សូមបង្កើនការប្រុងប្រយ័ត្ន! ទើបតែសប្បាយបុណ្យចូលឆ្នាំ តែពេលនេះបែរជាត្រូវទៅទាំងបែបនេះទៅវិញ ពិតជាគួរឲ្យអាសូរណាស់

យ៉ាងហោចណាស់មនុស្ស២នាក់ បានស្លាប់នៅ​កន្លែងកើតហេតុ និង៥នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ក​ដោយខ្លួនឯង នៅវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ តាមបណ្តោយផ្លូវជា​តិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតក្នុងពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ត្រី ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តកើតហេតុខាងលើ បើកបរក្នុងទិសដៅចេញពីស្រុកជាំក្សាន្ត ឆ្ពោះទៅខេត្តព្រះវិហារ ក្នុងល្បឿនលឿន លុះដល់កន្លែងកើតហេតុរថយន្តបានបែកកង់មុខខាងស្តាំ បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់បោក និងបង្គោលភ្លើង។

លោកអធិការបានបន្ដថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ អ៊ុល សុខា ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកបើករថយន្តរស់នៅភូមិហាង ឃុំសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងម្នាក់ទៀតជាស្ត្រី​​មិនទាន់ស្គាល់ឈ្មោះ។ ចំណែកអ្នករបួសទី១៖ឈ្មោះ ចាន់ យ៉ុង ភេទស្រី អាយុ៥៥ឆ្នាំ, ទី២៖ឈ្មោះ អ៊ុល ដាវីត ភេទប្រុស អាយុ៦ឆ្នាំ, ទី៣៖ឈ្មោះ អ៊ុល ធារ៉ា ភេទប្រុស អាយុ៦ឆ្នាំ, ទី៤៖ឈ្មោះ ​សិលា ភេទស្រី អាយុ៤៦ឆ្នាំ និងទី៥៖ឈ្មោះ អ៊ុល ស្រីណូ ភេទស្រី អាយុ២៤ឆ្នាំ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះ​នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះវិហារ ចំណែកសាកសពសមត្ថកិច្ចកំពុងទាក់ទងក្រុមគ្រួសារ យកទៅចាត់ចែង​ធ្វើបុណ្យតាមប្រពៃណី៕