មិនធម្មតា!!!! ជនជាតិចិន បើកឡានបង្កគ្រោះថ្នាក់ហើយ ឡើងឈរលើដំបូល ស្រែកជេរ…

​ជនជាតិចិន​២នាក់ប្តីប្រពន្ធ ​ស្រវឹងស្រា បើករថយន្តបត់​ចូលណាហ្គាវើរ​ ជ្រុលចង្កូតទៅបុកម៉ូតូ ខ្ទាតទៅប៉ះរថយន្តចតនៅតាមចិញ្ចើមផ្លូវ ​បណ្តាលអោយរងរបួសស្រាល និង​ខូចខាតរថយន្ត​បន្តិចបន្តួច ស្រាប់តែបុរសជាជនជាតិចិន ខឹងពេកដោះអាវ ឡើងលើដំបូលរថយន្ត ស្រែកឡូឡា​ផ្អើលគេឯង បង្កឲ្យមានការភ្ញាក់ផ្អើល ​កាលពីវេលាម៉ោង 1​រំលងអាធាត្រ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយ ផ្លូវព្រះសីហនុកែងផ្លូវ ច្រកចូលណាហ្គាវើរ នៅចំណុចណាហ្គាវើរ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

​ប្រភពព័ត៌មាន​ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ​ជនជាតិចិន ២នាក់ប្តី​ប្រពន្ធ​ ក្នុងស្ថានភាពស្រវឹងស្រា ហើយស្រ្តីជាប្រពន្ធ ជាអ្នកបើករថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AH 8662​ ធ្វើដំណើរ​តាមបណ្តោយផ្លូវ ព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តបង្ក បើកលឿនមិនបានបន្ថយល្បឿននោះទេ ក៏បួងចង្កូតបត់ស្តាំ គោលបំនងបត់ចូលណាហ្គាវើរ ចៃដន្យអីជ្រុលចង្កូត ទៅបុកម៉ូតូមួយគ្រឿង ម៉ាកស្មាស ពណ៌ខ្មៅ ​​ពាក់ស្លាកលេខភ្នំពេញ 1Q 4809 ដែលចតនៅតាមចិញ្ចើមផ្លូវ។

ម្ចាស់ម៉ូតូ ជា​អ្នករត់ម៉ូតូឌុប ប្រចាំនៅមុខណាហ្គាវើរ បាន​អង្គុយនៅលើម៉ូតូ បណ្តាលអោយរងរបួសស្រាល ចំជើង ប៉ុន្តែ​ម៉ូតូរងគ្រោះ បានខ្ទាតក្បាលម៉ូតូ ទៅចំរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AL 9277​ ចតនៅចិញ្ចើមផ្លូវ ធ្វើឲ្យបែកស្តុបនិងចង្កៀង ហើយរថយន្តបង្ក បានបើកចូលទៅក្នុងណាហ្គាវើរ បម្រុងបើក​​រត់គេចខ្លួន ត្រូវបានក្រុមសន្តិសុខណាហ្គាវើរ រួមនិងបងប្អូនអ្នករត់រ៉ឺម៉កម៉ូតូ អ្នកបើកតាក់ស៊ី ​នាំគ្នាឃាត់រថយន្តបង្ក ធ្វើឲ្យ​ជនជាតិចិនប្រុសស្រីនោះ បានចង្អុលមុខ អ្នកចោមរោមមើល និង​អ្នកយកព័ត៌មាន ហើយ​បុរសជនជាតិចិន​ បានឡើងលើដំបូលរថយន្ត ស្រែកឡូឡា រួចដោះអាវបោះចោលទៀត។

ភ្លាមៗនោះដែរ បុរសជាជនជាតិចិន ខឹងបងប្អូនប្រជាពលរដ្ឋ និងអ្នក​យកព័ត៌មាន នាំគ្នាចោមរោមច្រើនពេក រកវ៉ៃទៀតផង ត្រូវបានអ្នកយកព័ត៌មាន និងសមត្ថកិច្ច ហាមឃាត់កុំឲ្យផ្ទុះហិង្សា ​ទើបស្រ្តីជាប្រពន្ធជនជាតិចិន បានទាញដៃបុរសជាប្តី ចុះពីលើ​ដំបូល​រថ​យន្តវិញ។

ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះ បានមកដល់ដឹកយកជនរងគ្រោះ យកទៅព្យាបាលនៅគ្លីនិក​ពន្លឺ រីឯតៃកុងរថយន្ត រួមនឹងរថយន្តបង្ក​ ថែមទាំងរថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រងចាំដោះស្រាយគ្នា នៅពេលក្រោយទៀត ៕