រន្ធត់ណាស់លោកអើយ!!! បើករថយន្តថយក្រោយមិនប្រយ័ត្ន បណ្ដាលឲ្យកិនក្មេងស្រីម្នាក់ស្លាប់ភ្លាមៗ

រថយន្ដកាមេរីឆ្លាម១គ្រឿង បើកថយក្រោយមិនមានការប្រុងប្រយ័ត្ន ស្រាប់តែកិនក្មេងស្រីម្នាក់ មានវ័យទើបតែ១ខួប ៦ខែ បណ្ដាលឲ្យធ្លាយខួរចេញមកខាងក្រៅស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈអ្នកបើកបរ ជាមួយនិងរថយន្ដ ត្រូវនគរបាលឃាត់ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យអាសូរនេះ បានកើតឡើងនៅម៉ោង១១៖៣០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចមុខផ្ទះគ្មានលេខ ក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះ ត្រូវបានគេស្គាល់ថា មានឈ្មោះ ពុទ្ធ លក្ខណា អាយុ១ខួប៦ខែ មានឪពុកឈ្មោះ ពុទ្ធ ប៊ុនថន អាយុ២៨ឆ្នាំ មុខរបរបើកឡាន និងម្តាយឈ្មោះ គង់ ស៊ីចាន់ អាយុ២៦ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅក្បែរទីតាំងកើតហេតុ។ ឯរថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2Q-4513 អ្នកបើកបរមានឈ្មោះ សាន់ នី ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរលក់ដូរ មានទីលំនៅ ភូមិកណ្តាលទួល ឃុំកំពង់ត្រាចលិច ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នស្នាក់នៅក្បែរភូមិ-សង្កាត់កើតហេតុ។


បើតាមស្ត្រីជាម្ដាយរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ «ម្ដាយ» កំពុងធ្វើម្ហូប និងបានប្រើឲ្យកូនប្រុសអាយុ៥ឆ្នាំម្នាក់ទៀត ដើម្បីទៅទិញម្រេច ដោយមិនបានដឹងថា កូនស្រីអាយុ១ខួប៦ខែនោះ «ក្មេងស្រីរងគ្រោះ» រត់ទៅតាមពីក្រោយជាមួយបងប្រុសឡើយ ស្រាប់តែមួយសន្ទុះ ឮសូរសម្លេងស្រែក ទើបគាត់ចេញពីក្នុងផ្ទះ ទៅមើលបែរជាឃើញកូនស្រី អាយុ១ខួប៦ខែ ត្រូវរថយន្ដបើកកិនបែកក្បាលធ្លាយខួរស្លាប់ បាត់បង់ជីវិតយ៉ាងអាណោចអាធម៌ទៅហើយ តែអ្នកបើកបរ ជាមួយនិងរថយន្ដត្រូវបានអ្នកជិត ខាងឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន រងចាំបញ្ជូនទៅកាន់ការិយាល័យចរារណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា ទៅតាមច្បាប់នៅពេលក្រោយ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនក្មេងស្រីស្លាប់បាត់បង់ជីវិត គេបានឃើញរថយន្តខាងលើ បើកតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ដែលមានរោងការនៅបាំងបើកទៅមុខមិនរួច ក៏បានបើករថយន្តថយក្រោយ ដោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យកិនកុមារីរងគ្រោះតែម្ដង។ ចំណែកឯសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕