ហួសចិត្តនឹងបុរសជនជាតិរៀតណាម ទិញគោក្របីខ្មែរ៣ក្បាល ឲ្យលុយដុល្លារក្លែងក្លាយ ម្ចាស់ប្រើល្បិច ក្របួចកជាប់

ខេត្តស្វាយរៀង៖ ​ កាលពី​វេលា​ម៉ោង​៩ និង​២៥​នាទី​ព្រឹក ​ថ្ងៃ​ទី​១៩ មេ​សា ស្ថិត​ក្នុងភូមិ​វាល​ សង្កាត់ច្រក​ម្ទេស ក្រុងបា​វិតមានករណីដ័ចម្លែកមួយបានកើតឡើេងដោយសារតែជនជាតិ​វៀត​ណា​មម្នាក់ បានដើរទិញគោក្របីរបស់ប្រជាពលរដ្ឋខែ្មរ បែរជាឲ្យលុយដុល្លារសែនខ្មោច ទើបម្ចាស់ប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា ជនសង្ស័យឈ្មោះ លី ហ្វៀងខាង ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម មានលំនៅភូមិ ឡុងហ៊ឹង ឃុំឡុងធឹង ស្រុកប៊េនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ព្រមទាំងដកហូតលុយដុល្លារក្លែងក្លាយជាប់ខ្លួនចំនួន២០០ដុល្លារផងដែរ ។

ចំណែកម្ចាស់សត្វគោក្របីដែលរងគ្រោះមាន៣នាក់ ឈ្មោះ ស្រី ស៊ន់ ភេទប្រុស អាយុ ៥២ឆ្នាំ, ឈ្មោះ ស្រី វៀន ភេទប្រុស អាយុ៦៥ឆ្នាំ និងឈ្មោះ ចាន់ សារឿន ភេទស្រី អាយុ ៦៣ ឆ្នាំ ។ ដោយអ្នកទាំង៣នាក់មានទីលំនៅភូមិវាល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមម្ចាស់ក្របីបានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ពួកគាត់ បានលក់ក្របីចំនួន២ក្បាលនិងគោ១ក្បាលទៅឲ្យជនសង្ស័យខាងលើក្នុងតម្លៃ២.៣០០ដុល្លារ ដោយពេលប្រគល់លុយ គឺឲ្យសុទ្ធតែលុយដុល្លារអាមេរិកទាំងអស់ ។

ប្រភពបន្តថា លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ពួកគាត់ទាំង៣នាក់ ទើបដឹងថា ប្រាក់ដុល្លារដែលជនសង្ស័យប្រគល់ឲ្យថ្លៃលក់ក្របីគោនោះ សុទ្ធតែក្រដាស់ប្រាក់ក្លែងក្លាយទាំងអស់ ទើបរត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ ហើយពិនិត្យឃើញថា ប្រាក់ចំនួន២០០០ដុល្លារ គឺសុទ្ធជាប្រាក់ក្លែងក្លាយទាំងអស់ ទើបសមត្ថកិច្ចឲ្យ ម្ចាស់ក្របីទំនាក់ទំនងតាមក៏ទូរសព្ឌ័ទៅជនសង្ស័យឡើងមកយកក្របីមួយក្បាលទៀត ខណៈជនសង្ស័យមកដល់ សមត្ថកិច្ចមូលដ្ឋាន ក៏បាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ហើយនៅពេលនោះ សមត្ថកិច្ចត្រួតពិនិត្យលើខ្លួនជនសង្ស័យក៏ឃើញមានប្រាក់ដុល្លារក្លែងក្លាយ ចំនួន២០០ ដុល្លារទៀត ។ សរុបប្រាក់ក្លែងក្លាយដែលសមត្ថកិច្ចដកហូតបានគឺ២២០០ដុល្លារ ។


បច្ចុប្បន្ន សមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូន ទៅការិយាល័យនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការតាមច្បាប់ ៕