គួរអោយសង្វេគ!!!បាត់ប្តីជាង៣ខែ ប្រពន្ធសម្រេចចិត្ត ធ្វើបុណ្យ១០០ថ្ងៃឲ្យ ស្រាប់តែរកឃើញឆ្អឹង និងម៉ូតូក្នុង​អណ្ដូង​…

ខេត្តរតនគិរីៈ បុរសម្នាក់ត្រូវគេទូរស័ព្ទ ហៅចេញពីផ្ទះ ស្រាប់តែបាត់ខ្លួនជាង៣ខែ ត្រូវបានប្រពន្ធប្តឹងសមត្ថកិច្ច ហើយពឹងមិត្តភក្តិ និងសាច់ញាតិជួយដើររក តែមិនឃើញទាល់តែសោះ ស្រាប់តែពេលរកឃើញ នៅសល់តែម៉ូតូ និងឆ្អឹង នៅក្នុងអណ្តូងមួយ ។

ហេតុការណ៍ដ៏រន្ធត់នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១១ មេសា ២០១៨នេះ ស្ថិតនៅក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគីរី ។ លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី រ៉ា បូរ៉ាន់ឌី បានដឹកនាំកម្លាំងនគរបាល ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី សហការណ៍ជាមួយកម្លាំង អធិការនគរបាលស្រុកកូនមុំ និងកម្លាំងកងរាជអាវុធហត្ថ ស្រុកកូនមុំ ចុះត្រួតពិនិត្យ និងធ្វើការរើកកាយគ្រោងឆ្អឹងសាកសព ជនរងគ្រោះម្នាក់ពីក្នុងអណ្ដូង ស្ថិតនៅក្នុងចំការស្វាយចន្ទីមួយកន្លែង។

សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះ ស៊ូ សៀក ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ ដើរទិញឈើឌុបនឹងម៉ូតូ យកមកលក់ក្នុងក្រុងបានលុង ត្រូវគេវាយច្រកការុងទំលាក់ក្នុងអណ្ដូង ដោយបុរសរងគ្រោះ បានបាត់ខ្លួន តាំងពីថ្ងៃទី២៥ ធ្នូ ២០១៧ មកម្ល៉េះ ។

យោងតាមការរៀបរាប់ របស់ប្រពន្ធសពបានឲ្យដឹងថា ប្ដីគាត់ តែងតែជិះម៉ូតូដើរទិញឈើ រហូតដល់ភូមិរំពាត់ និងភូមិតាឡាត់ ខេត្តស្ទឹងត្រែង ហើយបានបាត់ខ្លួន តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មកម្លេះ។ នៅថ្ងៃបាត់ខ្លួន ប្ដីគាត់បានឌុបឈើ១ដុំ មកដល់ផ្ទះ ហើយងូតទឹក ស្រាប់តែមានគេទូរស័ព្ទហៅគាត់ ឲ្យទៅមើលឈើ គាត់(សព)ក៏ជិះម៉ូតូចេញទៅ ចន្លោះម៉ោង២ ទៅម៉ោង៣រសៀល។

ប្រពន្ធសពបានបន្តថា រហូតដល់ល្ងាចថ្ងៃដដែល ប្រហែលជាម៉ោង៥ កូនស្រីគាត់ក៏ទូរស័ព្ទទៅរកឪពុក(សព) តែមិនមានអ្នកលើក កូនស្រីគាត់ក៏ទូរស័ព្ទចូលលើកទី២ ស្រាប់តែមានគេចុចបិទ បន្ទាប់មកចុចទូរស័ព្ទ លែងចូលរហូត។ ប្រពន្ធសពជនរង្គ្រោះ បានបន្តទៀតថា បន្ទាប់ពីបាត់ប្ដី មិនមានដំណឹង គាត់ក៏បានទៅប្ដឹងសមត្ថកិច្ច ព្រមទាំងញាតិមិត្តជិតខាង តាមស៊ើបរករហូត ជាច្រើនថ្ងៃខែមកហើយ តែគ្មានតំរ៉ុយសោះ ទើបគាត់សម្រេចចិត្ត ធ្វើបុណ្យ១០០ថ្ងៃជូនប្ដីគាត់ កាលពី៥ថ្ងៃមុន។

បើតាមការពិនិត្យសន្និដ្ឋានជំហ៊ានដំបូង លោក យឹម សារ៉េត នាយការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការខេត្ត បានឲ្យដឹងថា ករណីនេះ ជាអំពើឃាតកម្មពិតប្រាកដណាស់ ដោយគ្រោងឆ្អឹងក្បាល មានសភាពបែកខ្ទេច ដូច្នេះជនរងគ្រោះ ស្លាប់ដោយសារគេវាយបំបែកក្បាល ហើយច្រកការុងទំលាក់ចូលអណ្ដូង។

លោកបានបន្តទៀតថា ជនដៃដល់បានយកសព ទំលាក់ចូលក្នុងអណ្ដូងមុន ទើបយកម៉ូតូជនរង្គ្រោះ ទំលាក់តាមក្រោយ ក៏ប៉ុន្តែម៉ូតូមិនបានធ្លាក់ដល់បាតអណ្ដូងទេ ហើយជនដៃដល់ បានយកជំនៀរឈើមកគ្របមាត់អណ្ដូង ដែលបណ្ដាលឲ្យប្រជាពលរដ្ឋ ដើររើសគ្រាប់ស្វាយចន្ទីរឃើញ ក៏នាំគ្នាបើកជំនៀរឈើមើល ស្រាប់តែឃើញម៉ូតូ ហើយរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ វែករកមុខជនដៃដល់ ដើម្បីយកមកផ្ដន្ទាទោស ចំណែកគ្រោងឆ្អឹងសពជនរង្គ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕