កូនប្រសារតិរច្ឆាន!!! ត្រឡប់ពីផឹក ទាស់ពាក្យសម្ដី រុញឪពុកក្មេក បោកក្បាលនឹងគល់ឈើ

ខេត្តក្រចេះ៖ កូនប្រសាមានចិត្តជាសត្វតិរច្ឆានម្នាក់ បានចាប់ឪពុកក្មេក រុញទម្លាក់ដី បោកក្បាលនឹងគល់ឈើ បណ្ដាលឲ្យរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្នោត ឃុំស្រែជេះ ស្រុកសំបូរ។

ប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា​ មុនពេលកើតមាននូវអំពើហិង្សានោះ ជនសង័្សយទើបនឹងត្រឡប់មកពីផឹក ហើយទាស់ពាក្យសម្ដី​គ្នាជាមួយនឹងឪពុកក្មេក ស្រាប់តែគេផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ស្ទុះទៅរុញច្រានឪពុកក្មេក ធ្លាក់ពីលើគ្រែ បោកក្បាលទៅលើគល់ឈើ បណ្ដាល​ឲ្យរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន។

មន្ត្រីនគបាលស្រុកសំបូរ បានឱ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងអំពើហិង្សាដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ស៊ូ ចេត ភេទប្រុស អាយុ​៣២ឆ្នាំ ជនជាតិដើមភាគតិចមិល។ រីឯជនរងគ្រោះ ឈ្មោះ ព្លូត តូប ភេទប្រុស អាយុ៧៨ឆ្នាំ ជនជាតិដើមភាគតិចក្រោល។ ពួកគេទាំង​២នាក់ ឪពុកក្មេក និងកូនប្រសា មានលំនៅក្នុងភូមិ-ឃុំកើតហេតុ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ មកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្រែជេះ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕