ងន់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅក្នុង​ភូមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ។

លោក​វរសេនីយ៍ឯក ចាន់ សុ​ផល្លា ​អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​ បាន​ឲ្យ​ដឹង​ថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីហិង្សាដែល​សមត្ថ​កិច្ចឃាត់ខ្លួន ឈ្មោះ ឡឹ​ង ឈិ​ត អាយុ​៧១​ឆ្នាំ មាន​ប្រចាំ​កាយ (ជំងឺលើសឈាម​) ។ រីឯជនរងគ្រោះ ឈ្មោះ ឡឹ​ង ស៊ី​ផល អាយុ​៤១​ឆ្នាំ ជា​កូនប្រុស​ទី​៤ និង​មាន​ជងឺលើសឈាម​ ស្លាប់​មួយ​ចំហៀង​ខ្លួន។ ពួកគេទាំង២នាក់ឪពុក និងកូន មានលំនៅក្នុងភូមិថ្មរាប ឃុំព្រែក​ប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយគ្រួសារនេះ មានកូនចំនួន​៨​នាក់ ក្នុងនោះស្រី​២​នាក់។

លោកអធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា មុនពេកើតមាននូវអំពើហិង្សានោះ គ្រួសារខាងលើបានបាត់ពងមាន់ នៅក្នុងសម្បុក នៅពេលនោះ​ពួកគេទាំង២នាក់ ឪពុក និង​កូន​បាន​ឈ្លោះប្រកែក​គ្នា​ យ៉ាង​តឹង​សរសៃ​​ក​ដាក់​។ នៅពេលនោះ ​បុរស​ដៃដល់​ជា​កូន​​បាន​ស្ទុះទៅទាញ​ពូថៅ​ គប់​ទៅ​លើ​ឪពុក​បង្កើតរបស់ខ្លួន បណ្តាល​ឲ្យ​ត្រូវ​ចំ​ចង្កេះ។ ភ្លាម​នោះ​ ឪពុក​ក៏បាន​រើស​ពូថៅ​នោះ​ យកមក​កាប់​ទៅ​លើ​​កូន​បណ្តាល​ឲ្យ​ត្រូវ​ចំ​ភ្លៅ​ខាងស្តាំ​១​ពូថៅ​ ត្រូវចំ​កំភួនជើង​ខាងស្តាំ​១​ពូថៅ និង​ត្រូវ​ចំ​កែងជើង​ខាងឆ្វេង​១​ពូថៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបុរស​វ័យ​ចំណាស់​ជា​ឪពុក​ នាំ​កាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និង​ចាត់ការតាមច្បាប់។ ដោយឡែកបុរសជាកូន ត្រូវក្រុមគ្រួសារដឹកទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែក​ស្រុកព្រែកប្រសព្វ៕