ពលរដ្ឋជាង៣០០គ្រួសារ សុំការអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី រឿងដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ

ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ មកពីភូមិខ្សឹម ភូមិក្រញូងសែនជ័យ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ (ស្នាក់នៅវត្តសាមគ្គីរង្សី) មកដង្ហែញត្តិ យកទៅដាក់​ជូននៅខុទ្ទកាល័យសម្ដេចតេជោ ដើម្បីសុំសម្តេចជួយអន្តរាគមន៍ រឿងដីធ្លីរបស់ពួកគាត់​។

ក្បួនដង្ហែដាក់ញត្តិរបស់ប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងនៅម៉ោង៣និង៣៥នាទីរសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ម៉ោង ១៥:៣៥នាទី នៅមុខវត្តបទុម ផ្លូវស៊ូស្រ៊ុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

នៅម៉ោង៣៖៤០នាទីថ្ងៃដដែលនេះ គេសង្កេតឃើញអាជ្ញាធរក្រុងភ្នំពេញជាច្រើន​នាក់ មកអន្តរាគមន៍ ក្រោមការសម្របសម្រួលពីអភិបាលក្រុង លោក ឃួង ស្រេង ដោយ​អនុញាត​ឲ្យតំណាងប្រជាពលរដ្ឋចំនួន៥នាក់ ចូលជួប ហើយអាជ្ញាធរបានស្នើឲ្យពលរដ្ឋត្រឡប់ទៅស្រុកកំណើតវិញនៅថ្ងៃនេះផងដែរ ដោយអាជ្ញាធរចំណាយថវិកាសម្រាប់ឲ្យពួកគាត់ធ្វើដំណើរផងដែរ៕