អានហើយស្ទើរស្រក់ទឹកភ្នែក!!! ក្មេងស្រីកម្សត់សំពះ​រូបថតម្ដាយរាល់ព្រឹកប្រាប់ថា​ ម៉ាក់អើយ……

រូប​ថត​ចំនួន ៣​សន្លឹក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ខ្មែរ​ម្នាក់ បង្ហោះ​នៅ​​ព្រឹក​ថ្ងៃ​ទី ៨ ​វិច្ឆិកា ឆ្នាំ ២០១៧ ​ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ជា​ច្រើន​អាណិត​អាសូរ​ពន់​ពេក ពេល​ដឹង​ថា​កូន​ប្រុស​ស្រី​ទាំង​ ៣​នាក់ បាន​បាត់​បង់​ម្ដាយ​​ជាទី​ស្រលាញ់​ទាំង​វ័យ​ក្មេង។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សាវឌី ​បាន​រៀប​រាប់​ថា ​ក្មេង​ទាំង​ ៣​នាក់​បាន​កំព្រា​ម្ដាយ​ហើយ​ ​ដោយ​បន្សល់​ទុក​ឲ្យ​នៅ​រួម​រស់​ជាមួយ​ឪពុក​តែ​ម្នាក់។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​រំជួល​ចិត្ត គឺ​កូន​ស្រី​បង​អាយុ​ទើប ១០​ឆ្នាំ តែង​តែ​ក្រោក​ពី​ព្រលឹម​ទៅ​សំពះ​រូប​ថត​សព​ម្ដាយ​រាល់​ព្រឹក និង​ប្រាប់​ថា​ ខ្លួន​​ទៅ​រៀន​ហើយ។

​សាវឌី បាន​សរសេរ​ថា​ «ក្មេង​ស្រី​ៗ​ដេក​អោប​ប្អូន​ប្រុស​ពៅ ទាំង​បី​នាក់​បង​ប្អូន ព្រឹក​ឡើង​អុជ​ធូប​បី​សរសៃ​សំពះ​លា​ម្តាយ​ថា៖ ​ម៉ាក់​អើយ​កូន​លា​ម៉ាក់​ ទៅ​រៀន​ហើយ​ណា​ម៉ាក់។

នាង​មាន​អាយុ ១០​ឆ្នាំ រៀន​ខ្មែរ​ថ្នាក់​ទី ៧ តាំង​ពី​រៀន​មក​មិន​ដែល​បាន​លេខ​ពីរ​ទេ​ បាន​តែ​លេខ​មួយ​រហូត។​ បើ​និយាយ​ពី​អក្សរ​ខ្មែរ​របស់​នាង​វិញ សុំទោស​ផង​ចុះ​មិត្តៗ បណ្ឌិត​សុំ​ខ្មាស ស្អាត​ណាស់ តែ​ពេល​នេះ​នាង​បាន​បាត់​បង់​អ្នក​ម្តាយ​នៅ​សល់​តែ​ប៉ា ដែល​ដៃ​ម្ខាង​របស់​ប៉ា​ជា​រៀង​រាល់​ព្រឹក ជូត​ផ្ទះ​បណ្តើរ ដៃ​ម្ខាង​ទៀត​អោប​កូន​ប្រុស​ពៅ​បណ្តើរ។

អ្វីៗ​ដែល​ សាវឌី (ឈ្មោះ) លើក​មក​នេះ ចង់​អោយ​អ្នក​ចិត្ត​ល្អ​មេត្តា​ជួយ​ជា​កំលាំង​ចិត្ត ​ដល់​ពួក​គាត់ ដែល​កំពុង​រងា​ផង​ចុះ។ ជីវិត​ពិត របស់​គ្រួសារ​មួយ​នៅ​ប៉ោយប៉ែត​»។

បើ​តាម​ប្រភព​ខាង​លើ​ដដែល​បន្ថែម​ថា ​ក្មេង​ស្រី​រៀន​ពូកែ​នេះ ​រៀន​នៅ​សាលា​ឯកជន សុវណ្ណភូមិ ​ក្រុង​ប៉ោយប៉ែត។ ​ចំណែក​ម្ដាយ​របស់​ពួក​គេ បាន​លាចាក​លោក​ទាំង​វ័យ​ក្មេង​ដោយ​សារ​ជំងឺ​សាច់​ដុះ​ក្នុង​ខួរ​ក្បាល៕