គួរអោយរន្ធត់!!!រន្ទះឆ្នាំនេះ សាហាវណាស់ ប្រយ័ត្នផងបុរសម្នាក់ឃើញភ្លៀង រត់ទៅត្រងទឹក រន្ទះបាញ់ស្លាប់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ឃើញភ្លៀងកំពុងបង្អុរចុះ រត់មកត្រងទឹកទុកប្រើប្រាស់ ស្រាប់តែជួបនឹងគ្រោះអកុសល ត្រូវរន្ទះបាញ់លាន់កក្រើកដី បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មមួយរំពេច​ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ​២០១៨ នៅក្នុងភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

មន្រ្ដីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសាររន្ទះបាញ់នោះ ឈ្មោះ ហ៊ុល សឿល អាយុ៥១ឆ្នាំ មានលំនៅក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ប៉ុន្តែគាត់បានមកធ្វើស្រែចម្លារ នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

មន្រ្ដីនគរបាលដដែល បានបន្តថា មុនពេលកើតមាននូវគ្រោះអកុសលនោះ ភ្លៀងកំពុងបង្អុរចុះមកយ៉ាងខ្លាំង។ ឃើញបែបនេះ ជនរងគ្រោះបានរត់ទៅត្រងទឹកទុកប្រើប្រាស់ ស្រាប់តែរន្ទះបាញ់ឆាំងឡើង លាន់កក្រើកដី បណ្ដាលឲ្យជនរងគ្រោះស្លាប់យ៉ាងអណោចអធ័មមួយរំពេច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័័យ ហើយបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសាររន្ទះ​បាញ់ប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះ ទៅឲ្យសាច់ញាតិ និងក្រុមគ្រួសារ ដឹកទៅផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕