និស្សិតស្រីវ័យក្មេងម្នាក់ប្រឡងពេទ្យធ្លាក់ លោតទឹកសម្លាប់ខ្លួន

ខេត្តស្វាយរៀង៖ និស្សិតស្រីវ័យក្មេងម្នាក់តូចចិត្តនឹងការប្រឡងធ្លាក់ពេទ្យថ្នាក់ជាតិ ធ្វើឲ្យនាងកើតទុក្ខមួម៉ៅក្ដៅក្រហាយក្នុងចិត្ត បែរជាមានគំនិតគិតខ្លី ដើរទៅលោតទឹកសម្លាប់ខ្លួន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅក្នងរណ្ដៅដីមួយកន្លែង នៅខាងជើងអគារបុគ្គលិក Las Vegas Sun ស្ថិតក្នុងក្រុងបាវិត។

យោងតាមគណនីហ្វេសប៊ុក Sothy Bavet បានសរសេរសារយ៉ាងក្រៀមក្រំមួយថា ប្អូនស្រី​របស់គាត់បាន​ប្រឡង​ពេទ្យ​ថ្នាក់ជាតិ តែនាងមិនភ័ព្វសំណាង បានប្រឡងជាប់នឹងគេ ទើបធ្វើឲ្យនាងកើតទុក្ខនៅក្នុងចិត្ត ហើយគិត​ខ្លី ដើរទៅ​លោតទឹក​សម្លាប់ខ្លួន​ ទាំងនាងទើបមានអាយុនៅក្មេងខ្ចីបែបនេះទៅវិញ។

គណនីដដែល​ បានបន្តថា “ខ្ញុំ​មានទុក្ខ​ជា​ទម្ងន់ ​ដោយសារ​ប្អូនស្រី​បានគិត​ខ្លី ​ដាច់ចិត្ត​លោតទឹក​សម្លាប់ខ្លួន នៅក្នុង​រណ្ដៅដី នា​ខាងជើង​អគារ​បុគ្គលិក Las VeGas Sun បាវិត នា​រសៀល​ល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨​នេះ។ រហូតមកដល់​ម៉ោង​នេះ​ មាន​បងប្អូន​ជួយ​បង់​សំណាញ់៥ទៅ៦ដង​ហើយ តែ​នៅតែ​រក​មិនឃើញ ពីព្រោះទឹក​ជ្រៅ​ពេក។

គណនីដដែល បានសរសេរបន្តថា “មហា​សែន​សោកស្តាយ​ណាស់​ប្អូនស្រី បើ​រៀន​ពេទ្យ៨ទៅ៩ឆ្នាំ​ហើយ ប្អូន​ប្រឡង​ពេទ្យ​ថ្នាក់ជាតិ​មិនជា​ប់​ នៅឆ្នាំនេះ ប្អូនស្រីអាច​ប្រឡង ​នៅឆ្នាំក្រោយ​ទៀតបានតើ? ម្តេចក៏​ប្អូន​គិត​ខ្លី​យ៉ាងនេះ? ប្អូន​លាក់​សញ្ញាបត្រ​ពី​ប៉ា​ទៀត ប្អូន​ប្រាប់​ម៉ាក់​ថា ​រៀន​ពេទ្យ ឥឡូវ​ធ្លាក់អ៊ី​ចឹ​ង។ តែ​ម៉ាក់​ប្រាប់ថា ចង់​ឲ្យ​ប្អូន​មាន​អនាគត​ល្អ ឲ្យ​ស្រណុកខ្លួន​ទៅ​ថ្ងៃមុខ ដឹង​ទេ? ​ក្នុងចំណោម​កូន​ទាំងអស់ ម៉ាក់​ប៉ា​ស្រលាញ់​ប្អូនឯង​ជាងគេ”។

នៅលើគណនីដដែលនោះ បានសរសេរសារដ៏ក្រៀមក្រំបន្តទៀតថា ប្អូនស្រីជាទីស្រលាញ់! មិនយូរ តែប៉ុន្មានម៉ោងទៀតនេះ សពប្អូននឹងត្រូវបូជាហើយ។ បងខំសុំច្បាប់ពីក្រុមហ៊ុន១ថ្ងៃថា នឹងទៅឆ្លងថ្ងៃចូលឆ្នាំចុងក្រោយ តែមិននឹកស្មានថា ថ្ងៃសម្រាកនេះ បែរជាថ្ងៃមកបីត្រកងសពប្អូនឯងចេញពីទឹកសោះ! តើឲ្យបងទទួលយកម្តេចនឹងបាន? ប្អូនឯងទៅមែន តែប៉ាម៉ាក់ និងបងៗ ព្រមទាំងក្មួយរបស់ប្អូន​ឯងយំសោកបោកខ្លួន តាំងពីកន្លែងកើតហេតុ រហូតដល់ផ្ទះពុំស្រាកស្រាន្តសោះឡើយ។ គ្រប់យ៉ាងឯងមានទាំងអស់ ព្រោះប៉ាម៉ាក់បានរៀប​ចំទុកឲ្យយ៉ាងស្អាត រហូតដល់បងៗរបស់ប្អូនឯងលួចច្រណែន។

សារដដែលបានបន្តថា រាល់កាយវិការ សើចក្អាកក្អាយរាល់ថ្ងៃជាមួយគ្នា រាល់ពាក្យសម្ដីដែលណែនាំរបស់បងប្អូន គឺចង់ដាស់តឿនឲ្យប្អូនឯងល្អ។ ប៉ុន្តែឥឡូវកាយវិការ និងពាក្យសម្ដីទាំងនោះ គឺលែងមានតទៅទៀតហើយ ពីព្រោះប្អូនឯងលាពីពួកយើងហើយ ហើយការលានេះ គឺគ្មានថ្ងៃវិិលត្រឡប់វិញឡើយ។ បើប្អូនឯងដឹងថា មានសម្ពាធធ្ងន់ ក្នុងការរៀនសូត្រ ម្តេចប្អូនឯងមិនដាក់ចុះ? ម្តេចក៏ប្អូនមិនព្រមនិយាយអ្វីមួយម៉ាត់សោះអ៊ីចឹង? ប្អូនឯងលាក់ទុក តែក្នុងចិត្តរហូត ហើយដាច់ចិត្តទៅចោលពួកយើងទាំងគ្មានក្តីអាល័យបែបនសោះ? ពួកយើងពិតជាសោកស្តាយប្អូនឯងខ្លាំងណាស់! ទឹកភ្នែកបងស្រក់ទៀតហើយ! បងស្រក់ទឹកភ្នែក មកជួនដំណើរប្អូនទៅឲ្យបានសុខណាប្អូនសម្លាញ់។


ក្រោយពេលស្រងស់សាកសពរួច​ សាច់ញាតិបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ និងរៀបចំធ្វើបុណ្យតាមប្រពៃណី ហើយនឹងបូជា​សពរបស់នារីរងគ្រោះ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅឯស្រុុកកំណើតរបស់នាង៕