បង្គោលភ្លើងមរណៈនៅតែបន្តគ្រោះថ្នាក់ រហូតធ្វើឲ្យ ឌួង ឆាយ ទ្រាំមិនបាន

ភ្នំពេញ៖ ផ្លូវមួយខ្សែកណ្តាលរាជធានីភ្នំពេញបានធ្វើឲ្យប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំង ខណៈផ្លូវនោះមានបង្គោលភ្លើងនៅចំកណ្តាលផ្លូវ បង្កឲ្យមានគ្រោះថ្នាក់ជាច្រើនលើកច្រើនសាទាំងឡាន និងម៉ូតូ ហើយគ្រោះថ្នាក់ភាគច្រើននៅពេលយប់។

យ៉ាងណាមិញ មានជនរងគ្រោះប្រមាណ បីបួននាក់ហើយបានរងរបួស និងស្លាប់បាត់បង់ជីវិតដោយសារជិះបុកបង្គោលភ្លើង មានសភាពខិតជិតចូលមកកណ្តាលផ្លូវ ដែលផ្លូវនោះមានឈ្មោះថា ផ្លូវហាណូយ។

ដោយឃើញគ្រោះថ្នាក់ជាញឹកញាប់នោះ លោកឧកញ៉ា ឌួង ឆាយ បានលើកឡើងថា «សំណាងហើយម្ចាស់​ឡានអត់បុកបាក់បង្គោល, កុំអីត្រូវសងទៀតពីព្រោះជាកំហុសអ្នកបើកបរអត់មើល។ ខ្ញុំសង្កេតឃើញគ្រាន់បើតែក្នុងយុទ្ធនាការ 100 ថ្ងៃដំបូងប៉ុណ្ណោះ, ចប់ពីនោះទៅស្ងាត់ឈឹង។ ផ្លូវ north bridge នេះដោះស្រាយដូចជាមិនចេញសោះ, សាកសពឡានលិចទឹក និងបុករាប់មិនអស់»។