នៅក្មេងណាស់ប្អូនហេតុអ្វីបានជាទៅចាប់រំលោភប្អូនស្រីទៅវិញ…

ខេត្តបាត់ដំបង ៖ យុវជនឈាមរាវម្នាក់ឆ្លៀតពេលមិនមានមនុស្សចាស់នៅក្នុងផ្ទះ ក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើប្អូនស្រីជីដូនមួយរបស់ខ្លួនម្នាក់ ដែលទើបនឹងមានអាយុ៦ឆ្នាំ រហូតដល់បានសម្រេច លុះក្មេងស្រីរងគ្រោះយករឿងរ៉ាវប្រាប់ម្តាយឱ្យដឹង ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។
ករណីបងប្រុសចាប់រំលោភប្អូនស្រីជីដូនមួយខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រុម១៦ ភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល។
ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះឌ.ស.ណ អាយុ៦ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយរបស់ជនសង្ស័យ និងមានលំនៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា។


តាមសម្តីក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលនាងកំពុងដើរលេងនៅក្បែរផ្ទះតែម្នាក់ឯង ស្រាប់តែលេចមុខបងប្រុសជីដូនមួយ (ជនសង្ស័យ) បានដើរចូលមកក្នុងផ្ទះរបស់នាង បន្ទាប់មក ជនសង្ស័យបានចាប់អូសដៃរបស់នាងចូលទៅក្នុងផ្ទះ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់សម្រាតខោអាវនាងចេញអស់ រួចក៏ចាប់នាងរំលោភទាំងកំរោលរហូតដល់បានសម្រេចតែម្តង។
ក្រោយកើតហេតុ នៅពេលដែលឪពុកម្តាយត្រឡប់មកដល់ផ្ទះវិញ ក្មេងស្រីរងគ្រោះបានរៀបរាប់រឿងរ៉ាវប្រាប់ម្តាយគ្មានសល់ ទើបស្ត្រីជាម្តាយបាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើរួចមក សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ចាប់ខ្លួនជនសង្ស័យឈ្មោះសិទ្ធ នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាល។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចអ្វីដែលក្មេងស្រីរងគ្រេះចោទប្រកាន់មែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕