រវល់យ៉ាងណា ៖ ឆាយ វីរៈ យុទ្ធមិនភ្លេចឱកាសយល់ចិត្តភរិយាកូនសេដ្ឋី

សៀមរាប៖ក្រោយពីវិលត្រលប់ពីមហាសង្រ្កាន្តដ៏មមាញឹកគ្មានពេលសម្រាកនៅទឹកដីខេត្តសៀមរាប ដើម្បី​អប​អរឆ្នាំ​ថ្មីប្រពៃណីខ្មែរបីថ្ងៃពេញដែលទើបតែកន្លងផុតទៅថ្មីៗនេះ តារាចម្រៀងជ្រកទ្រនំនៅផលិតកម្មសាន់ ដេ និងជាកូនប្រសារសេដ្ឋីរោងម៉ាស៊ីនស្រូវអង្ករ លោក ឆាយ វីរៈ យុទ្ធ ក៏ឆ្លៀតនាំប្រពន្ធជាទីស្រលាញ់​និងក្រុម​គ្រួ​សារ​ដើរលេងយ៉ាងសប្បាយ នៅភ្នំគូលែន ហើយបានបង្ហោះរូបថតផ្អែមល្ហែមយ៉ាងព្រោងព្រាត នៅក្នុង​បណ្ដាញ​សង្គម។


អមជាមួយនឹងស្នាមញញឹមដ៏រីករាយនិងកក់ក្ដៅជាមួយក្រុមគ្រួសារ ដោយកាន់ផ្លែឈើជាប់ដៃ ផងនោះ លោក ឆាយ វីរៈយុទ្ធ ពោលថា « បន្ទាប់ពីចូលឆ្នាំខ្មែររយៈពេលបីថ្ងៃ ទើបមានឱកាសមកកំសាន្តនៅពើងប្រចៀវ និង​ស្រះដំរីនៅលើភ្នំគូលែន ខេត្តសៀមរាប»។ តារាចម្រៀងដែលឧស្សាហ៍នាំភរិយា​ដើរកម្សាន្តរូបនេះបន្ត​ទៀត​ថា « វាជាដំណើរកំសាន្តដ៏រីករាយ ជាមួយអាកាសធាតុដ៏ត្រជាក់ និងការបេះផ្លែឈើព្រៃតាមដងផ្លូវ ដូចជាផ្លែភ្ញៀវ និង​ផ្លែគូលែនដែលខានផ្លែអស់រយៈពេល3ឆ្នាំមកហើយ»។