ពិតជាអាណិត!!!!មើលហើយអោយតំលៃផងតើខុសឬក៏ត្រូវក្មេងពីនាក់ស្រលាញ់គ្នាបំបែកគ្នាដូចរឿងទុំទាវមើលហើយអាណិតសឹងខ្លោចចឹត្តលោកអើយ

យោងតាមគណនីហ្វេសប៊ុកឈ្មោះសៀម លីដា កាលពីវេលាម៉ោង៧និង១៨នាទីយប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ បានបង្ហោះវីដេអូឃ្លីបចំនួន២ ក្នុងនោះ ឃ្លីបទី១ មានរយៈពេល៣នាទី ចំណែកឃ្លីបទី២ មានរយៈពេល២២វិនាទី ដែលបង្ហាញពីសកម្មភាពជម្លោះដ៏ចម្រូងចម្រាស រវាងក្រុមគ្រូសារខាងស្រី និងខាងប្រុស ខណៈដែលឪពុកម្តាយខាងស្រីបានតាមមកនាំកូនស្រីរបស់ខ្លួន ដែលបានរត់ឡើងផ្ទះប្រុសស្នេហ៍ ដើម្បីនាំត្រឡប់ទៅផ្ទះវិញ លុះកូនស្រីក្រាញននៀលមិនព្រមទៅ ក៏ត្រូវស្ត្រីជាម្តាយប្រើអំពើហិង្សាវាយដំទាត់ធាក់យ៉ាងចាស់ដៃ។
ជាមួយនេះ ម្ចាស់គណនីហ្វេសប៊ុក សៀម លីដា ក៏បានបង្ហោះសារមួយផងដែរថា “មើលហើយឱ្យតំលៃផង តើខុសឬក៏ត្រូវ ក្មេងពីរនាក់ស្រលាញ់គ្នា បំបែកគ្នាដូចរឿងទុំទាវ មើលហើយអាណិតសឹងខ្លោចចិត្តលោកអើយ

យោងតាមម្ចាស់គណនី សៀម លីដា បានបង្ហើបឱ្យដឹងថា តាមពិតក្មេងប្រុសស្រីទាំង២នាក់ខាងលើ បានស្រលាញ់គ្នាជាយូរមកហើយ និងធ្លាប់កើតមានបញ្ហាបែបនេះម្តងរួចមកហើយ តែត្រូវម្តាយខាងស្រីតាមមកបំបែកយកកូនស្រីត្រឡប់ទៅវិញបានមួយរយៈ ស្រាប់តែពេលនេះក៏កើតរឿងរ៉ាវសារជាថ្មី ដោយភាគីខាងស្រីបានរត់ឡើងមករួមរស់ជាមួយប្រុសស្នេហ៍ដល់លើផ្ទះ ជាហេតុធ្វើឱ្យម្តាយឪពុកខឹង ក៏តាមមកហៅយកកូនស្រីទៅវិញ លុះនាងមិនព្រមទៅ ទើបកើតជាជម្លោះ ឈានដល់ការប្រើហិង្សាវាយតប់កូនស្រីបែបនេះតែម្តង។ ចំណែកមូលហេតុដែលម្តាយខាងស្រីចេះតែតាមបំបែកស្នេហ៍កូនស្រីនេះ ដោយសារតែមើលឃើញថា គ្រួសារខាងប្រុសក្រីក្រពេក ទើបម្តាយខាងស្រីមិនពេញចិត្ត មិនចង់ឱ្យកូនស្រីផ្សារសាច់ផ្សារឈាមជាមួយយុវជនជាគូស្នេហ៍។

ម្ចាស់គណនីខាងលើ បានសរសេរបញ្ជាក់ថា “គ្នាស្រលាញ់គ្នារត់ទៅជាមួយគ្នាម្តងហើយ ដោយសារម៉ែឪខាងប្រុសគ្នាខ្វះខាត ទើបខាងស្រីមិនឱ្យយកគ្នា តែអ្នកទាំងពីរនៅតែស្រលាញ់ ទើបក្លាយជាបែបហ្នឹងទៅ ធ្វើចឹងម្តងរួចហើយ ដោយសារខាងប្រុសមានជីវភាពខ្វះខាត ទើបខាងស្រីបំបែក…”។

ជុំវិញរឿងរ៉ាវស្នេហាយុវវ័យដ៏ចម្រូងចម្រាសខាងលើនេះ គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចែករំលែក និងបានចូលរួមជាមតិយោបល់ខុសៗគ្នាជាច្រើន ក្នុងនោះ មានការលើកឡើងថា “ស្រលាញ់ដល់ថ្នាក់នេះទៅហើយ បើយើងបំបែក អាចគ្រោះថ្នាក់ដល់អាយុជីវិត ក៏អាចថាបានដែរ ហើយម៉្យាងវិញទៀត បើជាគូរបស់គេទៅហើយ ទោះជាយើងខំបំបែកថ្ងៃនេះបាន ថ្ងៃក្រោយក៏អាចជួបគ្នាវិញដដែលនឹង បណ្តោយតាមព្រហ្មលិខិតទៅ…” “ខ្ញុំគិតថា មកពីម៉ែខាងស្រីមិនពេញចិត្តខាងប្រុសបានបំបែក មិនចង់ឱ្យរស់នៅជាមួយគ្នា ម៉ែណាមិនចង់ឱ្យកូនល្អ មកពីកូនទើបម៉ែខំណែនាំឱ្យដើរផ្លូវល្អ តែបើកូនស្រីហ្នឹងអត់ប្រយោជន៍ ឱ្យធ្វើតាមចិត្តម៉ាអស់ខ្យល់សិនទៅ នឹងដឹងថាពិបាកយ៉ាងណា ពីព្រោះម៉ែនិយាយមិនព្រមស្តាប់…” “បើពួកគេស្រលាញ់គ្នាហើយ ម៉េចក៏មិនរៀបចំឱ្យគេទៅ ធ្វើឪពុកម្តាយត្រូវយល់ឱ្យស៊ីជម្រៅផង ក្នុងការសម្របសម្រួលមនុស្ស សម័យនេះហើយមិនដូចកាលពី៦០ឆ្នាំមុននោះទេ ពេលនេះគឺសម័យទំនើប ផឹកទឹកម៉ាស៊ីន ភ្លើងអគ្គិសនី៘…” “ចាំបាច់ធ្វើចឹងធ្វើអី សម័យនេះហើយនៅមានឪពុកម្តាយចឹងទៀត មែនបើជ្រុលជាពួកគាត់ស្រលាញ់គ្នាហើយ ម៉េចមិនបំពេញបំណង់គាត់ទៅ ដល់ពេលកូនៗគិតខ្លី តាំងថាគ្នានឹងមិនចេះគិតទៀតហើយ…”។