មិនធម្មតា!!! អ្នកសិល្បៈ​​ល្បីៗ ៤ដួង នាំគ្នារៀបកាចុង​ឆ្នាំ​២០១៧​នេះ ធ្វើ​ឲ្យ​កក្រើក​អស់​​អ្នកគាំទ្រ ស្ទើរពេញ​ផ្ទៃប្រទេស!

(ភ្នំពេញ)៖ មានសិល្បករ-សិល្បការិនីល្បីៗជាច្រើនដួង នាំគ្នាចូលរោងការជាបន្តបន្ទាប់ ខណៈម្នាក់ៗមានវ័យរៀងជ្រេបន្តិចទៅហើយ។ អ្វីដែលពិសេស នៅចុងឆ្នាំ២០១៧នេះ មានសិល្បករ-សិល្បការិនីជាច្រើនដួង ដឹកដៃគ្នាចូលរោងការ ធ្វើឲ្យកក្រើក អ្នកសិល្បៈ និងអ្នកគាំទ្រ ស្ទើរពេញផ្ទៃប្រទេស ដោយសារតែអ្នកខ្លះមានភាពភ្ញាក់ផ្អើល និងខ្លះទៀតត្រេកអរជំនួស ផងនោះ។ អ្នកសិល្បៈប្រុសស្រីទាំងបួនដួងនោះរួមមាន៖

១/ កវីនិពន្ធប្រុសដ៏ឆ្នើមគឺ លោក សុខ ជំនោរ ដែលលោកបានដឹកដៃ កញ្ញាដ៏ស្រស់ស្អាតមួយរូបមានឈ្មោះថា ស្រី សុរង្សី ចូលរោងការ ដើម្បីបញ្ជប់ភាពនៅលីវ កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដែលរៀបចំឡើងនៅអគារ F កោះពេជ្រ ព្រមទាំងបានអញ្ជើញភ្ញៀវទាំងក្នុង និងក្រៅសិល្បៈចូលរួម៦០តុ ។ ក្រោយពីរៀបការហើយ លោក សុខ ជំនោរ បានដឹកដៃភរិយាទៅក្រេបទឹកឃ្មុំនៅទីក្រុង សៀងហៃ ដែលជាដែនដីស៊ីវិល័យ នៃមហាអំណាចចិន។

២/ ងាកមករកតារាចម្រៀង សំនៀងផ្អែមស្រទន់ និងជាកំពូលតារាចម្រៀងស្រី ក្នុងផលិតកម្មរស្មីហង្សមាស សុគន្ធ និសា ឯណេះវិញ ក៏បានរៀបមង្គលការ ជាមួយនឹងអាណិកជនខ្មែរអាមេរិកម្នាក់ ដែលមានឈ្មោះថា លោក ចៅ សម្បត្តិ កាលពីថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ ២០១៧ ។ កម្មវិធីមង្គលការរបស់តារាចម្រៀងរូបនេះ ត្រូវបានគេដឹងថា ធ្វើនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ភូគីត្រា ដោយបានអញ្ជើញភ្ញៀវក្នុង និងក្រៅរង្វង់សិល្បៈប្រមាណ៧០តុ។ អ្វីដែលពិសេសជាងនេះ ក្រោយពីរៀបការ សុគន្ធ និសា និងស្វាមីបានហោះទៅក្រេបទឹកឃ្មុំនៅកោះ ម៉ាល់ឌីវ ដែលជាកោះដ៏ល្បីល្បាញរបស់ពិភពលោក។

៣/ មិនខុសពីលោក សុខ ជំនោរ និងតារាចម្រៀង សុគន្ធ និសា នោះទេ ងាកមករកអ្នកដឹកនាំសម្ដែង ក្នុងផលិតកម្មថោន វ័យក្មេង លោក រិទ្ធ អូមេហ្គា ឯណោះវិញបានដឹកដៃស្រីស្អាតមួយរូប មានឈ្មោះថា វ៉ាន់ សិលា ចូលរោងការ កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៧ នៅខេត្តបាត់ដំបង។ យ៉ាងណាមិញ ក្រោយពីរៀបការបានប៉ុន្មានថ្ងៃ អ្នកដឹកនាំសម្ដែងផលិតកម្មថោនរូបនេះ បានមកកាត់ចំណងដៃជាថ្មីម្ដងទៀត នៅសណ្ឋាគារលំដាប់ផ្កាយ ៥ សណ្ឋាគារសុខា ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវទាំងក្នុង និងក្រៅសិល្បៈផងដែរ។

៤/ តារាមួយរូបចុងក្រោយ គឺលោក អេឡិច ជេគ ដែលលោកបានធ្វើឲ្យអ្នកសិល្បៈ មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែស្ងាត់ៗ មានដំណឹងថា ចូលរោងការតែម្ដង បន្ទាប់ពីបាត់មុខមាត់ ក្នុងសិល្បៈមួយរយៈមក។ តារាសម្ដែង អេឡិច ជេគ បានដឹកដៃនារីដ៏ស្រស់ស្អាតមួយរូបចូលរោងការ ដើម្បីបញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី ០៨ ធ្នូ ឆ្នាំ២០១៧ ដែលធ្វើឡើងនៅកោះពេជ្រ អាគារ C ដោយមានសិល្បករ-សិល្បការិនី ចូលរួមយ៉ាងច្រើនកុះករផងដែរ