ពិតជាគួរឲ្យអាណិតណាស់​! ស្រីមាន​ផ្ទៃ​ពោះស្ទើរគ្រប់ខែត្រូវបានគេវាយទាត់ធាក់យ៉ាងព្រៃផ្សៃដោយសាររឿងមួយនេះ

ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ត្រូវបាន​គេ​ចាប់ចង​នឹង​បង្គោល​ធំ​មួយ និង​វាយ​ដុំ​ច្រំ​ធាក់​យ៉ាង​សាហាវ​រហូត​សន្លប់ បន្ទាប់ពី​នាង​ចូលមកក្នុង​ភូមិ​វិញ នៅក្នុង​ខេត្ត Zhejiang ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ទីកន្លែង​ដែល​នាង​ត្រូវបាន​ចោទប្រកាន់​លួច​លុយ​អ្នកភូមិ​មួយ កាលពី​១០​ថ្ងៃមុន ។​

​វីដេអូ​ថ្មី​មួយ​ដែល​ត្រូវបាន​បង្ហោះ​ចែករំលែក​លើ​អន​ឡាញ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​វ័យក្មេង​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ពោះធំ ដោយ​ដៃ​ត្រូវបាន​ចង​ព័ទ្ធ​ទៅក្រោយ​នឹង​បង្គោល ។ បុរស​ម្នាក់​ត្រូវ​បានឃើញ​ទាញ​បោចសក់​នាង និង​វាយ​ទាត់​ធាក់​យ៉ាង​សាហាវ ដោយ​ពុំ​អាសូរ​ទារក​ក្នុង​ផ្ទៃ​របស់​នាង​ឡើយ រហូត​ទាល់តែ​នាង​ទន់ដៃទន់ជើង​សន្លប់​ដួល​ទៅនឹង​ដី​តែម្តង ។​

​ប៉ូលីស​បាន​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​នោះ​មាន​អាយុ ២៨ ឆ្នាំ ត្រូវបាន​វាយ​ធ្វើបាប​យ៉ាង​សាហាវ​បែបនេះ គឺ​បន្ទាប់ពី​នាង​វិល​ត្រឡប់មក​ក្នុងភូមិ​វិញ កាលពី​ថ្ងៃ​សៅរ៍​មុននេះ ។ នាង​ត្រូវបាន​គេ​ចោទប្រកាន់​លួច​លុយ​អ្នកភូមិ​មួយចំនួន ៩០០ យ័ន (​ប្រហែល ១៤០ ដុល្លារ​) កាលពី​ខែ​មុន ។​
ចំណែក​បុរស​ដែល​វាយ​នាង​នោះ ត្រូវបាន​ចាប់ឃុំខ្លួន​រយៈពេល ៨ ថ្ងៃ និង​ផាកពិន័យ ៣០០ យ័ន (​ប្រហែល ៥០ ដុល្លារ​) ។​

​ប៉ូលីស Taizhou បានចេញ​សេចក្តីថ្លែងការណ៍​នៅលើ Weibo ថា បន្ទាប់ពី​ចាប់បាន​លួច ពួក​អ្នកភូមិ​បាន​ដោះលែង​នាង​ដោយ​ពុំ​ប្រាប់​ប៉ូលីស​ទេ ដោយសារ​នាង​ប្រគល់​លុយ​ឲ្យ​គេ​វិញ ។ ប៉ុន្តែ នៅពេល​អ្នកភូមិ​បានឃើញ​នាង​ប្រព្រឹត្ត​ទង្វើ​នេះ​ម្តងទៀត ពួកគេ​ក៏​សម្រេចចិត្ត​ផ្តល់​មេរៀន​ដល់​នាង​បែបនេះ​ទៅ ។ ទោះយ៉ាងណា ក្រោយពេល​រង​ការវាយដំ​យ៉ាង​សាហាវ ស្ត្រី​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​ព្យាបាល​របួស និង​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់មកផ្ទះ​វិញ​ផងដែរ ប៉ុន្តែ នៅតែ​ស្ថិតក្រោម​ការឃ្លាំមើល​ពី​អំពើចោរកម្ម​ពីមុន​របស់​នាង ។​
​របាយការណ៍​ប៉ូលីស​នៅបាន​បញ្ចេញ​ឲ្យ​ដឹងថា នាង​ត្រូវបាន​គេ​ដាក់ទណ្ឌកម្ម​ចំនួន ៣ ដង មកហើយ សម្រាប់​បទល្មើស​ស្រដៀង​គ្នា​នេះ ៕