អីលូវនេះ!!!មកស្តាប់មតិ២ផ្ទុយគ្នា រវាងម្តាយនារីរងគ្រោះ និងមិត្តភក្រឃាតករ…!

កណ្តាល៖ ករណីឃាតកម្មដ៏រន្ធត់មួយ ខណៈប្រពន្ធកំពុងជិះម៉ូតូ អតីតប្តីបានទាញកាំបិតដេញកាប់ប្រហារទាំងកណ្តាលថ្ងៃត្រង់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅជិតអនុវិទ្យាល័យកំពង់ចម្លង ខេត្តកណ្តាល ក្រោយបង្កហេតុជនដៃដល់បានជិះម៉ូតូយ៉ាងលឿន​ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានអ្នកលឿង។ ចង់ដឹងថា រឿងរ៉ាវយ៉ាងណា ដែលឈានដល់ការលើកដៃប្រហារគ្នានោះ ថ្ងៃនេះតារាញូស៍ សូមលើកយកមតិ២គឺខាងម្តាយជនរងគ្រោះ និងមិត្តភក្រឃាតករ មកជម្រាបជូនបងប្អូនដើម្បីពិចារណាទាំងអស់គ្នា។ នៅព្រឹកថ្ងៃកើតហេតុបុរសជាប្តីដែលបានលែងលះជាមួយប្រពន្ធជាង ២ខែមកហើយនោះ បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់​ខ្លួនថា «ជា​ចុង​ក្រោយ ទោះ​មិន​បាន​កើត​ក្នុង​ថ្ងៃ​តែមួយ ក៏​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ បង​ស្រលាញ់​អូន​អា​ណយ»។


ស្ត្រីវ័យចំណាស់ជាម្តាយជនរងគ្រោះបានរៀបរាប់ទាំងក្តីសោកសៅថា «កូនស្រីខ្ញុំបានរៀបការជាមួយបុរសជាឃាតករកាលពីខែមេសា ឆ្នាំ២០១៧ ហើយបានទៅរស់នៅខាងប្រុស លុះក្រោយមកកូនស្រី ចេះតែប្រាប់ខ្ញុំថា រង់នៅមិនចុះសម្រុងនឹងគ្នាទេ ព្រោះប្តីចេះតែរករឿងឈ្លោះ ហើយថែមទាំងបង្កហិង្សាលើនាង ពីបីដងទៀតផង ម្ល៉ោះហើយបានជានាងសម្រេចចិត្តលែងលះ»។ ទោះបីបានលែងលះគ្នាដាច់ស្រេចក្តី ប៉ុន្តែអតីតប្តីនៅតែមិនអស់អាល័យ ដោយព្យាយាមទាក់ទងជួបនាងដើម្បីត្រូវរ៉ូវគ្នា តែនាងមិនព្រម អញ្ចឹងហើយបានឃាតករគម្រាមថា «បើហ៊ានយកប្តីថ្មីនឹងសម្លាប់ចោល»។ ពេលថ្មីៗមុនពេលកើតហេតុ នារីរងគ្រោះ បានលេចឮដំណឹងថា ភ្ជាប់ពាក្យជាមួយបុរសថ្មី ទើបធ្វើឲ្យបុរសជាអតីតប្តីសម្លាប់ចោលតែម្តង។


បើតាមការលើកឡើងពីសំណាក់មិត្តភក្រឃាតករវិញបានបង្ហើបថា «ដំបូងឡើងជនរងគ្រោះ និងឃាតករជាប្តីប្រពន្ធនឹងគ្នា ដោយប្តីខិតខំធ្វើការណាស់ ប៉ុន្តែប្រពន្ធចេះតែរករឿងឈ្លោះមិនឈប់មិនឈរសោះ ហើយពេលប្តីនាំមិត្តភក្រនៅលេងផ្ទះ ប្រពន្ធមិនដែលទុកមុខឲ្យប្តីម្តងណាឡើយ អញ្ចឹងហើយបានបង្កជាហិង្សា»។ ចំណែកឯមិត្តជិតស្និទ្ធម្នាក់ទៀតបានប្រាប់ថា «ប្តីជាឃាតករដែលត្រូវខ្ញុំថា ឃើញប្រពន្ធគេនិយាយទូរស័ព្ទមួយប្រុសផ្សេងជាញឹកញាប់ ហើយនាងចេះតែទន្ទេញពាក្យលែងលះជាប្តីជាច្រើនដង លុះចុងក្រោយក៏លែងបានសម្រេច»។