អានហើយខ្លោចចិត្ត!!! ឪពុកបានត្រឹមយំបោកខ្លួន មើលកូនផុតដង្ហើម ព្រោះតែប្រាក់ខែមិនទាន់បើក គ្មានលុយនាំកូនទៅពេទ្យ…

ពិតជារឿងមួយ គួរឲ្យសង្វេគចិត្តណាស់ ដែលឪពុកម្តាយមួយគូរ បានបាត់បង់កូនតូចជាទីស្រលាញ់របស់ខ្លួន ដោយពុំមានថ្ងៃវិលវិញឡើយ ។ ហេតុការណ៍នេះ ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ូកម្នាក់ បង្ហោះរូបភាពដោយមានសរសេរពាក្យពេចន៍មួយចំនួន កាលពីពេលថ្មីៗនេះ ។ រូបភាពដែលបានបង្ហោះនោះ គឺរូបភាពឪពុក បានថើបកូនជាលើកចុងក្រោយព្រោះតែកូនស្រី អាយុ៤ខែរបស់គាត់ បានធ្លាក់ខ្លួនឈឺ តែ

ឪពុកម្តាយពុំមានប្រាក់ដើម្បី នាំកូនទៅរកគ្រូពេទ្យឡើយ គឺព្រោះតែឪពុករងចាំបើកប្រាក់ខែសិន ទីបំផុតអ្វីៗក៏យឺតពេល ឯកូនស្រីបានស្លាប់នៅចំពោះមុខឪពុកម្តាយតែម្តង ។ដោយម្ចាស់ហ្វេសប៊ូកនោះ បានសរសេរថា ក្រុមជួយសង្គ្រោះបានទទួលសេចក្តីរាយការណ៍ថា មានក្មេងស្រីម្នាក់ អាយុ៤ឆ្នាំ បានស្លាប់នៅក្នុងសង្កាត់ Bangapi ក្រុងបាងកក ហើយពេលក្រុមជួយសង្គ្រោះទៅដល់ កន្លែងកើតហេតុ បានប្រទះឃើញ

មនុស្សជាច្រើន កំពុងតែឈរមើលមុខបុរសជាឪពុក កំពុងតែបីសពកូនស្រី អាយុ៤ខែ ហើយនៅក្បែរនោះ គេឃើញម្តាយកំពុងអង្គុយយំ ព្រមទាំងក្មេងស្រីម្នាក់ទៀត នៅក្បែរនោះផងដែរ ។តាមការឲ្យដឹង ពីឪពុកទារកនោះ បានរៀបរាប់ថា ខ្លួនពុំមានប្រាក់ដើម្បី នាំកូនទៅសង្គ្រោះនៅមន្ទីរពេទ្យនោះឡើយ ព្រោះតែប្រាក់ខែពុំទាន់បើកពីថៅកែ ។

ពេលដែលគាត់ឃើញកូនស្រី បាត់មាត់បាត់ករមក ខ្លួនគាត់បានប្រញាប់នាំកូនស្រី មកសុំឲ្យតូបលក់ឥវ៉ាន់ នៅកណ្តាលផ្លូវនោះជួយទូរស័ព្ទ ទៅហៅរថយន្តពេទ្យមកជួយ នាំកូនស្រីគាត់ទៅសង្គ្រោះផង តែពេលរថយន្តពេទ្យមកដល់ កូនស្រីរបស់គាត់ បានផុតដង្ហើមបាត់ទៅហើយ នៅមុខឪពុកម្តាយតែម្តង ធ្វើឲ្យពួកគាត់យំសោកយ៉ាងខ្លាំង ហើយរូបគាត់ បានលើកកូនស្រីមកបី ឱបថើបជាលើកចុងក្រោយ បន្ទាប់មក ប៉ូលិសបាននាំសពកូនស្រី ទៅពិនិត្យបន្ថែមនៅមន្ទីរពេទ្យ ៕