កូនស្រីចិត្តតិរច្ឆាន!!! ព្រោះតែលុយ៣ពាន់រៀល កូនស្រីតិរច្ឆាន ទាញកាំបិតផ្គាក់ កាប់ឪពុកបង្កើតស្លាប់…

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី៥ មេសា ២០១៨ មានករណីឃាតកម្មមួយ ដោយកូនស្រីបង្កើត បានទាញកាំបិតសម្លាប់ឪពុកខ្លួនឯង ព្រោះតែរឿងលក់ឆៃថាវបាត់លុយ៣ពាន់រៀល ។ ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងនៅក្នុងភូមិល្វាសកណ្តាល ឃុំល្វាស ស្រុកល្វាឯម។

ឪពុកដែលរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ឯម រឿន ភេទប្រុស អាយុ៦៦ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនដៃដល់ ចំណែកកូនស្រីដែលជាជនដៃដល់ ឈ្មោះ ឃុត ចាន់នី អាយុ៣១ឆ្នាំ ត្រូវជាកូនស្រីបង្កើត របស់ជនរងគ្រោះ ។

បើតាមការរៀបរាប់ឲ្យដឹង ពីអ្នកឃើញហេតុការផ្ទាល់ បានប្រាប់ថា ពេលកើតហេតុ គេបានឃើញកូនស្រីជាជនដៃដល់ មកពីលក់ឆៃថាវវិញ ដល់ផ្ទះក៏បានដកលុយមករាប់មើល ស្រាប់តែឃើញលុយបាត់អស់៣ពាន់រៀល ហើយបានគិតថា មានតែឪពុកទេ ដែលជាអ្នកយកលុយនោះ។ មិនដែលជាចិត្តនាង បានគិតអ្វីឡើយ ស្រាប់តែពេលឪពុកមកពីកន្លែង កាត់សក់វិញ នាងបានស្ទុះទៅយកកាំបិតផ្គាក់ មកកាប់ឪពុកបង្កើតស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមតែម្តង ។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ពីអ្នកជិតខាងភ្លាម មន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលល្វាស ក៏បានដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុភ្លាមៗ ហើយបានស្វែងរក និងចាប់ខ្លួនកូនស្រីជាឃាតក បានភ្លាមៗផងដែរ ហើយបានបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕