គ្រូសូត្រស្តាំវត្តស្វាយជ្រំ ត្រូវចាប់ផ្សឹកហើយ ក្រោយឆាន់ស្រីស្រស់ ៥ឆ្នាំជាប់គ្នា

កណ្តាល៖ ​អំឡុង​ឆ្នាំ​២០១៣ នាង ប រ ទើបនឹង​មាន​អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៃ​អនុ​វិទ្យាល័យ​ស្វាយ​ជ្រំ នាងត្រូវ​បាន​ព្រះ​គ្រូសូត្រស្តាំ​ព្រះ​នាម លន់ សុវណ្ណ​ដា បាន​ប្រើ​នាង​ឲ្យ​ទៅ​ទិញ​បបរមកព្រះគេនព្រះអង្គ​ឆាន់។ បន្ទាប់​ពី​ឆាន់​​បបរ​រួច សង្ឃ​កំហួច​អង្គ​នោះ​ បាន​បិទទ្វារ​បន្ទប់កុដិរបស់ព្រះអង្គ​ជិត ហើយបាន​លួងលោម និងចាប់នាងសេ​ពមេថុនធម្ម (រួមភេទ) រហូតបានសម្រេច នៅក្នុងកុដិនោះ។



បន្ទាប់មកទៀត ព្រះសង្ឃបារាជិកអង្គនោះ បានលួងលោមនាង ដោយប្រើសម្ដីដ៏ផ្អែមល្ហែម​ កុំ​ឲ្យ​នាង​យករឿងអាស្រូវទាំងនោះ​ប្រាប់​គេឯង ដោយព្រះអង្គសន្យាថា នៅពេលលាចាកសិក្ខាបទ (សឹក) ព្រះអង្គនឹង​ចូល​ស្តីដណ្តឹង​នាង​រៀប​ការ តាមប្រពៃណី យកគ្នាធ្វើជាប្ដីប្រពន្ធ។ ក្រោយមកអ្នកទាំង២ ចេះតែមានទំនាក់ទំនងស្នេហាជាមួយគ្នា សេពថុនធម្មជាញយៗ។



លុះស្រីស្រស់រូបស្អាតរង់ចាំអស់ ៥ឆ្នាំមកហើយ សង្ឃអង្គនោះមិនព្រមសឹកឡើង តែបែរជាលួចមានស្រីថ្មី មិនព្រមលើកទូរស័ព្ទនាង បម្រុងដោះដៃ ទើបធ្វើឲ្យនាងចុកចាប់ក្នុងប្រាណរហូតរត់ទៅប្តឹងសមត្ថកិច្ចតែម្តង។ កាលពីម្សិលមិញ ថ្ងៃទី១០ មេសា ព្រះមេគណខេត្តកណ្ដាល ព្រះអនុគណស្រុកខ្សាច់កណ្ដាល និងមន្ត្រីធម្មការខេត្ត បានចុះទៅដល់វត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ហើយបានចាប់ផ្សឹកព្រះគ្រូសូត្រស្ដាំកំហូចអង្គនោះហើយ។