មានអីចង់និយាយទេបងប្អួន?? លោកយាយវ័យ ៨៣ឆ្នាំ មានជំងឺប្រចាំកាយ ត្រូវប្អូនស្រីចាប់ដាក់ច្រវាក់ជើង ដូចសត្វធាតុ គួរឲ្យអាសូរ! (មានវីដេអូ)

ថៃ៖ ពិតជាគួរឲ្យអាណោចអាធ័ម ដែលលោកយាយវ័យចំណាស់ ជនជាតិថៃម្នាក់ កើតមានជំងឺវង្វេងវង្វាន់ រហូតត្រូវបានបងប្អូនស្រី ធ្វើទារុណកម្មដោយចងជើងនឹងច្រវាក់ បង្កឲ្យមានរបួសស្នាម តែទីបំផុតត្រូវបានគេជួយសង្គ្រោះ។

បើយោងតាមប្រភពសារព័ត៌មាន លោកយាយរងគ្រោះមានឈ្មោះ Chuam អាយុ ៨៣ឆ្នាំ រស់នៅក្នុងខេត្ត Chachoengsao ប្រទេសថៃ។

លោកយាយ Chuam ត្រូវបានគេរាយការណ៍ថា កើតមានជំងឺវង្វេងវង្វាន់ (ជំងឺមនុស្សចាស់) និងជាស្រ្តីដែលគ្មានកូនចៅនឹងគេ ដើម្បីជួយមើលថែទាំឡើយ។ ទើបបន្ទុកមួយនេះ ត្រូវធ្លាក់ទៅលើស្រ្តីចំណាស់ជាប្អូនស្រី (ឪពុកតែមួយម្តាយផ្សេងគ្នា) មានវ័យ ៦៥ឆ្នាំ ឈ្មោះ Wimol ដែលរស់នៅផ្ទះក្បែរគ្នានោះ ជាអ្នកជួយមើលថែ។

ប៉ុន្តែជារឿងនឹកស្មានមិនដល់ ដែលប្អូនស្រីរូបនេះ បែរជាយកច្រវាក់ច្រេះទៅរុំចងជើង (ក.ជើង) បងស្រីខ្លួនឯង នឹងសសរទ្វារមុខផ្ទះ ប្រៀបបីដូចសត្វធាតុ បង្ខាំងសេរីភាព ហើយថែមទាំងទទួលរងនូវស្នាមរបួស ហើម និងមានចេញឈាម នៅនឹងកជើងរបស់គាត់ថែមទៀតផង។

ករណីបំពានធ្វើទារុណកម្មដ៏អាក្រក់នេះ ត្រូវបានគេដឹង បន្ទាប់ពីស្រ្តីជាប្អូនស្រី បានសុំឲ្យអ្នកជិតខាងម្នាក់ ឈ្មោះ Chang Neung ថាឲ្យទៅជួយមើលលោកយាយ Chuam ផង។ លុះពេលទៅដល់ ក៏ស្រាប់តែមានការភ្ញាក់ផ្អើល ក្រោយប្រទះឃើញស្ថានភាពរបស់លោកយាយ Chuam បែបនេះ។ ក្រោយមក អ្នកជិតខាង ខាងលើនេះ ក៏បានប្រញាប់ប្រញាល់ ជួយលោកយាយរងគ្រោះ ដោយប្រើដែកឆាបដើម្បីអារផ្ដាច់ច្រវាក់នោះតែម្តង។

ក្រោយកើតហេតុ អាជ្ញាធរក្នុងតំបន់ ក៏បានចុះទៅដល់ទីតាំងផ្ទះខាងលើ នឹងបាននាំខ្លួនស្រ្តីចំណាស់ជាប្អូនស្រី ដើម្បីយកមកសួរនាំផងដែរ។ លោកយាយ Wimol ជាប្អូនស្រី បានពន្យល់ប្រាប់ថា ចំពោះមូលហេតុដែលគាត់សម្រេចចិត្តធ្វើបែបនេះ ក៏ដោយសារតែ ព្រួយបារម្ភខ្លាចស្រ្តីជាបងស្រី បង្កបញ្ហាមិនល្អ ព្រោះតែគាត់វង្វេងវង្វាន់ និងគ្មានកូនចៅមើលថែដូចគេឯង។

ម្យ៉ាងកន្លងមក លោកយាយ Chuam ក៏ធ្លាប់ដើរវង្វេងផ្ទះ ជាច្រើនលើកច្រើនសាមកហើយ ខណៈមានថ្ងៃខ្លះមេឃកំពុងតែព្យុះភ្លៀង តែគាត់បែរជាទៅអង្គុយម្នាក់ឯង នៅឯកណ្ដាលវាលស្រែក៏មាន។ ដូច្នេះការធ្វើបែបនេះ គឺគ្រាន់តែចង់ឲ្យបងស្រីមានសុវត្ថិភាពតែប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា ប្រភពមិនបានបញ្ជាក់ទេថា ស្រ្តីជាប្អូនត្រូវគេចាប់ឃាត់ខ្លួន ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ឬយ៉ាងណានោះទេ។ ខណៈឯលោកយាយរងគ្រោះ Chuam ក៏ត្រូវបានមន្រ្តីថ្នាក់មូលដ្ឋានជួយព្យាបាលរបួស និងផ្តល់ជាស្បៀងអាហារ ក៏ដូចជាការផ្គត់ផ្គង់ថ្នាំសង្កូវ ឧបត្ថម្ភដល់លោកយាយ ដើម្បីជាជំនួយជួយសម្រាលបន្ទុកលំបាក។ ហើយពួកគេក៏បានអះអាងដែរថា នឹងជួយរកមនុស្ស ដើម្បីឲ្យមកជួយមើលថែទាំលោកយាយ Chuam ផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

លោកយាយ Chuam ជើងជាប់ច្រវាក់

លោកយាយ Chuam ទទួលបានការជួយឧបត្ថម្ភ