ស្ទើរតែមិនជឿ!!អ៊ុំស្រីជាអ្នករើសអេតចាយម្នាក់ គាត់រើសបាន “កងដៃមាស” ហើយគាត់ឈរចាំម្ចាស់អស់រយៈពេល ២ ថ្ងៃ ពេលម្ចាស់មកដល់ បែរជាធ្វើឲ្យគាត់ស្រក់ទឹកភ្នែកទៅវិញ?

ថ្មីៗនេះវេបសាយបរទេសបានបង្ហោះរឿងរ៉ាវរបស់អ្នកលេងហ្វេសប៊ុកម្នាក់ ដោយបានរៀបរាប់ថា៖ នៅរសៀលថ្ងៃមួយនារដូវក្ដៅ អាកាសធាតុក្ដៅហួតហែង មានមនុស្សម្នាដើរផ្សារទិញអីវ៉ាន់មិនច្រើនប៉ុន្មានឡើយ។អាកាសធាតុក្ដៅបែបនេះមនុស្សភាគច្រើនតែងតែជ្រកក្នុងអគារដើម្បីស្រូបខ្យល់ម៉ាស៊ីនត្រជាក់ ញ៉ាំការ៉េម ឬបង្អែមត្រជាក់ៗផ្សេងទៀត ប៉ុន្ដែនៅក្បែរធុងសំរាមត្រង់ផ្លូវកែង លោកយាយម្នាក់វ័យប្រហែល ៧០ ឆ្នាំ បែរជាយកដៃកាយរកដបទឹកសុទ្ធមិនព្រមឈប់ឡើយ ដោយនៅជុំវិញខ្លួនគាត់មានរុយរោមទៀតផង។

លោកយាយចាស់ជរាម្នាក់នេះឈ្មោះ ឆាយ ក្នុងឆ្នាំនេះគាត់មានអាយុ ៦៨ ឆ្នាំហើយ ដោយកាលពីមុនគាត់ជាកសិករធ្វើស្រែចំការ ក្រោយមកកូនប្រុសរបស់គាត់បានទៅទិញផ្ទះនិងមានគ្រួសារនៅក្នុងទីក្រុង ក៏បានយកគាត់មករស់នៅជាមួយផងដែរ ប៉ុន្ដែក៏មិនដឹងឡើយថា គាត់ចាប់ផ្ដើមដើររើសអេតចាយតាំងពីពេលណា ព្រោះគាត់មិនដែលនិយាយឲ្យអ្នកណាដឹងឡើយថាហេតុអ្វីបានជាគាត់មកធ្វើបែបនេះ។


ជារៀងរាល់ថ្ងៃគាត់តែងតែស្ពាយការុងធំៗដើរតាមធុងសំរាមផ្សេងៗតាមជាយផ្លូវ សម្លឹងរកមើលដបទឹកសុទ្ធ លុះដល់ពេលល្ងាច គាត់ក៏យកដបទឹកសុទ្ធដែលរើសបានយកទៅលក់នៅកន្លែងទិញអេតចាយ រាល់ថ្ងៃគាត់រកលុយបានប្រហែល ៦,០០០-១,២០០រៀល សម្រាប់មនុស្សចាស់លុយប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ ថ្ងៃណាចាយមិនអស់ក៏សន្សំទុក លុយសន្សំរាល់ថ្ងៃគឺគាត់ដាក់ក្នុងហោប៉ៅអាវខាងក្នុងដែលគាត់ដេរដោយផ្ទាល់ដៃ ពេលយប់គឺគាត់សម្រាន្តនៅលើកៅអីវែងក្រោមស្ពាន មានផ្កាយរះព្រោងព្រាត ជីវិតរស់នៅបែបសប្បាយរបស់គាត់។

កូនប្រុសរបស់លោកយាយឆាយក៏ធ្វើការនៅក្នុងទីក្រុងនេះផងដែរ ជារៀងរាល់ថ្ងៃនាពេលព្រលប់គាត់តែងតែលួចមកឈរនៅមុខផ្ទះរបស់កូនប្រុសដោយស្ងាត់ៗប្រហែលមួយម៉ោង អ្វីដែលធ្វើឲ្យគាត់ឈឺចិត្តនោះគឺ ផ្ទះរបស់កូនប្រុសខ្លួន នៅខាងមុខគាត់ ប៉ុន្ដែគាត់មិនហ៊ានចូលទៅទេ ពេលវេលាកន្លងផុតទៅ អ្នករើសអេតចាយដូចគ្នាបានសួរគាត់ថា៖ “តើហេតុអ្វីមិនវិលត្រឡប់ទៅផ្ទះវិញ?” រាល់លើកយាយឆាយឆ្លើយថា៖ “ខ្ញុំបានធ្វើខុសចំពោះពួកគាត់ គា្មនមុខទៅជួបពួកគាត់ ទីនោះមិនមែនជាផ្ទះរបស់ខ្ញុំទេ”។


នៅយប់ថ្ងៃមួយ លោកយាយឆាយបានសម្រាន្តលក់នៅលើកៅអីវែងក្រោមស្ពាន ពេលគាត់ផ្អៀងខ្លួនក៏មានរបស់មួយបានរមៀលធ្លាក់ចុះពីលើខ្លួន គាត់មានអារម្មណ៍ថាលើកៅអីមានរបស់ម៉្យាងនៅខាងក្រោមខ្នងរបស់គាត់ គាត់បានស្រវាចាប់ឡើងមក ក៏ឃើញកងដៃធ្វើពីមាស គាត់ដើរទៅឆ្លុះមើលនៅកន្លែងមានភ្លើង នៅលើកងដៃក៏ឃើញមានត្បូងមានតម្លៃផងដែរ នេះច្បាស់ណាស់តម្លៃវាមិនតិតនោះទេ លោកយាយភ្ញាក់ខ្លួនព្រើត សម្លឹងមើលជុំវិញខ្លួន ហើយបានយកកងដៃញាត់ចូលទៅក្នុងហោប៉ៅលុយរបស់គាត់។

ព្រឹកព្រលឹមមេឃចាប់ផ្ដើមភ្លឺស្រឡះ លោកយាយនៅមិនទាន់ទៅណាឡើយ គាត់ដើរជុំវិញទីនោះហើយគិតថា៖ “ធ្វើបាត់របស់ថ្លៃយ៉ាងនេះ ម្ចាស់របស់ពិតជាកើតទុក្ខខ្លាំងហើយ” នៅថ្ងៃនោះគាត់មិនបានចេញទៅរើសអេតចាយទេ ប៉ុន្ដែគាត់នៅឈររង់ចាំម្ចាស់បាត់របស់នៅត្រង់នោះ នៅថ្ងៃបន្ទាប់លោកយាយឆាយបានដើរជុំវិញនៅខាងក្រោមស្ពាន គាត់បានឃើញស្ត្រីវ័យកណ្ដាលម្នាក់កំពុងតែសម្លឹងរករបស់អ្វីម៉្យាងនៅត្រើយស្ពានម្ខាងទៀត ក្នុងចិត្តគាត់គិតថាស្ត្រីម្នាក់នោះអាចប្រហែលជាម្ចាស់កងដៃដែលបាត់។

គាត់ត្រឡប់ទៅអង្គុយលើកៅអី ចាំមើលថាស្ត្រីម្នាក់នោះដើរមករកនៅត្រង់នេះអត់ ប្រសិនបើគាត់ដើរមករកគឺប្រាកដជាម្ចាស់កងដៃពិតៗ ពេលឃើញម្ចាស់កងដៃដើរមក អ្នកទាំងពីរសម្លឹងមើលមុខគ្នាដោយភាពភ្ញាក់ផ្អើល តាមពិតទៅអ្នកដែលធ្វើឲ្យកងដៃបាត់នោះគឺជាកូនប្រសារបស់គាត់ ទាំងពីរនាក់ឈរធ្មឹងគ្មានអ្នណានិយាយស្ដីអ្វីឡើយ។ពេលនោះកូនប្រសាក៏ចាប់ផ្ដើមនិយាយមុនថា៖ “ម៉ែ! គឺម៉ែមែនអត់? ម៉ែអត់បានទៅរស់នៅស្រុកស្រែទេមែនអត់? តើហេតុអ្វីបានជាមកទីនេះ?”

យាយឆាយបាននិយាយទាំងស្ទាក់ស្ទើរថា៖ “ម៉ែ អើ ម៉ែ អើ ម៉ែនៅមានអ្វីម្យ៉ាងដែលនៅធ្វើមិនទាន់បានសម្រេច ដូច្នេះហើយទើបមិនបានទៅ នៅប៉ុន្មានថ្ងៃទៀតម៉ែត្រឡប់ទៅវិញហើយ” កូនប្រសានិយាយត៖ “មួយខែកន្លងទៅនេះម៉ែមករើសអេតចាយមែនអត់? បើកូនប្រុសម៉ែដឹង តើគិតយ៉ាងណា ម៉ែធ្លាប់គិតអត់?”។

ពីមុនលោកយាយឆាយរស់នៅក្នុងផ្ទះជាមួយកូនប្រុសក៏មានសេចក្ដីសុខ ភាពទំនាក់ទំនងជាមួយកូនប្រសារក៏គ្មានអ្វីអាក្រក់ដែរ កូនប្រសាចូលចិត្តចិញ្ចឹមសត្វ ក៏បានទិញឆ្កែមួយក្បាលមកចិញ្ចឹម ប៉ុន្ដែយាយឆាយកាលនៅពីតូចធ្លាប់ត្រូវឆ្កែខាំ ធ្វើឲ្យគាត់ខ្លាចឆ្កែរហូតមកដល់សព្វថ្ងៃ ពេលឃើញកូនប្រសាដឹកឆ្កែមួយក្បាលមកចូលក្នុងផ្ទះ គាត់ប្រឹងព្យាយាមបំបាត់ភាពខ្លាច ដោយសារតែកូនប្រសាចូលចិត្តឆ្កែ គាត់ក៏ព្យាយាមជួយកូនប្រសាចិញ្ចឹមឆ្កែ។

នៅថ្ងៃមួយ កូនប្រសាបានប្រញាប់ចេញទៅធ្វើការ មិនបានបិទទ្វាររបងផ្ទះឲ្យបានត្រឹមត្រូវ កូនឆ្កែក៏បានរត់ចេញទៅក្រៅផ្ទះ ពេលកូនប្រសាត្រឡប់មកពីធ្វើការវិញមិនឃើញឆ្កែ បានយល់ច្រលំថាយាយឆាយជាអ្នកលែងឆ្កែឲ្យចេញទៅក្រៅ អ្នកទាំងពីរបានឈ្លោះគ្នា ទីបំផុតលោកយាយឆាយបានប្រាប់ថាគាត់មិនចេះរស់នៅក្នុងទីក្រុងទេ គាត់ចង់ទៅរស់នៅឯស្រុកស្រែវិញ តើអ្នកណាទៅដឹងទៅថាក្រោយពីលោកយាយឆាយបានចេញពីផ្ទះកូនប្រុស គឺមិនមែនទៅរស់នៅផ្ទះស្រុកស្រែទេ ប៉ុន្ដែដើម្បីកុំឲ្យកូនប្រសាយល់ច្រលំ គាត់បានសម្រេចចិត្តនៅក្នុងទីក្រុងបន្តដើម្បីរកឆ្កែឲ្យឃើញ ប្រសិនបើរកមិនឃើញគាត់ថានឹងយកលុយដែលសន្សំបានទៅទិញឆ្កែមួយក្បាលទៀតដែលស្រដៀងគ្នាឲ្យកូនប្រសា ដូច្នេះហើយទើបធ្វើឲ្យគាត់ត្រូវស្វែងរកយ៉ាងនេះអស់រយៈពេលមួយខែ ប៉ុន្ដែក៏នៅរកមិនឃើញ។


យាយឆាយនិយាយចប់ភ្លាម បានលូកយកកងដៃចេញពីហោប៉ៅមកឲ្យកូនប្រសាហើយនិយាយថា៖ “មួយនេះជារបស់កូនមែនអត់? រក្សាទុកឲ្យបានល្អណា កុំឲ្យបាត់ទៀត” ពេលកូនប្រសាដឹងហេតុផលដែលម៉ែក្មេកត្រូវមករើសអេតចាយលក់ ក៏ស្រក់ទឹកភ្នែក ហើយនិយាយថា៖ “ឲ្យកូនសុំទោសណាម៉ែ ដែលឆ្កែបាត់នោះគឺជាកំហុសរបស់កូន នៅថ្ងៃនោះខ្ញុំយកតែអារម្មណ៍ខ្លួនឯងហើយបានយល់ច្រលំលើម៉ែ នៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពក៏បានឃើញថាឆ្កែរត់ចេញទៅក្រៅផ្ទះដោយខ្លួនឯង បើម៉ែមិនចូលចិត្តឆ្កែ ខ្ញុំលែងចិញ្ចឹមទៀតហើយ”។

យាយឆាយពេលឮកូនប្រសានិយាយបែបនេះក៏ក្ដុកក្ដួលក្នុងចិត្តរហូតដល់ស្រក់ទឹកភ្នែក៖ “មិនអីទេ គឺម៉ែជាអ្នកខុស មិនបានមើលផ្ទះឲ្យបានល្អ អ្វីដែលកូនចូលចិត្ត មិនយូរទេម៉ែក៏ចូលចិត្តដូចគ្នាដែរ” និយាយចប់ភ្លាម អ្នកទាំងពីរបានញញឹមដាក់គ្នា ចុងក្រោយកូនប្រសាក៏បានជួយរើសអេតចាយ ហើយក៏បាននាំគ្នាវិលត្រឡប់ទៅផ្ទះកូនប្រុសវិញ។