លោកគ្រូបង្រៀនម្នាក់ ផឹកកាហ្វេមួយកែវ ដាច់ខ្យល់ស្លាប់លើកៅអី

កណ្ដាល៖ ​បុរស​ម្នាក់​អង្គុយ​ផឹក​កាហ្វេ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ស្រាប់តែ​គាំងបេះដូង​ស្លាប់ កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៨ ។

ជន​រង​គ្រោះ​ឈ្មោះ ឆឹង សុខុម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា ហ៊ុន សែន ខ្ពប​វែង ទីលំនៅ​ភូមិ​តា​ខ្មៅ សង្កាត់​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ។ ម្ចាស់ហាងបានឲ្យដឹងថា «នៅ​វេលា​ម៉ោង​២​រសៀល​ជន​រង​គ្រោះ​បាន​មក​ចូល​ហាង​កាហ្វេ​ដោយ​មាន​កាន់​បាយ មួយ​ប្រអប់​ដែល​ជន​រង​គ្រោះ​បាន​ទិញ​ពី​ខាងក្រៅ​មក ។ ពេល​មក​ដល់​ហាង​កាហ្វេ​គាត់​បាន​អង្គុយ​ហូប​បាយ​នៅ​លើ​តុ​ធម្មតា លុះ​ពេល​ហូប​បាយ​រួច​គាត់​ក៏​បាន​ហៅ​កាហ្វេ​មួយ​កែវ​បន្ទាប់​មក​អង្គុយ​ផឹក​បណ្តើរ និង មើល​ទូរទស្សន៍​បណ្តើរ»។ លុះរហូតដល់ម៉ោង ៩យប់ ក៏ឃើញនៅតែអង្គុយដដែល រំពេចនោះម្ចាស់ហាងទៅដាស់ទើបដឹងថា ស្លាប់បាត់ទៅហើយ។