ស្រីស្អាត ខឹងម៉ូយប្រុសបន្លំចាប់ដោះ ទ្រាំមិនបានធ្វើរឿងមួយនឹកស្មានមិនដល់

ស្រីស្អាត ខឹងម៉ូយប្រុសបន្លំចាប់ដោះ ទ្រាំមិនបានធ្វើរឿងមួយនឹកស្មានមិនដល់

ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់ ដែលត្រូវអ្នកភូមិអះអាងថា គឺជាមេខ្លោងអ្នកលក់គ្រឿងញៀនប្រចាំភូមិ ព្រោះតែខឹងនឹងបុរសជាម៉ូយទិញ ថ្នាំញៀនរបស់ខ្លួនម្នាក់ ឱ្យតែផឹកស្រវឹងចេះតែបន្លំចាប់សុដន់ ហាមមិនស្តាប់ ក៏ផ្ទុះកំហឹង ទាញកូនកាំបិតចាក់ចំខ្នង បណ្តាលឱ្យរងរបួសហូរឈាម កក្លាក់។
ករណីស្រីខឹងនឹងប្រុសដែលចូលចិត្តបន្លំចាប់សុដន់ហាមមិនស្តាប់ ក៏ចាក់១កាំបិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលរបស់ស្ត្រីសង្ស័យ លេខ០២១ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីសង្ស័យដៃដល់ខាងលើ មានឈ្មោះតូច ចិន្តា អាយុ៣២ឆ្នាំ មុខរបរអ៊ុតសក់ និងលក់ថ្នាំញៀនប្រចាំភូមិ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុ និងមានស្រុកកំណើតនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានប្តីឈ្មោះលឹម ហេង អាយុ២៨ឆ្នាំ មុខរបរជាង ភ្លើង។ ចំណែកជនរងគ្រោះដែលចេះតែរពឹសដៃ មានឈ្មោះប៉ុក ធារិន ហៅខ្មៅ អាយុ២៥ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន មានលំនៅក្នុងភូមិ កើតហេតុ ត្រូវជាមិត្តភក្តិរបស់ប្តីស្ត្រីសង្ស័យ ។

តាមសម្តីស្ត្រីសង្ស័យខាងលើ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺត្រូវជាមិត្តភក្តិរបស់ប្តីនាង ហើយកន្លងមកឧស្សាហ៍ចេញចូលបន្ទប់របស់នាងផឹកស៊ី រាប់អានគ្នាណាស់ ប៉ុន្តែទាស់ត្រង់ថា ជនរងគ្រោះម្នាក់នេះ ចិត្តហ៊ាន ដៃដល់ ចេះតែរកឱកាសលូកលាន់រាងកាយនាងជាញឹកញាប់ ពិសេសឱ្យតែពេលផឹកស្រវឹង។

ស្ត្រីសង្ស័យ បន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានចូលមកផឹកស៊ីជាមួយប្តីរបស់នាង នៅក្នុងបន្ទប់របស់នាង រហូតដល់កណ្តាលអធ្រាត្រ ហើយឆ្លៀតពេលប្តីនាងស្រវឹងធ្លាក់ភ្នែក ជនរងគ្រោះក៏បន្លំលូកចាប់សុដន់នាងសារជាថ្មីម្តងទៀត និងត្រូវបាននាងហាមកុំឱ្យលេងបែបនេះទៀតដែរ តែជនរងគ្រោះមិនព្រមស្តាប់សោះ នៅតែបន្លំចាប់សុដន់នាងម្តងហើយម្តងទៀត ទើបធ្វើឱ្យនាងទ្រាំលែងបាន ក៏ទាញកូនកាំបិតចាក់តែម្តង។

ដោយឡែក តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា ខ្លួនបានស្គាល់រាប់អានគ្នាជាមួយប្តីស្ត្រីបង្ក ហើយនៅយប់កើតហេតុ ខ្លួនបានចូលទៅក្នុងបន្ទប់ស្ត្រីសង្ស័យគ្នា៣នាក់ តែផឹកគ្នាតែ២នាក់ទេ ដោយផឹកបណ្តើរជជែកគ្នាលេងសើចបណ្តើរ លុះដល់វេលាម៉ោងកើតហេតុ ស្ត្រីសង្ស័យបានដេញ ខ្លួនឱ្យចេញក្រៅ តែខ្លួនមិនទាន់បានចេញផង ក៏ត្រូវស្ត្រីសង្ស័យយកកូនកាំបិតមកចាក់រូបគេពីក្រោយតែម្តង បណ្តាលឱ្យរងរបួសហូរឈាមកក្លាក់។
តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា ស្ត្រីសង្ស័យ និងជនរងគ្រោះ គឺជាមនុស្សទិញលក់ថ្នាំញៀនជាមួយគ្នារាល់ថ្ងៃ ប្រចាំភូមិទៅហើយ ហេតុនេះ គេសង្ស័យថាទំនាស់នេះ គឺពាក់ព័ន្ធគ្រឿងញៀន ទើបឈានដល់បង្កហិង្សាដាក់គ្នា។ យ៉ាងណា ពលរដ្ឋបានលើកឡើងថា បើសមត្ថកិច្ចចាប់ខ្លួនទាំង២នាក់ខាងលើនេះ ក៏ល្អម៉្យាងដែរ បានស្ងាត់ភូមិផង ព្រោះថាអសន្តិសុខក្នុងភូមិរាល់ថ្ងៃ ផ្តើមចេញពីមនុស្សទាំង២នាក់ខាងលើ ដែលទិញលក់ ជក់ សេពគ្រឿងញៀន ក្នុងបន្ទប់របស់ស្ត្រីសង្ស័យ រាល់យប់រាល់ថ្ងៃទៅហើយ។

ទោះជាយ៉ាងណាក្តី សមត្ថកិច្ចនាំខ្លួនជនទាំង២នាក់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីរកហេតុផល និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕