សួន​កម្សាន្ត​ដ៏​ធំ ផ្លាស់ពីកោះកុង មកភ្នំពេញ បើក​ឲ្យ​ទិញសំបុត្រចូល​ទស្សនា១​ស​ប្ដា​ហ៍​ទៀត

ភ្នំពេញ ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ តាម​គម្រោង​សួនសត្វ​ដ៏​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា ដែល​មានឈ្មោះ​ថា ភ្នំពេញ សា​ហ្វា​រី គ្រោង​នឹង​បើក​សាកល្បង​ឲ្យ​ចូល​ទស្សនា​កម្សាន្ត នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ហើយ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​អ្នក​ជំនួយ​គ្រប់គ្រង​នៅ​សួនសត្វ​ព្រៃ​កម្សាន្ដ​ភ្នំពេញ លោក រឿង សុវណ្ណ​នី​កា ។

សួន​កម្សាន្ត​ដ៏​ធំ​ដែល​បាន​ផ្លាស់​ពី​ខេត្តកោះកុង មក​ជិត​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ដែល​មាន​ចម្ងាយ​ប្រមាណ​១៨​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ តែ​ប៉ុណ្ណោះ ។

សួន​កម្សាន្ត​របស់​អ្នកឧកញ៉ា លី យ៉ុ​ង​ផាត់ រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា ចំណាយ​ទុន​ដល់​ទៅ​ជាង​១០​លាន​ដុល្លារ​អា​មេ​រិ​ក ឯណោះ ។
ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​ការ​គូសបញ្ជាក់​ពី​អ្នកគ្រប់គ្រង​សួនសត្វ​នេះ បានអោយ​ដឹង​ថា សម្រាប់​ភ្ញៀវ​ជាតិ​ដែល​ចង់​ទស្សនា Phnom Penh Safari អាច​នឹង​ត្រូវ​ចំណាយ​ចំនួន​១៥​ដុល្លារ ទិញសំបុត្រចូលកម្សាន្ត ចំណែកឯ​ជនបរទេស​វិញ​គឺ​អាច​ចំណាយ​ប្រមាណ​ជាង​២០​ដុល្លារ​ក្នុង​ម្នាក់ ។

ភ្ញៀវ​អាច​ចូល​ទស្សនា​ចាប់ពី​វេលា​ម៉ោង​៩​ព្រឹក​តទៅ ហើយ​មានការ​សម្ដែង Show ពិសេស​ៗ ពី​សត្វ​ជា​ច្រើន​ប្រភេទ​ដូច​ជា ៖ ការ​សម្ដែង​របស់​ត្រី​ដូ​ហ្វី​ន ក្រពើ ដំរី ស្វា ខ្លា តោ និង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត ដែល​សុទ្ធសឹងតែ​ឆ្លងកាត់​ការ​បង្វឹក​យ៉ាង​ពិសេស ។ បន្ថែម​លើ​ពី​នោះ​ទៀត​ភ្ញៀវ​ទេសចរ​អាច​ជិះទូក​លេង​កម្សាន្ត​ទស្សនា​ទេសភាព ដ៏​ស្រស់បំព្រង​ថែម​ទៀត​ផង ។

លើស​ពី​នេះ​សួនសត្វ ភ្នំពេញ សា​ហ្វា​រី ចែក​ចេញ​ជា​បួន​តំបន់​សំខាន់​ៗ មាន​ដូច​ជា ទី​១ កន្លែង​សម្តែង​សត្វ​ខ្លា ទី​២ កន្លែង​សម្តែង​សត្វ​ក្រពើ ទី​៣ កន្លែង​សម្តែង​សត្វ​ស្វា អ៊ូ​រ៉​ង់​អ៊ូ​តង់ និង​ទី​៤ កន្លែង​សម្តែង​សត្វ​សេក​មក​ពី​អាហ្វ្រិក និង​មក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត ។

ក្រៅពី​បួន​ទីតាំង​សំខាន់​ៗ​ខាងលើ​នេះ នៅ​មាន​កន្លែង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត​សម្រាប់​ទស្សនា ហើយ​ក៏​មាន​សួន​ទឹក​សម្រាប់​ជិះទូក​កម្សាន្ត កន្លែង​ក្មេង​លេង និង​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

សួនសត្វ​ដ៏​ធំ​ជាងគេ​មួយ​នេះ សាងសង់​នៅ​លើ​ផ្ទៃដី​ជាង ៦០​ហិ​កតា ក្នុង​ជំហាន​ទី​១ ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​រចនាបថ​ដ៏​សម្បូរ​បែប លំនាំ​តាម​សម័យ​អង្គរ ទាំង​ក្នុង​និង​ក្រៅ​អម​ជាមួយនឹង​ព្រៃឈើ​រាប់​ហិ​កតា នឹង​ក្លាយជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ពោល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​សម្រាក​លំហែកាយ​សម្រាប់​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ប្រទេស​កម្ពុជា មិន​ចាញ់​សួនសត្វ​ធំ​ៗ​លើ​ពិភពលោក​ឡើយ ៕