គ្រួសារយំសោក ព្រោះតែស្លាប់ទាំងមិនអស់ចិត្ត!!! ក្នុងរយៈពេល២ម៉ោង រន្ទះបាញ់ស្លាប់២នាក់

ខេត្តបាត់ដំបង ៖ ហេតុការណ៍ដ៏គួរឲ្យសង្វេគចិត្តមួយ បានកើតឡើងក្នុងថ្ងៃតែមួយ មនុស្សស្លាប់ដល់ទៅ២នាក់ ដោយសារតែរន្ទះបាញ់ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២១ មេសា ២០១៨ នៅចំណុច​បឹង​ថ្ម ស្ថិតក្នុង ភូមិ​បាក់រទេះ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានបង្ហាញ់ថា ករណីរន្ទះបាញ់នេះ បានកើតឡើងលើកទី១ គឺនៅវេលាម៉ោង៥ល្ងាច ថ្ងៃ២១ មេសា ២០១៨ ខណៈពេលដែលមេឃចាប់ផ្តើមងងឹត រកកល់ភ្លៀង ស្រាប់តែរន្ទះបាញ់ ចំលើយុវជនម្នាក់ឈ្មោះ តិញ តុលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិកើតហេតុខាងលើ បណ្តាលឲ្យស្លាប់នៅនិងកន្លែងតែម្តង គឺនៅពេលដែលគាត់ បានដើរចេញក្រៅផ្ទះ ។

ចំណែកឯករណីទី២វិញ គឺកើតឡើងវេលាម៉ោង៦ និង ៣០នាទីល្ងាច ថ្ងៃដដែល នៅត្រង់ចំណុចភូមិទួលស្នួល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីរន្ទះបាញ់ដូចគ្នានេះដែរ ដោយបានបាញ់ទៅលើបុរសម្នាក់ ឈ្មោះ ខ្មែត សាវេត អាយុ៥៤ឆ្នាំ រស់នៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ គឺនៅពេលកើតហេតុ ជនរងគ្រោះកំពុងតែបើកម៉ូតូ ដើម្បីទៅមើលស្រែ ស្រាប់តែត្រូវរន្ទះបាញ់ ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង ។


បន្ទាប់ពីកើតហេតុ គ្រួសាររបស់ជនរងគ្រោះ យំសោកសង្រេងយ៉ាងខ្លាំង ព្រោះតែបាត់បង់មនុស្សជាទីស្រលាញ់ ក្នុង១ប៉ព្រិចភ្នែក ទាំងពុំបានដឹងខ្លួនអ្វីទាំងអស់។ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕