ពិតជាភ្លែក!!!!ឆ្លៀតប្រពន្ធធ្លាក់សម្រស់បែរទៅប្រៀបធៀបនឹង​ស្រីខាងក្រៅ លទ្ធផលចុង​ក្រោយទើបភ្លឺភ្នែក

ប្ដី​ប្រពន្ធ​រៀបការ​ទើប​បាន ៥ឆ្នាំ​មួយ​គូ ​រស់​នៅ​យ៉ាង​មាន​សេចក្ដី​សុខ​ដោយ​ប្ដី​ជា​បុគ្គលិក​ក្រុម​ហ៊ុន​​ និង​ប្រពន្ធ​ជា​មេផ្ទះ​មាន​កូន​តូច​ម្នាក់។ ​ប្រពន្ធ​មិន​សូវ​បាន​ដើរ​ចេញ​ទៅ​ក្រៅ​ប៉ុន្មាន​​ទេ ​ព្រោះ​​តែ​ចំណាយ​ពេល​ជា​មួយ​តែ​កិច្ច​ការ​ផ្ទះ​ជា​ច្រើន​។

​នា​ល្ងាច​មួយ​ ពួក​គេ​បាន​ញ៉ាំ​អាហារ​​​​ដូច​សព្វ​ដង​នៅ​ផ្ទះ​ ​ប៉ុន្តែ​រំពេច​នោះ​ ​ស្រាប់​តែ​ប្ដី​​នឹក​ឃើញ​​​រឿង​មួយ រួច​និយាយ​ជាមួយ​ប្រពន្ធ​ថា « ​មេ​របស់​បង​មាន​ប្រពន្ធ​ស្អាត​ណាស់ ប៉ុន្តែ​បង​ឮ​ពាក្យ​ចចាមអារ៉ាម​ចេញ​ពី​កន្លែង​ធ្វើ​ការ​ថា ​ទំនាក់​ទំនង​ពួក​គាត់​ចាប់​ផ្ដើម​រង្គោះរង្គើ​ឈាន​ទៅ​រក​ការ​ចែក​ផ្លូវ​គ្នា។ ​គាត់​មាន​គំរោង​លែង​លះ និង​រក​ប្រពន្ធ​ថ្មី​ម្នាក់​ទៀត​ហើយ។ ​និយាយ​ដល់​រឿង​នេះ ​បង​គិត​ថា តើ​ប្ដី​ឯណា​មិន​ធុញ​ទ្រាន់​ពេល​មក​ពី​ធ្វើ​ការ​ ឃើញ​តែ​មនុស្ស​​មុខ​ដដែល​ៗ​រាល់​ថ្ងៃ?

​ប្រពន្ធ​គ្រាន់​តែ​ឮ​សម្ដី​ប្ដី​​​​ ​ភ្ញាក់​ខ្លួន​ព្រើត​ស្ទើរ​គាំង​ មិន​នឹក​ស្មាន​ថា ​ប្ដី​ខ្លួន​ឯង​ហ៊ាន​ហា​ស្ដី​ពាក្យ​ដូច្នេះ។ នាង​បាន​លេប​អាហារ​យឺត​ៗ​បណ្ដើរ និង​ឆ្លើយ​តប​ទៅ​ប្ដី​ថា “​ប្រសិន​បើ​ថ្ងៃ​មួយ មាន​នារី​ស្អាត​ម្នាក់​ចាប់​អារម្មណ៍​លើ​បង ហើយ​សុំ​ណាត់​ជួប​បង​​ខាង​ក្រៅ តើ​បង​ព្រម​ទៅ​​ជាមួយ​ទេ”? ប្ដី​ទម្លាក់​ទឹក​មុខ​ភ្លាម​និយាយ​មិន​ចេញ។

បន្ទាប់​មក​ប្រពន្ធ​បន្ថែម​ថា “​បើ​ថ្ងៃ​មួយ បង​ឃើញ​នារី​ស្រស់​ស្អាត​ម្នាក់​សាច់​ស​ស្រឡូន ​មាន​សំលៀក​បំពាក់​ទំនើប​ទាន់​សម័យ ហើយ​ចង់​ប្រៀប​ធៀប​នាង​ជាមួយ​ប្រពន្ធ អូន​មិន​​ដឹង​ថា អូន​មាន​​រូប​រាង​អាក្រក់​ប៉ុនណា​ទេ។ ​ប៉ុន្តែ​អូន​ចង់​សួរ​​​វិញ​ថា​ ​តើ​នាង​ចំណាយ​ពេល​ និង​ប្រាក់​កាស​អស់​​ប៉ុន្មាន​ក្នុង​មួយ​ខែ​ៗ​ ដើម្បី​រក្សា​សម្រស់​របស់​នាង? អីចឹង ​បង​សាក​​យក​ចំនួន​ទឹក​ប្រាក់ និង​ពេល​វេលា​ទាំង​នោះ​មក​ឲ្យ​អូន​វិញ អូន​ប្រាកដ​ជា​ស្អាត​ដូច​នាង​មិន​ខាន ប៉ុន្តែ​អូន​..”។

ប្ដី​​​នៅ​ស្ងៀម​ពេល​ឮ​សម្ដី​ប្រពន្ធ ​គាត់​មិន​​មាន​យោបល់​អ្វី​សម្រាប់​ឆ្លើយ​តប​ទៅ​ប្រពន្ធ​​វិញ​ឡើយ។ ​ប្រពន្ធ​បន្ត​ «​ប្រសិន​បើ​បង​ចង់​ធ្វើ​តាម​មេ​របស់​បង ​រក​នារី​ស្អាត​ម្នាក់ ​រៀប​ការ​ជាមួយ​នាង​ទៀត​ទៅ។ ​អូន​សន្យា​មើល​ថែ​កូន​របស់​យើង​ឲ្យ​បាន​ល្អ ហើយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​កែវ​ភ្នែក​បង ដូច្នេះ​បង​អាច​នាំ​ប្រពន្ធ​ថ្មី​នោះ ​មក​នៅ​ផ្ទះ​នេះ​បាន​ហើយ ​ប៉ុន្តែ​យើង​នឹង​ឃើញ​លទ្ធផល​នៅ ៥​ឆ្នាំ​ទៅ​មុខ​ទៀត។ តើ​បង​នៅ​មើល​ឃើញ​នាង​ស្អាត​ដូច​ពេល​នេះ​ទេ? ឬ​​ពេល​នោះ ​បង​នឹង​ដូរ​ថ្មី រក​ស្រី​ម្នាក់​ទៀត?

​បន្ទាប់​ពី​ស្ដាប់​ហេតុ​ផល​ប្រពន្ធ​​ជា​ហូរ​ហែ ​ប្ដី​ចាប់​ផ្ដើម​តប​វិញ​មួយ​ឃ្លា​ថា «​បង​គ្រាន់​តែ​និយាយ​លេង​ទេ​»។ ​ប្រពន្ធ​បន្ថែម​ «​វា​នឹង​ល្អ​ប្រសើរ ប្រសិន​បើ​នាង​នោះ​អាច​មើល​ថែ​កូន​របស់​យើង ​បង និង​ឪពុក​ម្ដាយ​របស់​បង។ បើ​អីចឹង​មែន អូន​សុខ​ចិត្ត​ចាក​ចេញ​ពី​ជីវិត​បង ​ហើយ​ចំណាយ​ប្រាក់​របស់​អូន​ទាំង​អម្បាលម៉ាន​សម្រាប់​ជីវិត​​អូន ​រស់​នៅ​ដោយ​​ភាព​រីករាយ​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ ​ឬ​ផ្គាប់​ចិត្ត​​អ្នក​ដទៃ ​ប៉ុន្តែ​អូន​ធ្វើ​រឿង​ទាំង​នេះ​មិន​​​បាន​ទេ ចាប់​តាំង​ពី​អូន​រៀប​ការ​ជាមួយ​បង​មក​»។

​ប្ដី​រន្ធត់​ចិត្ត​ពេល​បាន​ឮ​ការ​បរិយាយ​របស់​ប្រពន្ធ ​ពាក្យ​សម្ដី​ទាំង​អស់​បាន​ដាស់​អារម្មណ៍​ប្ដី​ដែល​មិន​បាន​មើល​ឃើញ ឬ​ចាប់​អារម្មណ៍​ការ​លះ​បង់​របស់​ប្រពន្ធ​ ចំពោះ​ប្ដី កូន​ៗ និង​គ្រួសារ​ទាំង​មូល​​ជា​ច្រើន​ឆ្នាំ​មក​នេះ។ ​ប្រពន្ធ​បន្ត​ «​អ្វី​ដែល​បង​ត្រូវ​ការ​ពិត​ប្រាកដ​ពេល​នេះ គឺ​ស្ត្រី​មេ​ផ្ទះ​ម្នាក់​ មិន​មែន​ស្រី​កំណាន់​ទេ! ​រក​ស្ត្រី​មេ​ផ្ទះ​ម្នាក់​ អូន​ក៏​​ពេញ​ចិត្ត​សម្រាប់​​ឲ្យ​ថែរក្សា​ផ្ទះ​សម្បែង​របស់​យើង ដូច្នេះ​អូន​មាន​ពេល​ធ្វើ​ខ្លួន​ស្លៀក​ពាក់​ស្អាត​បាត និង​មាន​ពេល​នៅ​ជាមួយ​បង​គ្រប់​ពេល​ជាក់​ជា​មិន​ខាន​។

​បើ​បាន​ស្ត្រី​មេ​ផ្ទះ​ម្នាក់ គឺ​ជា​រឿង​ប្រសើរ​ខ្លាំង​ណាស់​សម្រាប់​បង សម្រាប់​អូន និង​គ្រួសារ ព្រោះ​ពេល​នេះ​មួយ​សប្ដាហ៍ ៧​ថ្ងៃ អូន​នៅ​តែ​ជុំវិញ​ចង្ក្រាន ជុំ​វិញ​ផ្ទះ​តែ​ម្នាក់​ឯង ​ខណៈ​ពេល​បង​ទៅ​ធ្វើ​ការ​បាត់​ៗ​ពី​ផ្ទះ​​ព្រឹក​ចេញ​ល្ងាច​ចូល។ ​ប្ដី​និយាយ​កាត់​សម្ដី​ប្រពន្ធ «​បាន​ហើយ​អូន អរគុណ​​ប្រពន្ធ​សម្លាញ់​! យើង​នឹង​រួម​រស់​ជាមួយ​គ្នា​ដល់​ចាស់ ចាប់​ពី​ពេល​នេះ​ទៅ បង​ឈប់​និយាយ ឈប់​គិត​រឿង​ឆ្កួត​ៗ​បែប​នេះ​ទៀត​ហើយ»៕

គំនិត​អប់រំ៖ ចូរ​ប្ដី​ទាំង​ឡាយ​កុំ​គិត​ថា​ នារី​ផ្សេង​ល្អ​ប្រសើរ​ជាង​ប្រពន្ធ​របស់​ខ្លួនឯង​។ ​សម្រស់​របស់​ភរិយា​ធ្លាក់​ចុះ គឺ​ដោយ​សារ​តែ​​អ្នក​ណា? ​នាង​លះ​បង់​សម្រស់​ខ្លួន​ឯង​ដើម្បី​ធ្វើ​ជា​ប្រពន្ធ​ល្អ មេ​ផ្ទះ​ល្អ និង​ម្ដាយ​ល្អ គ្មាន​សម្រស់​អ្នក​ណា​នៅ​ឋិតថេរ​អមតៈ​រហូត​ឡើយ។ ​តើ​នាង​មាន​អារម្មណ៍​បែប​ណា ពេល​ប្ដី​ជា​ទី​ស្រលាញ់​ប្រៀប​ធៀប​នាង​ទៅ​នឹង​នារី​វ័យ​ក្មេង​ខាង​ក្រៅ? ​បើ​មាន​ប្រពន្ធ​ដ៏​ល្អ​បែប​នេះ​ហើយ ​សូម​បុរស​ទាំង​អស់​ត្រូវ​បំពេញ​តួនាទី ​ជា​ប្ដី​មាន​ទំនួល​ខុស​ត្រូវ ​ផ្ដល់​ភាព​កក់ក្ដៅ ​ឬ​ភាព​សប្បាយ​រីករាយ​ដល់​គ្រួសារ​វិញ​ផង។

​ចំណង​អាពាហ៍ពិពាហ៍​រក្សា​នៅ​បាន​​ល្អ តម្រូវ​ឲ្យ​មាន​ការ​យោគយល់​អធ្យាស្រ័យ ​ការ​ខិតខំ​ប្រឹង​ប្រែង ការ​លះបង់​រវាង​ភាគី​ទាំង​សង​ខាង។ ​សុភមង្គល​អាពាហ៍ពិពាហ៍ គឺ​​មិន​បាន​កើត​មក​ឲ្យ​យើង​ងាយ​ៗ​ទេ ​ប៉ុន្តែ​ទាម​ទារ​ឲ្យ​យើង​ទាំង​ពីរ​ត្រូវ​បង្កើត​វា​ឡើង​តាម​រយៈ​ការ​ផ្ដល់​ក្ដី​ស្រលាញ់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក៕