បន្ទាប់ពីអានហើយគួរអោយសង្វេគណាស់! កូនភ្លោះកើតមកពោះជាប់គ្នា ត្រូវវេជ្ជបណ្ឌិតប្រាប់ថាអាចនឹងស្លាប់ប្រសិនបើ…

ស្ត្រីជនជាតិឥណ្ឌាម្នាក់បានផ្តល់កំណើតដល់ទារិកាស្រីភ្លោះពោះជាប់គ្នា ដែលគ្រូពេទ្យព្រួយបារម្ភថា អាចគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់។ នេះបើតាមប្រភពដេលីមែលកាលពីថ្ងៃព្រហស្បតិ៍ទី ៧ ធ្នូ។លោកស្រី Sumitra Dutta អាយុ ២២ ឆ្នាំ មកពីភូមិតូចមួយក្នុងរដ្ឋ Odisha ភាគខាងកើតនៃប្រទេសឥណ្ឌា ត្រូវបានវេជ្ជបណ្ឌិតប្រាប់មុនសម្រាលកូនពីរថ្ងៃមុននេះ ថា នាងកំពុងពរពោះកូនភ្លោះ។

ទោះយ៉ាងណា អំឡុងពេលវះកាត់២ ម៉ោងដើម្បីប្រសូតកូនភ្លោះ ពួកវេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើលជាខ្លាំងដែលបានឃើញថា ពួកគេជាកូនភ្លោះដែលមានបេះដូងនិងថ្លើមរួមគ្នា។ទារិកាស្រីទំងន់ ៤,៣ គីឡូក្រាមនេះ ត្រូវបានបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យជំនាញ ជាទីដែលគ្រូពេទ្យបានប្រកាសថា ពួកគេស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ទារិកាឈ្មោះ Ganga និង Jamuna បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការតាមដានយ៉ាងហ្មត់ចត់នៅមន្ទីរពេទ្យ Shishu Bhawan Hospital ក្នុងទីក្រុង Cuttack។លោកវេជ្ជបណ្ឌិត Pradeep Kumar Jena សាស្ត្រាចារ្យផ្នែកវះកាត់កុមារនៅឯមន្ទីរពេទ្យខាងលើបាននិយាយថា ការវះកាត់ដើម្បីបំបែកពួកគេចេញពីគ្នា “នឹងមានគ្រោះថ្នាក់ខ្លាំងណាស់”។

លោកបានប្រាប់ក្រុមអ្នកកាសែតថា “ទារិកាស្រីទាំងពីរភ្លោះជាប់ពោះគ្នា និងមានបេះដូងនិងថ្លើមរួមគ្នា ប៉ុន្តែមានក្រលៀន សួត ដៃជើង និងប្រដាប់បន្តពូជផ្សេងគ្នា។ យើងបារម្ភថាបេះដូងពួកគេមិនបំពេញមុខងារបានស្រួលបួល និងមានហានិភ័យធ្ងន់ធ្ងរចំពោះអាយុជីវិតពួកគេ ហើយការវះកាត់បំបែកពួកគេចេញពីគ្នាឥឡូវនេះអាចមានគ្រោះថ្នាក់ខ្លាំងណាស់”។រដ្ឋាភិបាលប្រចាំរដ្ឋខាងលើបានយល់ព្រមចេញលុយថ្លៃចំណាយលើទារកទាំងពីរ បន្ទាប់ពីឪពុកពួកគេឈ្មោះ គីស័រ ឌូតថា ពុំមានលទ្ធភាពបង់ថ្លៃព្យាបាល៕