ដាច់ចិត្តដល់ម្លឹងផង!!! លោកសក្តិ៤កន្លះ ប្រើអំពើហិង្សាលើប្រពន្ធ ហើយបោះពូកខ្នើយ ដេញប្រពន្ធនិងកូន ដេកក្រៅផ្ទះ…

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១ រំលងអាធ្រាត ឈានចូលថ្ងៃទី២១ មេសា ២០១៨ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយ មន្ត្រីយោធានៃក្រសួងការពារជាតិ សក្តិ៤កន្លះម្នាក់ ត្រូវកងកម្លាំងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនបន្ទាប់ពីយោធារូបនោះ បានបង្កហិង្សាលើប្រពន្ធ ហើយបានបណ្តេញនាងចេញ ឲ្យទៅគេងនៅក្រៅផ្ទះជាមួយនិងកូនៗ ហេតុការណ៍នេះបានកើតឡើង ចំណុចបន្ទប់ជួលក្បែរបុរីភ្នំពេញថ្មី ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្ត្រីយោធាខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ ម៉ែន វីរៈ ហៅ វីរៈ អាយុ៣២ឆ្នាំ ជាវរសេនីយ៍ទោ នៃក្រសួងការពារជាតិ ដោយមានទីលំនៅក្នុងភូមិឃុំខាងលើ ចំណែកឯប្រពន្ធវិញ ឈ្មោះ កូវ សុវណ្ណលីណា ត្រូវបានប្តីប្រើអំពើហិង្សាមកលើ។

យោងតាមសម្តីរបស់ស្ត្រីជាប្រពន្ធ ដែលត្រូវប្តីប្រើហិង្សានោះ បានរៀបរាប់ប្រាប់ថា នាងបានរៀបការជាមួយបុរសជាប្តី តាំងពីឆ្នាំ២០០៩មកម្ល៉េះ ដោយមានកូន២នាក់ជាចំណងដៃ ហើយតាំងពីពេលដែលបានគ្នាជាប្តីប្រពន្ធមក ប្តីតែងតែប្រើពាក្យសម្តី ជេរប្រមាថឪពុកម្តាយ រហូតដល់ពូជអំបូររបស់នាងតែម្តង ហើយក៏បានប្រើអំពើហិង្សាមកលើរូបនាង ជាញឹកញាប់ផងដែរ ។ ដោយអត់ទ្រាំលែងបាននាងក៏បានប្តឹងលែងលះគ្នា ម្តងរួចមកហើយ តែក្រោយមកក៏មានការសម្របសម្រួល ពីឪពុកម្តាយរាងខ្លួន ក៏បានរស់នៅជាមួយគ្នាម្តងទៀត កាលពីឆ្នាំ២០១៧ ។

ស្ត្រីជាប្រពន្ធ បានរៀបរាប់បន្តទៀតថា ការរស់នៅជាមួយគ្នា ជាលើកទី២នេះ គឺប្តីរបស់គាត់មិនបាន ចោលចរិកចាស់នោះឡើយ គឺតែងតែផឹកស៊ីស្រវឹងនៅខាងក្រៅ ហើយពេលចូលមកដល់ផ្ទះ បានជេរប្រមាថ និងប្រើអំពើហិង្សា លើរូបនាងជាញឹកញាប់ រហូតដល់ថ្ងៃកើតហេតុខាងលើ ម៉ោង៩យប់ ពេលដែលគាត់ត្រលប់មកពីផឹកស៊ីវិញ បានជេរប្រមាថនាង និងប្រើហិង្សាលើរូបនាង ហើយបានបណ្តេញនាង និងកូនតូចៗ ព្រមទាំងបោះពូកខ្នើយ និងសម្លៀកបំពាក់ ឲ្យនាងដេកក្រៅផ្ទះជាមួយកូន យ៉ាងវេទនាទាំងកណ្តាលយប់ ។

បន្ទាប់ពីទទួលពាក្យបណ្តឹង ពីស្ត្រីជាប្រពន្ធរួចមក មន្ត្រីអាវុធហត្ថបានចុះទៅដល់ផ្ទះ ស្ត្រីរងគ្រោះនិងបានឃាត់ខ្លួនបុរសជាប្តី បញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃទីបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើតាមនិតិវិធីច្បាប់ ៕