គួរអោយរន្ធត់ !! ជិៈម៉ូតូដេញតាមកាប់សម្លាប់នាងរួចហើយ បើកម៉ូតូមកលោត ពីលើស្ពានអ្នកលឿងសម្លាប់ខ្លួនឯងទៀត

ខេត្តកណ្ដាល៖ បុរសកំណាចម្នាក់ខឹងប្រពន្ធសុំលែងលះគ្នា ទាញកាំបិតកាប់ប្រហារទៅលើប្រពន្ធរបស់ខ្លួន ធ្លាក់ពីលើម៉ូតូ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកំពង់ចម្លង ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំកំពង់ទម្លាប់ ស្រុកលើកដែក។



ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃនោះ គេឃើញស្រ្ដីរងគ្រោះបានជិះម៉ូតូម៉ាក​ហ្ស៊ូមឺរ ពាក់ស្លាកលេខ 1U-2388 ចូលទៅក្នុងបរិវេណសាលាបឋមសិក្សា​ និងអនុវិទ្យាល័យកំពង់ចម្លង។ លុះបន្តិចក្រោយមក ស្រាប់​តែឃើញបុរសជាប្ដីបានដេញកាប់ប្រពន្ធ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូ ស្លាប់យ៉ាងអណោចអធ័ម នៅក្នុងថ្លុកឈាម ហើយជិះម៉ូតូគេចខ្លួនបាត់។ ប៉ុន្តែបើតាមពួកគាត់គិត គឺអាចផ្ដើមចេញពីរឿងប្រចណ្ឌ ឬក៏ប្រពន្ធសុំលែងលះក៏ថាបាន។


មន្ត្រីនគរបាលស្រុកលើកដែក បានឲ្យដឹងថា ស្រ្ដីរងគ្រោះ ឈ្មោះ ទន់ ស្រីណយ អាយុ២០ឆ្នាំ។ ចំណែកជនសង្ស័យ​ ឈ្មោះ រ៉ា ឆៃរ៉ាត់។ ក្រោយពេលធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះរួចហើយ ជនសង័្សយបានជិះម៉ូតូឡើងស្ពានតឺបាស្សា (ស្ពានអ្នកលឿង)។ លុះពេលគេបើកម៉ូតូមកដល់ពាក់កណ្តាលស្ពាន ក៏ចតម៉ូតូចោល ហើយលោតចូលទៅក្នុងទន្លេបាត់។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនសង័្សយមិនទាន់ឃើញងើបឡើងមកលើ​គោក​​នៅឡើយ ហើយសមត្ថកិច្ចនគរបាលស្រុកកំពុងឡោមព័ទ្ធជុំវិញតំបន់នោះ ដើម្បីតាមចាប់ខ្លួនជនល្មើស នាំមកមកផ្តន្ទាទោសតាមផ្លូវច្បាប់។





ទោះជាយ៉ាងណា សមត្ថកិច្ចមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់អំពីករណីឃាតកម្មនេះ ថា តើវាផ្ដើមចេញមកពីអ្វីឲ្យបានពិតប្រាកដនោះទេ ទើបបុរសនោះហ៊ានលើកដៃកាប់សម្លាប់ប្រពន្ធបែបនេះ៕