ព្រឺក្បាលណាស់! ឮសំឡេងមនុស្សស្រីស្រែកយំឱ្យជួយចេញពីក្នុងព្រៃបន្លា ប៉ុន្តែរកពុំឃើញមនុស្សឡើយ ខណៈដែលប្រើពេលរកជាច្រើនម៉ោង

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយយ៉ាងចំឡែកមួយ បន្ទាប់ពីប្រជាពលរដ្ឋឮសំឡេងមនុស្សស្រីម្នាក់ ស្រែកយំឱ្យគេជួយនៅក្នុងព្រៃ ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដើររកជាច្រើនម៉ោង តែរកមិនឃើញ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅក្នុងព្រៃមានទឹកសុទ្ធតែដើមបន្លាអុយយ៉ាស់ (បន្លាយួន) ​ស្ថិតនៅខាងក្រោយ របងសួនកាណាឌីយ៉ា ​ជាប់ដីវាលកន្លែងលក់ទឹកត្នោតជូរ ភូមិ​ត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ​ ។

​តាមប្រភពព័ត៌មានពីអ្នកលក់នំបញ្ចុក និងប្រជាពលរដ្ឋផ្សេងទៀតបានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានឮសំឡេងមនុស្សស្រីស្រែកយំ ឱ្យគេជួយជាច្រើនដង បន្ទាប់មកប្រជាពលរដ្ឋខាងលើប្រាប់តៗគ្នាថា មានសំឡេងនារីម្នាក់ស្រែកឱ្យគេជួយនៅក្នុងព្រៃ សង្ស័យថាគេចាប់មនុស្សស្រីយកទៅធ្វើបាប រឺក៏យកទៅរំលោភហើយសម្លាប់ ។



​ភ្លាមៗនោះដែរ ប្រជាពលរដ្ឋ ប្រជាការពារសង្កាត់ចោមចៅ១ និងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ បាននាំគ្នាយកភ្លើងទៅបញ្ចាំងចូលក្នុងព្រៃ មានទឹកសុះសុទ្ធតែបន្លាយួន រុករកអស់រយៈពេលជាង ៣ម៉ោងនៅតែរកមិនឃើញ បន្ទាប់មកប្រជាពលរដ្ឋ និងសមត្ថកិច្ចបាននាំគ្នាត្រឡប់ទៅទៅគោលដៅវិញ​ទាំងមិនអស់ចិត្តឡើយ ៕