ហួសចិត្ត៖ ចូលឆ្នាំខឹងប្តីមិននៅផ្ទះ ដុតរោងចក្រមួយចោលលេង

កណ្តាល៖ ស្ត្រីជើងខ្លាំងបានឈ្មោះ កែវ រតនៈ ហៅហ្គិច បានបង្កភាពចលាចលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែររោងចក្រកែច្នៃកៅស៊ូមួយនៅស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈនាងយកសាំង ២កាន ទៅចាក់ដុតផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ ក្នុងរោងចក្រយីហោ «ប្រាយវ៉េរ ហ្វើនីឈ័រ» ធ្វើឲ្យមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅ។

ក្រោយបង្កហេតុស្រីជើងឆើតដៃឆៅបានរត់មកសំងំនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានសមត្ថកិច្ចវែកមុខឃើញ និងឃាត់ខ្លួននាល្ងាចថ្ងៃទី១៦ មេសា ២០១៨តែម្តេង។ នាង ហ្គិច បានសារភាពថា «ខ្ញុំពិតជាបានដុតរោងចក្រនោះប្រាកដមែន ព្រោះតែខ្ញុំមានជំលោះគ្រួសារហើយប្តីមិនព្រមចូលផ្ទះ អញ្ចឹងហើយបានជាខ្ញុំដុតចោលតែម្តង»។

យ៉ាងណាមិញរោងចក្រ ប្រាយវ៉េរ នោះជាកម្មសិទ្ធរបស់ប្តីនាង ហើយនាងតែងតែចូលទៅអុកឡុកច្រើនដងរាល់ពេល​ដែលនាងមានបញ្ហាជាមួយគ្រួសារ។ ជាងនេះទៅទៀត ស្រ្តីរូបនេះត្រូវបានគេស្គាល់ថា ធ្លាប់បង្កហិង្សាជាច្រើនលើកច្រើនសាមកហើយ ជាក់ស្តែងកាលពី១០ឆ្នាំមុន បានបាញ់បោះសេរីនៅម្តុំវត្តសន្សំកុសល និងកាលពី២ឆ្នាំមុន បានបើកឡានបុកយុវជន ២នាក់ឲ្យរងរបួសធ្ងន់ជាដើម។