បងប្អួនគិតយ៉ាងមិញដែរ??មន្ត្រី​ប៉ូលិស​វាយ​ប្រពន្ធ ថ្នាក់​លើ​ដាក់​វិន័យ…

ខេត្ត​ប៉ៃលិន ៖ មក​ដល់​ពេល​នេះ យោងតាម​សំណើ​របស់​ក្រុមប្រឹក្សាវិន័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ដាក់​ទណ្ឌកម្ម​លោក​វរសេនីយ៍ត្រី កន សា​រុន អត្តលេខ​៥៥៦៨៩ ឋានៈ​នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល តាម​រូបភាព​អប់រំ​ព្រមាន​ដូច​ខាងក្រោម​៖

ទី​១-​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​អនុវត្ត​ការងារ​ជំនាញ ដោយ​ត្រូវ​ឱ្យមក​ធ្វើការ​អប់រំ​កែប្រែ​កំហុស​នៅ​ការិ​យាល័យ​បុគ្គលិក ។ ទី​២-​ចុះ​វត្ត​មាននៅ​ការិយាល័យ​បុគ្គលិក​ក្នុង​១​ថ្ងៃ​៤​ដង​រៀងរាល់ថ្ងៃ​ធ្វើការ គឺ​ម៉ោង​៧​និង​៣០​នាទី​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ម៉ោង​២​រសៀល​ដល់​ម៉ោង​៥​ល្ងាច ។ ចំពោះ​មូលហេតុ ដោយ​សារ​​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ ដោយ​លោក កន សា​រុន ត្រូវ​កែប្រែ​កំហុស​របស់​ខ្លួន​ឱ្យ​បាន​ល្អ ។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ បើតាម​ប្រភព​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Nun Nou ដែល​អះអាង​ថា ជា​ប្រពន្ធ​របស់​មន្ត្រី​នគរបាល​ម្នាក់​នៅ​ស្នងការដ្ឋាន​ខេត្ត បាន​សរសេរ​រៀបរាប់​ពី​ទុក្ខ​លំបាក ដោយសារ​តែ​មានការ​វាយដំ​ទាត់​ធាក់​ទៅ​លើ​រូប​នាង ពី​សំណាក់​បុរស​ជា​ប្តី​ជូន​ជា​ដំណឹង​ដល់​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ។តាម​ការ​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១ ខែមេសា វេលា​ម៉ោង​១០​យប់ ឈ្មោះ កនសា​រុន ជា​ប្តី​ដែល​ជា​អ្នក​យល់​ច្បាប់ បាន​ដាល់និង​ទះកំផ្លៀង​ទាត់​ធាក់​គាត់​នៅ​ក្បែរផ្លូវ​មួយ​រហូត​គាត់​ផ្ងារ​ក្រោយ រួច​គេចខ្លួន​ទៅ​បាត់​ធ្វើ​ឱ្យ​គាត់​វង្វេងវង្វាន់​រហូត​ដល់​ឥឡូវ និង​ដាល់​គាត់​ជា​ប្រពន្ធ​ចំ​គុម្ពត្រចៀក​ខាងស្តាំ ។ ការ​ឈាន​ដល់​វាយ​ទាត់​ធាក់​នេះ ត្រូវ​បាន​ប្រពន្ធ​ចោទ​ថា​ព្រោះតែ​ប្តី​មាន​ស្រី​នៅ​ក្រៅ​ផ្ទះ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក កន សា​រុន បាន​ឆ្លើយ​តប​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​ធ្វើការ​បដិសេធ​ពី​បាតុភាព​ដែល​កើតឡើង​នោះ​ថា​មិន​ពិត ។ ទោះបីជា​បែប​ណា មន្ត្រី​នគរបាល​រូប​នេះ​ក៏​ត្រូវ​ទទួល​រង​នូវ​ការ​ដាក់​វិន័យ​ផង​ដែរ ៕