មុននិងស្លាប់ ដើរប្រាប់អ្នកស្គាល់ថា បើមិនស្លាប់ថ្ងៃនេះស្លាប់ស្អែក ស្រាប់តែស្លាប់មែន…

ភ្នំពេញ៖ បុរសម្នាក់ បានឡើងទៅចង.កសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង កាលពីវេលាម៉ោង៨ល្ងាច ថ្ងៃទី១៧ មេសា ២០១៨នេះ ដោយអ្នកជិតខាង បាននាំគ្នាសង្ស័យថា គាត់មានវបត្តិផ្លូវចិត្ត សង្ស័យចាញ់ល្បែង ហើយប្រពន្ធកូនលែងរាប់រក និងចុះចោលផ្ទះបាត់ ទើបធ្វើឲ្យគាត់ខូចចិត្ត រហូតដល់អស់សង្ឃឹមក្នុងជីវិត ក៏សម្រេចចិត្តជ្រើសរើសយកសេចក្តីស្លាប់ ដើម្បីបំបាត់ទុក្ខ។ ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើយោងទៅតាមការសាកសួរ អ្នកដែលធ្លាប់ស្គាល់គាត់ បានប្រាប់ឲ្យដឹងថា បុរសដែលចង.កសម្លាប់ខ្លួនោះ ឈ្មោះ សាន អាយុ៥២ឆ្នាំ ជាអតីតបុគ្គលិកក្រុមការងារ រថយន្តសាមុយ។ កាលពីដើមឡើយ គាត់បានរស់នៅជាមួយប្រពន្ធ និងកូននៅតូចៗ ក្នុងផ្ទះកើតហេតុខាងលើនេះ ដោយកូនៗរបស់គាត់ឥឡូវ ពេញក្រមុំ និងការមានប្តីអស់ហើយ ។

កាលពីរស់នៅជាមួយប្រពន្ធកូន គាត់ជាមនុស្សដែលចូលចិត្ត ផឹកស្រវឹងរាល់ថ្ងៃ ហើយពេលស្រវឹងម្តងៗ គាត់តែងតែរករឿងចង់កាប់ប្រពន្ធ ហើយដោយប្រពន្ធទ្រាំលែងបាន ក៏បានចុះចោលរូបគាត់បាត់ទៅ ហើយចាប់ពីពេលនោះមក គាត់រស់នៅម្នាក់ឯង ។

អ្នកជិតខាងបានបន្តទៀតថា រយៈពេលដែលលែងជាមួយប្រពន្ធនោះ ខាងប្រពន្ធបានឲ្យគាត់ បាន៣ពាន់ដុល្លារដែរ ហើយផ្ទះដែលគាត់ចង.កនោះ គឺគាត់បានជួលឲ្យគេហើយ តែអ្នកជួលបានទៅស្រុក លេងក្នុងពេលចូលឆ្នាំ ក៏បានចាក់សោរផ្ទះចោល ។ ស្រាប់តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែគាត់ឡើងចូលតាមចន្លោះទ្វារ ហើយចង.កសម្លាប់ខ្លួន ពីលើនោះតែម្តង ។

ហើយអ្នកជិតខាង បានប្រាប់ថា មុនពេលស្លាប់១ថ្ងៃ គាត់បានដើរប្រាប់អ្នកស្គាល់គ្នាថា រូបគាត់ បើមិនស្លាប់ថ្ងៃនេះ គឺស្លាប់ស្អែក ស្រាប់តែឡើងទៅចង.កក្នុងផ្ទះខ្លួនឯង ស្លាប់មែន។ ពេលដែលអ្នកជួលផ្ទះគាត់មកដល់ បើកទ្វារផ្ទះ ស្រាប់តែឃើញមនុស្សចង.ក ក៏ស្រែកផ្អើលឆោឡោឡើង ផ្អើលពេញភូមិ ហើយសមត្ថកិច្ចក៏បានចុះមកពិនិត្យមើលផងដែរ ។

អ្នកជិតខាងក៏បានធ្វើការសន្និដ្ឋានថា បុរសដែលចង.កខាងលើ គឺគាត់ពិតជាមានវិបត្តិផ្លូវចិត្ត ពិតប្រាកដណាស់ ព្រោះតែគ្មានប្រពន្ធកូន នៅក្បែរដើម្បីផ្តល់កំលាំងចិត្ត៕