គួរអោយអនិច្ចា​ណាស់!!! ក្មេង​​តូច​ទើប​១០​ខែ​ដាំក្បាល​ក្នុង​ធុង​ទឹក

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ទើប​មាន​អាយុ​១០​ខែ​ប៉ុណ្ណោះ ដោយសារ​តែ​ឪពុក​បង្កើត​ធ្វេស​ប្រហែស បណ្តាល​ឱ្យ​កូន​លង់ទឹក​ធុង​ស្ពេ​ត្រូ​ស្លាប់​បាត់បង់​ជីវិត​កាលពី​វេលា​ម៉ោង​ប្រមាណ​​២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១២ មេ​សា​ស្ថិត​នៅ​ក្នុងភូមិ​អ​ម្ពឹ​ល ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។

ក្មេង​ប្រុស​តូច​រង​គ្រោះ​ខាងលើ​ឈ្មោះ ជឿ ណា​រ៉ាត់ អាយុ​១០​ខែ​ប៉ុណ្ណោះ មាន​ឪពុក​ឈ្មោះ ដែន ង៉ា អាយុ​៣៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ លុ​ច សា​ម៉ៃ អា​យុះ​២៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​ប៉ូលិស​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ ទើបតែ​មានកូន​ប្រុស​ម្នាក់​ដែល​ជា​ក្មេង​រង​គ្រោះ ហើយ​មុន​ពេល​កើតហេតុ​ម្តាយ​ក្មេង​រង​គ្រោះ​ជាប់រ​វ​ស់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ដោយ​ទុក​កូន​តូច​ឱ្យ​ប្តី​មើល ស្រាប់តែ​ឪពុក​បង្កើត​ក្មេង​ប្រុស​រង​គ្រោះ​ដេក​លង់លក់​នៅ​ក្នុង​អង្រឹង បណ្តោយ​ឱ្យ​កូន​វារ​លេង ហើយ​តោង​ធុង​ស្ពេ​ត្រូ​ដាំ​ក្បាល​ចូល​ក្នុង​ធុង​ទឹក​លង់​ស្លាប់​បាត់បង់​ជីវិត​គួរ​ឱ្យ​អាណោចអាធ័ម​តែ​ម្តង​។

តាម​ប៉ូលិស​ដដែល​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ក្មេង​តូច​ទើប​មាន​អាយុ​១០​ខែ​នេះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ធុង​ស្ពេ​ត្រូ​ពិតប្រាកដ​មែន ក្រោយ​ពី​ពិនិត្យ​រួច​បាន​ប្រគល់​សព​ក្មេង​រង​គ្រោះ​ទៅ​ឱ្យ​ឪពុក​ម្តាយ​យក​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕