ប្រពន្ធដើមដឹងរឿង មានប្រពន្ធចុង ឯប្រពន្ធចុងដឹងរឿង មានប្រពន្ធដើម… ប្តីបែកគំនិត ចាក់សម្លាប់នាងចុង ហើយរត់ទៅចង.ក

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៨ មេសា ២០១៨ ប៉ូលិសបានរាយការណ៍មកថា មានករណីឃាតកម្មដ៏ឃោរឃៅមួយ ដោយប្តីបានចាក់ប្រពន្ធចុង ធ្លាយពោះវៀនស្លាប់នៅក្នុងថ្លុកឈាម រួចហើយបានរត់ទៅចង.កធ្វើអត្តឃាតខ្លួនឯង បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចផ្លូវលំត្រពាំងអកបល់ ផ្លូវទៅកន្លែងស៊ីទែនទឹកស្អាត មានទីតាំងស្ថិតនៅក្នុងភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ប៉ក់ ឈាន អាយុ៣៦ឆ្នាំ មុខរបរធ្វើជាកម្មការនី ពរពោះកូនក្នុងផ្ទៃ៤ខែ និងមានទីលំនៅក្នុងភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ចំណែកប្តីតិរច្ឆាន ដែលជាឃាតកសម្លាប់ប្រពន្ធ ឈ្មោះ ស៊ន់ ទឹត អាយុ៣៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប ។


យោងតាមអ្នកនៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា បុរសជាឃាតករូបនោះ មានប្រពន្ធរួចហើយ តែបែរជាមកលួចលាក់ ទាក់ទងស្ត្រីរងគ្រោះធ្វើជាប្រពន្ធចុង តែនាងមិនបានដឹងថា បុរសជាប្តីតិរច្ឆាននោះ មានប្រពន្ធដើមរួចហើយនោះទេ លុះពេលប្រពន្ធចុង មានផ្ទៃពោះ៤ខែ ក៏បានបែកធ្លាយរឿងប្តីរបស់ខ្លួន មានប្រពន្ធរួចទៅហើយ តែនាងមិនបានរករឿងឈ្លោះប្រកែកអ្វីនោះទេ ។

នៅពេលកើតហេតុ គេមិនដឹងថាមានរឿងអ្វីឲ្យប្រាកដឡើយ ស្រាប់តែប្តីតិរច្ឆាន ទាញកូនកាំបិត ចាក់សម្លាប់ប្រពន្ធចុង ដែលកំពុងតែមានផ្ទៃពោះ៤ខែនោះ ធ្លាយពោះវៀនស្លាប់ក្នុងថ្លុកឈាម គួរឲ្យសង្វេគ។ ក្រោយពេលចាក់សម្លាប់ប្រពន្ធរួច បុរសជាប្តីរូបនោះ បានព្យាយាមរត់គេចខ្លួន រហូតដល់ម៉ោង៥ទៀបភ្លឺ ឃាតកជាប្តីបានព្យាយាមចង.កសម្លាប់ខ្លួន តែគាប់ជួនសមត្ថកិច្ចទៅដល់ល្មម ក៏ក្របួចចាប់ជាប់ នៅចំណុចភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប។

យោងតាមសម្តីរបស់ស្ត្រីជាម្តាយ បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ និងប្តីដែលជាឃាតក ទើបនិងយកគ្នាជាប្តីប្រពន្ធ បានរយៈពេល៨ខែប៉ុណ្ណោះ ហើយក៏នាំគ្នាមករស់នៅ ធ្វើជាកម្មករសំណង់ជាមួយគ្នា ។ ហើយនៅថ្ងៃ៦ មេសា ២០១៨ ជនដៃដល់ជាប្តី បានលួចទៅផ្ទះប្រពន្ធដើមរបស់គេ នៅក្នុងភូមិរំចេក ឃុំតាយ៉ែក ស្រុកសូត្រនិគម ហើយពេលនោះ កូនស្រីគាត់ បានបបួលគាត់ទៅតាមប្តីរបស់នាង ដើម្បីទៅសុំយកអត្តសញ្ញាណប័ណ្ណ ។

ស្ត្រីជាម្តាយនារីរងគ្រោះ បានបន្តទៀតថា លុះពេលទៅដល់ភ្លាម ទើបដឹងថា ប្តីរបស់នាងមានប្រពន្ធរួចទៅហើយ ដែលកំពុងរស់នៅក្នុងភូមិរំចេកនេះតែម្តង តែក្រោយពេលដឹងហើយ កូនស្រីរបស់គាត់ មិនបានរករឿងឈ្លោះប្រកែកអ្វីជាមួយប្តីនោះឡើយ ។ រហូតដល់យប់ថ្ងៃទី៨ មេសា ២០១៨ គាត់នឹងកូនស្រីបានត្រលប់មកដល់ផ្ទះវិញ ស្រាប់តែត្រូវជនដៃដល់ជាប្តីកំណាច តាមមកចាក់កូនស្រីគាត់ បណ្តាលឲ្យធ្លាយពោះវៀនស្លាប់ នៅកណ្តាលផ្លូវតែម្តង ដោយសារតែរឿងរ៉ាវបែកការណ៍ ប្រពន្ធដើមដឹងរឿងថា គេមានប្រពន្ធចុង ហើយប្រពន្ធចុងដឹងរឿងថា គេមានប្រពន្ធដើម ទើបបែកគំនិតធ្វើបែបនេះតែម្តង ។

ក្រោយពីចាប់បានជនដៃដល់ ជាឃាតកហើយ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនឃាតកទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕