ពិតជាថ្លើមធំណាស់!!! ជិះម៉ូតូកាត់ក្បួនរថយន្ត របស់សម្តេចតេជោ ហ៊ុន សែន ត្រូវសមត្ថកិច្ចតាមចាប់បាន…

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ មេសា ២០១៨ មានយុវជន៣នាក់ បានជិះម៉ូតូ១គ្រឿង ឌុបគ្នាឆ្លងកាត់បារ៉ាស់ការពារក្បួន រថយន្តរបស់សម្តេចហ៊ុនសែន នៅត្រង់ចំណុចផ្លូវជាតិលេខ៦ មុខសណ្ឋាគារស៊ីធីអង្គរ ក្នុងក្រុងសៀមរាប ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំង៣នាក់ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងដែលជិះម៉ូតូ កាត់មុខក្បួនរថយន្តរបស់សម្តេចហ៊ុន សែន នោះមាន ទី១ឈ្មោះ ឡុង ឡែម អាយុ២៤ឆ្នាំ ជាអ្នកបើកម៉ូតូ ទី២ឈ្មោះ ដាង ដេត អាយុ១៩ឆ្នាំ និងទី៣ ឈ្មោះ ព្រេម ពេត អាយុ១៩ឆ្នាំ ក្មេងទាំង៣នាក់នេះ មានទីលំនៅក្នុងភូមិអង់ដង្គន់ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

មុនពេលកើតហេតុ គេបានឃើញក្មេងទាំង៣នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1K-1179 ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត លុះពេលធ្វើដំណើរដល់ចំណុចកើតហេតុ ក្រុមក្មេងទំនើងទាំង៣នាក់ ពុំបានឈប់តាមការឃាត់ របស់អាជ្ញាធរឡើយ ក៏បានជិះកាត់ក្បួនរបស់រថយន្ត របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងតែធ្វើដំណើរចេញពី សណ្ឋាគារស៊ីធីអង្គរ បត់ចូលក្នុងសណ្ឋាគារឡូទុសប្លង់។

បន្ទាប់ពីឃាត់ខ្លួនបាន សមត្ថកិច្ចបានបញ្ជូនក្មេងទាំង៣នាក់ខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់គោកចក ដើម្បីធ្វើការត្រួតពិនិត្យបន្ត ៕