សង្វេគណាស់!!! ជីដូនចងបន្លែរួច ដើរមករកចៅប្រុស ស្រាប់តែមើលក្នុងពាង ឃើញចៅកំពុងតែ… April 22, 2018

ខេត្តកណ្តាល៖ ក្មេងតូចម្នាក់ អាយុទើបតែជាង១ខួប បានលង់ទឹកពាងស្លាប់ យ៉ាងអាណោចអាធម ដោយសារតែការធ្វេសប្រហែសរបស់ជីដូន តែមួយប៉ព្រិចភ្នែក បានបាត់បង់ចៅជាទីស្រលាញ់ម្នាក់ ដោយហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ មេសា ២០១៨ នៅក្នុងភូមិកណ្តាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាត ខេត្តកណ្តាល។

បើតាមការរៀបរាប់ ពីអ្នកជិតខាង បានឲ្យដឹងថា កុមាររងគ្រោះ មានឈ្មោះ ឆាលី ឧត្តម ភេទប្រុស អាយុ១ខួប២ខែ ជនជាតិខ្មែរ មានឪពុកឈ្មោះ អាត ឆាលី អាយុ២៥ឆ្នាំ ប្រកបមុខរបរជាកសិករ និងម្តាយឈ្មោះ វ៉ា ស្រីណេ អាយុ២៣ឆ្នាំ មុខរបរជាកសិករ មានទីលំនៅភូមិកើតហេតុខាងលើ។

មុនពេលកើតហេតុ ម្តាយកុមាររងគ្រោះ បានទៅធ្វើការបាត់ ដោយទុកកូនប្រុសរងគ្រោះ ឲ្យជីដូនមើល ហើយដោយសារតែពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានលេងជាមួយក្មេងៗឯទៀត ដែលនៅជិតខាង ហើយនៅក្បែរនោះ មានពាងទឹកបួនប្រាំពាងផងដែរ ហើយពេលនោះជីដូន អាងតែក្មេងលេងជាមួយគ្នា ដូចធម្មតាទៅហើយ ក៏បានទៅចងបន្លែនៅខាងក្រោយផ្ទះ។

លុះដល់ម៉ោងកើតហេតុខាងលើ ពេលដែលជីដូនរួចដៃ ក៏បានដើរទៅរកចៅរបស់ខ្លួន ដើម្បីបញ្ចុកបាយដូចសព្វមួយដង ពេលនោះដោយរកមិនឃើញចៅ នៅកន្លែងដែលក្មេងៗធ្លាប់រត់លេង ក៏បានដើរទៅអើតមើលក្នុងពាង ស្រាប់តែឃើញចៅ ឈ្លក់ទឹកដាច់ខ្យល់ ស្លាប់នៅក្នុងពាងនោះ បាត់ទៅហើយ ទើបធ្វើឲ្យគាត់រន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ។

បន្ទាប់ពីកើតហេតុ កម្លាំងជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ និងបានបញ្ជាក់ថា ក្មេងរងគ្រោះពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ឡើយ គឺក្មេងរងគ្រោះពិតជាបានស្លាប់ ដោយសារតែឈ្លក់ទឹកពាង ពិតប្រាកដមែន ហើយក៏បានប្រគល់សព ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕