អានហើយពិតជារំភើប!!!នាយពាក់មី ឃើញឪពុកគេនឹកដល់ឪពុកខ្លួន ថាប្រសិនបើគ្មានបងប្អូនអ្នកគាំទ្រ នាយក៏គ្មានឱកាសបានចិញ្ចឹមម្ដាយឪពុកឱ្យរស់ស្រួលដូចបច្ចុប្បន្នដែរ

សិល្បៈ៖ ប្រិយមិត្តទាំងអស់បានដឹងរួចមកហើយថា តារាកំប្លែង ដែលកំពុងទទួលបានប្រជាប្រិយភាពនាយ ពាក់មី ថ្វីបើបានល្បីឈ្មោះ ទ្រព្យសម្បត្តិច្រើនហូរហៀរយ៉ាងណា ក៏នាយមិនដែលភ្លេចកំណើតខ្លួន ដែលធ្លាប់ជាកម្មករសំណង់ឡើយ ហើយជារឿយៗនាយតែងតែតំណាលពីជីវិតរបស់ខ្លួន មុនល្បីឈ្មោះ នៅក្នុងកម្មពិធីនានាទាំងក្រៅ និងក្នុងប៉ុស្ដិ៍ទូរទស្សន៍ ។

ក្រៅពីនេះ តារាកំប្លែងមកពីខេត្តស្វាយរៀងខាងលើ ក៏តែងតែដឹងគុណពុកម៉ែបងប្អូនទាំងអស់ ដែលជាចំណែកមួយយ៉ាងធំសម្រាប់ជីវិតនាយ ដោយនាយតែងតែនិយាយថា បើគ្មានពុកម៉ែបងប្អូន នាយក៏គ្មានថ្ងៃនេះដែរ ដែលចំណុចនេះហើយ ទើបនាយ ពាក់មី មានការស្រឡាញ់ចូលចិត្តច្រើនពីសំណាក់ទស្សនិកជន ។


ទាក់ទងជាមួយគ្នានេះដែរ ថ្មីៗនេះ នាយ ពាក់មី ក៏បានបង្ហោះសារខ្លីមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលនិយាយអំពីកាលំបាករបស់អ៊ុំៗមួយចំនួនតូច ខណៈដែលខំប្រឹងធ្វើការ ពុំស្គាល់សេចក្ដីស្រណុក ហើយនាយក៏បានលើកឧទាហរណ៍ម្ដាយឪពុករបស់ខ្លួនថា ប្រសិនបើគ្មានបងប្អូនអ្នកគាំទ្រ អ្នកមានគុណរបស់នាយ ក៏ពុំអាចមានសេចក្ដីសុខដូចសព្វថ្ងៃនេះដែរ ។
នាយ ពាក់មី បានសរសេរយ៉ាងដូច្នេះថា «ជួបតាមផ្លូវអាណិតណាស់ឪគេឪយើង ជាតិនេះខ្ញុំមានសំណាងបានចិញ្ចឹមឪពុកម្តាយអោយគាត់បានរស់ស្រួល បានសងគុណគាត់ តែអ្វើគ្រប់យ៉ាងដែលខ្ញុំបានមកនេះគីដោយសាបងប្អូនជាអ្នកគាំទ្ររទេ បើគ្មានបងប្អូន ខ្ញុំនឹងឪពុកម្តាយខ្ញុំក៏គ្មានថ្ងៃនេះដែ» ។


សូមបញ្ជាក់ថា នាយពាក់មី ជាមនុស្សដែលដឹងគុណខ្លាំងណាស់ ចំពោះអ្នកមានគុណរបស់នាយ ជាក់ស្ដែងក្រៅពីចិញ្ចឹមបីបាច់អ្នកមានគុណហើយ នាយក៏បានចំណាយលុយខ្ទង់សែនដុល្លារ សាងសង់ផ្ទះដ៏ប្រណីតជូនអ្នកមានគុណទាំងពីររស់នៅថែមទៀតផង ៕