អានហើយព្រឺក្បាលខ្ញាកម៉ង!! ព្រលឹងខ្មោចស្រីសិស្សសាលា ស្រែករកម្តាយទាលុយទៅរៀន…

ភ្នំពេញ ៖ យុវតីជាសិស្សសាលាម្នាក់ ដែលត្រូវបានជនដៃដល់ជាបងជីដូនមួយញៀនថ្នាំ និងល្បែងស៊ីសង ចាក់សម្លាប់ប្លន់យកម៉ូតូ និងគ្រឿងអលង្ការ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចភូមិដីឡូត៍មានសំណង់បាក់បែកមួយកន្លែង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមគ្រួសារអះអាងថា រហូតមកដល់ពេលនេះ ព្រលឹងយុវតីរូបនោះ នៅវិលវល់ និងតែងបង្ហាញឱ្យអ្នកផ្ទះឃើញជាញឹកញាប់ តាមរយៈមកយំសុំលុយម៉ែទៅរៀន។

យុវតីដែលត្រូវបងជីដូនមួយប្លន់សម្លាប់យ៉ាងឃោរឃៅនោះ មានឈ្មោះវ៉ិន រត្ថា អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី 10D នៅវិទ្យាល័យពងទឹក អត្តលេខ៩១១៤ មានឪពុកឈ្មោះវ៉ាត វ៉ិន និងម្តាយឈ្មោះវ៉ិត សង់ មានលំនៅក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ។
តាមសម្តីស្ត្រីជាម្តាយសពយុវតីវ៉ិន រត្ថា បានរៀបរាប់ទាំងទឹកភ្នែកថា គាត់មានស្វាមី ឈ្មោះវ៉ាត់ វ៉ិន និងមានកូនចំនួន៣នាក់ (ប្រុស២ ស្រី១) ហើយក្នុងនោះ កូនស្រីច្បងឈ្មោះវ៉ិន រត្ថា (យុវតីរងគ្រោះ) តែជាអកុសល កូនស្រីតែមួយដែលគាត់ស្រលាញ់ដូចកែវភ្នែកនេះ បានស្លាប់ចោលគាត់ជាង១ឆ្នាំហើយ ដោយសារមនុស្សញៀនល្បែងញៀនថ្នាំ ដែលត្រូវជាបងជីដូនមួយនៃសព (ក្មួយខាងប្តី) សម្លាប់ប្លន់យកទ្រព្យសម្បត្តិ។ ឃាតករកំណាចនោះ មានឈ្មោះ ជុំ វីរៈ។

ស្ត្រីជាម្តាយរូបនេះ បន្តថា ពួកគេឧស្សាហ៍ដើរជាមួយគ្នាណាស់ ប៉ុន្តែពេលត្រូវគេសម្លាប់ ក៏ឮដំណឹងថា ពួកគេលួចលាក់ស្រលាញ់គ្នាជាគូសង្សារ ទោះយ៉ាងណាគាត់មិនជឿទេ។ កន្លងមក រត្ថា ជាកូនល្អណាស់ រាល់ពេលនាងចេញទៅរៀនពេលព្រឹក ក៏ដូចពេលរសៀល នាងស្លៀកសំពត់ខៀវ អាវស ឯកសណ្ឋានសិស្សយ៉ាងសមរម្យ រួចចេញពីបន្ទប់សុំលុយគាត់ទៅរៀនមិនដែលខានទេ ហើយគាត់ក៏ឱ្យកូនម្តង២០០០រៀល ឬ៣០០០រៀល។ ថ្ងៃមួយ សមត្ថកិច្ចបានប្រាប់ថា កូនស្រីអភ័ព្វនេះត្រូវគេធ្វើឃាតទៅហើយ បណ្តាលឱ្យគាត់តក់ស្លុតរហូតដួលសន្លប់ និងបានចាត់ចែងយកសពកូនមកធ្វើបុណ្យបូជាតាមប្រពៃណី។
ស្ត្រីជាម្តាយយុវតីរងគ្រោះ បន្ថែមថា បន្ទាប់ពីធ្វើបុណ្យរួចរាល់គាត់យកធាតុរបស់នាងមកទុកដាក់នៅមុខផ្ទះ និងអុជធូបសែនឱ្យកូនរាល់ថ្ងៃ ដោយបួងសួងឱ្យព្រលឹងនាងបានទៅចាប់ជាតិនៅសុគតិភព។ ដឹងអី! ថ្ងៃមួយ ស្រាប់តែឃើញកូនស្រីនេះបង្ហាញខ្លួនច្បាស់ក្រឡែត ដោយស្លៀកពាក់ឯកសណ្ឋានសិស្ស កណ្តៀតកាបូបចេញពីបន្ទប់ រួចសុំលុយគាត់ទៅរៀន។ គាត់ភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះនាងបង្ហាញខ្លួននៅម៉ោង៦កន្លះព្រឹក ប៉ុន្តែគាត់មិនទាន់បានហុចលុយឱ្យផង រូបនាងក៏រលាយបាត់ទៅ។ ស្អែកឡើងក៏ឃើញនាងបង្ហាញខ្លួនសុំលុយទៀត ដូចកាលនៅរស់អ៊ីចឹង មិនថាតែគាត់ទេដែលបានឃើញ សូម្បីអ្នកនៅក្នុងផ្ទះនេះ ក៏សុទ្ធតែបានឃើញទាំងអស់គ្នា។ គាត់និយាយនេះ ប្រហែលជាគេមិនជឿទេ តែអ្វីៗវាស្តែងនឹងភ្នែកពេក ហើយជួនកាលយប់ខ្លះ គាត់រុញទ្វារបន្ទប់ចូលមើល ក៏ឃើញកូនកំពុងដេក លុះគាត់ស្រែកដាស់ ក៏បាត់ស្រមោលនាងតែម្តង។ គាត់មិនខ្លាចខ្មោចកូនស្រីនេះលងទេ និងបន់ឱ្យតែនាងបង្ហាញខ្លួនយ៉ាងនេះរហូតចុះ ព្រោះគាត់អាល័យកូនខ្លាំងណាស់ មិនគួរនាងចែកឋានទៅចោលម្តាយ នៅសល់តែព្រលឹងមកបង្ហាញម្តាយយ៉ាងនេះ។
ចំណែកស្ត្រីជាជីដូនយុវតីរងគ្រោះ បានឱ្យដឹងថា ចៅស្រីនេះឧស្សាហ៍ខ្ចីលុយគាត់ទៅចាយ ហើយគាត់ឱ្យចៅខ្ចីមិនដែលខានទេ ហើយលុយទាំងនោះមិនដែលឃើញសងវិញទេ តែគាត់ក៏មិនដែលទារនោះដែរ ដោយគិតថា កាលណាចៅស្រីនេះមានគ្រួសារចេះរកស៊ី នឹងសងលុយជីដូនវិញ មិនចាំទារទេ។ លុះវាស្លាប់ទៅ ក៏នៅតែឃើញវាមកសុំខ្ចីលុយ ជួនកាលមកអង្គុយញ៉ាំបាយជាមួយគាត់ក៏មានដែរ។ គាត់ក៏បាននិមន្តព្រះសង្ឃមកធ្វើពិធីបង្សុកូល ឱ្យចៅស្រីនេះទៅចាប់ជាតិដែរ មិនចង់ឱ្យព្រលឹងនៅវិលវល់យ៉ាងនេះទេ នាំតែយាយយំរាល់ថ្ងៃ ព្រោះអាណិតចៅពេក។

លោកសេក ផ្លូច អាយុ២៨ឆ្នាំ ជាឪពុកមាយុវតីរងគ្រោះ បានឱ្យដឹងថា លោកក៏បានឃើញក្មួយស្រីរត្ថា មកត្អូញត្អែរថា សព្វថ្ងៃគេធ្វើបាបនាងណាស់ នាងអត់ទាន់ទៅណាឆ្ងាយពីគ្រួសារទេ ដោយបង្ហាញខ្លួនមិនឈប់។ ចំណែកលោកគ្រូ-អ្នកគ្រូ៣-៤នាក់ នៅវិទ្យាល័យពងទឹក ដែលធ្លាប់បង្រៀនរត្ថា បានឱ្យដឹងដែរថា ក្មេងស្រីនេះជាសិស្សថ្នាក់ទី 12D។ ទោះជានាងស្លាប់ទៅហើយ ក៏ព្រលឹងនាងតែងមកសាលារៀន ជួនគោះទ្វារ រើតុ កៅអីក្នុងបន្ទប់ដែលនាងធ្លាប់រៀន។ មិត្តភក្តិរបស់នាងក៏បានរៃលុយគ្នានិមន្តព្រះសង្ឃមកបង្សុកុលឧទ្ទិសកុសលឱ្យនាងដែរ តែព្រលឹងនាងនៅតែវិលវល់ទៅមិនឆ្ងាយ។
ជាចុងក្រោយ អ្នកស្រីវ៉ិត សង់ ជាម្តាយយុវតីរងគ្រោះ ក៏បានសំណូមពរទៅតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធឱ្យជួយដល់គ្រួសារគាត់ផង ព្រោះកន្លងមក តុលាការបានកាត់ឱ្យឃាតករផ្តល់សំណង១ម៉ឺនដុល្លារ មកឱ្យអ្នកស្រីដែលបាត់បង់កូនជាទីស្រលាញ់ តែលុយសំណងនោះមិនទាន់ទទួលបាននៅឡើយ ដោយអូសបន្លាយរយៈពេលជាង១ឆ្នាំទៅហើយ។ បើបានប្រាក់សំណងនោះមក គ្រួសារគាត់នឹងចាត់ចែងធ្វើបុណ្យម្តងទៀតឱ្យគគ្រឹកគគ្រេង ដើម្បីឧទ្ទិសកុសលជូនកូនស្រី រត្ថា ឱ្យគ្នាបានទៅយោនយកកំណើតនៅឋានស្ងប់ កុំឱ្យព្រលឹងវិលវល់យ៉ាងនេះទៀត។

គួររំលឹកថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅចំណុចភូមិដីឡូត៍មានសំណង់បាក់បែកមួយកន្លែង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយនារីវ័យក្មេងជាសិស្សសាលាម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ទាំងមានស្លាកស្នាមរបួសជាច្រើនកន្លែងពេញផ្ទៃមុខ បន្ទាប់ពីក្មេងស្រីរងគ្រោះត្រូវបានបងប្រុសជីដូនមួយរបស់នាងម្នាក់ ជាមនុស្សញៀនថ្នាំ បានវាយ និងរឹតកសម្លាប់ យ៉ាងឃោរឃៅ។

តាមប្រភពពីយុវជនម្នាក់ ឈ្មោះយ៉ុន យ៉ន់ អាយុ២៣ឆ្នាំ ប្រកបរបរឡើងត្នោត ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិបាក់គ្រង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងជាអ្នកប្រទះឃើញហេតុការណ៍មុនគេ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានមកឡើងត្នោតក្បែរកន្លែងកើតហេតុ ហើយបានឈឺបត់ជើង រួចក៏ចូលទៅបត់ជើងនៅក្នុងផ្ទះថ្មបែកបាក់ ដែលគេទុកចោល ស្រាប់តែឮសូរសំឡេងថ្ងូរ ទើបមានការសង្ស័យ ក៏ដើរចូលទៅអើតមើល ស្រាប់តែប្រទះឃើញក្មេងស្រីម្នាក់ ស្ថិតក្នុងសភាពប្រកាច់ននៀល ដោយមានរបួសលើផ្ទៃមុខ ភ្លាមនោះ ខ្លួនក៏ប្រញាប់រត់ទៅប្រាប់អ្នកភូមិឱ្យជួយមកមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតការភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ទីតាំងកើតហេតុ និងបានរកឃើញកាតសិស្សមួយសន្លឹក ទើបប្រញាប់ទាក់ទងទៅសាច់ញាតិក្មេងស្រីរងគ្រោះ មកដល់ទីតាំងកើតហេតុភ្លាមៗ។
តាមប្រភពពីសាច់ញាតិក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានចេញពីផ្ទះទៅសាលារៀនដោយបើកម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1N-0301 តែជាក់ស្តែងនៅកន្លែងកើតហេតុមិនឃើញមានម៉ូតូឡើយ ឃើញតែមួកការពារសុវត្ថិភាពមួយនៅក្បែរជនរងគ្រោះប៉ុណ្ណោះ។

តាមប្រភពពីលោកគ្រូម្នាក់ ដែលបង្រៀននៅវិទ្យាល័យពងទឹក បានបង្ហើបឱ្យដឹងដោយ សុំមិនបញ្ចោញឈ្មោះថា ក្មេងស្រីរងគ្រោះឃើញ ចូលរៀនតែពេលព្រឹកទេ ហើយពេលរសៀលថ្ងៃកើតហេតុនេះ មិនឃើញមករៀនទេ ខណៈដែលថ្នាក់របស់នាងរៀនវេនព្រឹក និងល្ងាច ស្រាប់តែដល់វេលាខាងលើ ក៏មានដំណឹងថា ប្រទះឃើញក្មេងស្រីរងគ្រោះត្រូវគេវាយរងរបួសធ្ងន់តែម្តង។
ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ខាងលើ បានដាក់ការសង្ស័យថា ករណីខាងលើនេះ សង្ស័យជាករណីរំលោភសេពសន្ថវៈ រួចវាយប្លន់យកម៉ូតូតែម្តង ព្រោះសភាពរបស់ជនរងគ្រោះហើមពោរពេញផ្ទៃមុខ រងរបួសយ៉ាងធ្ងន់ និងបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃដដែល។

ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ច ជនជាឃាតករត្រូវបានចាប់ខ្លួន ដែលជននេះ គឺត្រូវជាបងជីដូនមួយរបស់យុវតីរងគ្រោះ ដែលជាមនុស្សញៀនថ្នាំ និងល្បែងស៊ីសង ចំណែកមូលហេតុដែលជននេះសម្លាប់យុវតីរងគ្រោះ ដោយសារតែប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិ៕