អានហើយពិតជាអាណិតដ៏ពួកគាត់!!!ពិតជាក្តុកក្តួលណាស់ នៅពេលលោក ណុប បាយ៉ារិទ្ធ យករឿងរ៉ាវទាំងនេះមកលាតត្រដាងប្រាប់ឲ្យដឹង

កាលពីម្សិលមិញនេះ តារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស បានបង្ហោះសារមួយដ៏វែងអន្លាយដែលរៀបរាប់ពីដំណើររឿងនៃការថតកុនរបស់លោក ក៏ដូចជាអ្នកដែលពាក់ព័ន្ធរឿងមួយនេះ នៅពេលអាចចប់ពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ព្រោះទំរាំបានថតចប់កុនមួយរឿងពិតជាមិនធម្មតានោះទេ ដោយក្នុងនោះលោកបានរៀបរាប់យ៉ាងលម្អិតថា៖


“ផ្តើមចេញពីគំនិតផ្តួចផ្តើមផលិតរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃផលិតកម្មនិងអ្នកដឹកនាំរឿង លោកកៅសីហា Kao Seiha បានដំណើរការផលិតនូវខ្សែភាពយន្តភាគខ្មែរឆ្នាំ២០១៨របស់ផលិតកម្មហង្សមាស និងរស្មីហង្សមាស គឺរឿង «រាជិនីភូមិគ្រឹះ» ដែលជាស្នាដៃនិពន្ធនិពន្ធដោយកវីនិពន្ធប្រលោមលោកដែលទទួលបានជ័យលាភីជាច្រើនលោក យូ សុភា យូ សុភា អ្នកនិពន្ឋ !


ឆ្លងកាត់ការលំអិតនូវសាច់រឿងរៀបចំសេណារីយោ និង ការស្រាវជ្រាវ ម៉ូតសម្លៀកបំពាក់ ម៉ូតសក់ អ្នកតុបតែងមុខ តុបតែងសក់ដ៍ចំណាន Keo Vitou Bi Da និងការតុបតែងឆាកផ្សេងៗ ពិសេសការជ្រើសរើសតួរ ដោយជ្រើសរើសតារាជើងចាស់ល្បីៗជាច្រើនរូប និងតារាតារារួមជំនាន់ ហើយអរគុណណាស់ដែលបានជ្រើសរើសរូបខ្ញុំជាតួរអង្គក្នុងរឿងនេះសម្តែងដៃគូរជាមួយប្អូនស្រី សុខ ស្រីនាង ហើយនឹងមានការជ្រើសរើសតួរថ្មីៗជាច្រើនដោយមានការសមសម្តែងពិនិត្យសមត្ថភាពជាមុន ( សម្រាប់តួរជំនាន់ថ្មី ) ។ អស់រយៈពេលជាយូរ រួមផ្សំនិងអ្នកថតដែលមានស្នាដៃល្អ ក្រុមបច្ចេកទសដែលមានភាពស្វិតស្វាញនឹងការងារដ៍បុិនប្រសព្វ ទើបខ្សែរភាពយន្តភាគមួយនេះចាប់ផ្តើមដំណើរការថតដោយឆ្លងកាត់ពេលវេលាជាច្រើនខែ ស្ទើរតែពេញមួយរដូវប្រាំង ។ ស្វែករកទីតាំងថតដោយលំបាក តាមរម្យណីយដ្ឋានជាតិដែលមានទេសភាពស្អាតៗ តាមសណ្ឋាគារដែលមានដេគ័រត្រូវនឹងសម័យកាល លូនក្រាប អង្វរគេទន់ឆ្អឹងអោយគេអោយថត ជួលទៀតមិនមែនហ្វ្រីផងនៅតែលំបាក ហុឹម😞 ពីមួយកន្លែងទៅមួយកន្លែងសុទ្ធ ជួល តែនៅតែពិបាកព្រោះគេមិនបានបើករបរគេសម្រាប់មករកសុីខាងកុនដូចយើង ។



ពិតណាស់ ពេលវេលាកន្លងមកយើងបានធ្វើការងារមួយនេះរួមគ្នាប្រកបដោយភាពអត់ធ្មត់ស្វិតស្វាញ ក្រាញននាលនឹងការលំបាកដ៍សែនលើសលប់ហួសនិងបរិយាយ ក្នុងមួយសប្តាហ៍យើងត្រូវថត៤ថ្ងៃទៅ៥ថ្ងៃ ហើយចាប់តាំងពីថ្ងៃថតលើកដំបូងរហូតមកគឺគ្មានថ្ងៃណាដែលស្រួល ព្រោះសាច់រឿងតំរូវអោយយើងតស៊ូជាមួយការលំបាក និងការប្រើប្រាស់កំលាំងច្រើនក្នុងការងារនេះ ម្នាក់មានការតស៊ូអត់ធ្មត់ បន្តរបំពេញភារកិច្ចរហូតចប់ចុងចប់ដើមពីមួយថ្ងៃទៅមួយថ្ងៃ ថតទាំងងោក បានសម្រាកបន្តិចម្នាក់ៗក៍ដេកដួលលែងរើសកន្លែងដោយហត់ពេក តែយើងនៅតែមានស្នាមញញឹមក្នុងការងាររបស់យើងដោយគ្មាននណាម្នាក់ខឹង មួរម៉ៅឬបោះបង់ចោលកណ្តាលទី ។ យើងតែងតែបន្តរដំណើររួមគ្នារហូត មិនថាការថតរហូតដល់ម៉ោង៣ភ្លឺ ម៉ោង៥ភ្លឺ ឬម៉ោង៧ភ្លឺ តែយើងនៅតែសប្បាយ ហើយម្នាក់ៗមានចំណីអីបន្តិចក៍យកមកចែកគ្នាហូបដូចបងប្អូន ។ អនុស្សាវរីយ៍និងការតស៊ូរួមគ្នាដោយមិនយកការនឿយហត់ជាឧបសគ្គសម្រាប់យើងនោះឡើយ ។



អនុស្សាវរីយ៍ជាច្រើនក្នុងរយៈពេលជិតមួយឆ្នាំនេះបានដក់ជាប់ក្នុងចិត្តពួកយើងគ្រប់គ្នារហូត ស្នាមញញឹម សម្លេងសើចសប្បាយបន្លប់ចិត្តពេលហត់ ចំណើញាំុជាក្រុម ពាក្យកំប្លែង និងអារម្មណ៍សោកសៅនៅតែជាប់ក្នុងចិត្តពួកយើងជានិច្ច ព្រោះរឿងថតបានពាក់កណ្តាលហើយ យើងគ្រប់គ្នាក៍ត្រូវបាត់បង់សមាជិកម្នាក់ដែលជាតួរអង្គសំខាន់នៅក្នុងរឿង គឺប្អូនស្រីសាន ស្រីឡៃ ។ ពេលនោះពួកយើងពិតជាមានអារម្មណ៍សោកសៅ ស្តាយខ្លាំងណាស់ ព្រោះយើងបានឆ្លងកាត់ពេលវេលានិងការខំប្រឹងមករួមគ្នាជិតដល់ទីបញ្ចប់ទៅហើយ ម្នាក់ៗគិតថាតើរឿងនេះនឹងត្រូវទៅជាយ៉ាងណា ថតបន្តរឬសម្រាក? ប៉ុន្តែចុងក្រោយយើងបានស្វែងរកនូវតួរសម្តែងដ៍បុិនប្រសព្វម្នាក់មកជំនួសប្អូនស្រីឡៃបាន គឺប្អូនស្រីលីនដា ។



ជិតមួយឆ្នាំមកនេះ យើងគ្រប់គ្នាខិតខំណាស់ ឈរក្រោមកំដៅថ្ងៃហួតហែង ក្តៅសឹងបែកសន្ទះក្បាល ឈរថតក្រោមពន្លឺថ្ងៃតាំងពីព្រឹកទល់យប់ យប់ទប់ភ្លឺវិញ ជាំមុខជាំមាត់ ខ្លះសន្លប់ដេកពេទ្យ ខ្លះបែកក្បាលចេញឈាម ខ្លះខ្យល់ចាប់ថតបណ្តើរកោសខ្យល់បណ្តើរ ខ្លះថតរហូតដល់ជិតដល់ថ្ងៃចូលរោងការ ខ្លះគេបើកឡានមកបុកឡានខ្ទេច ខ្លះក្តៅពេករលាកច្រមុះ ហើយបើភ្លៀងគឺនាំគ្នាអង្គុយបន់អោយភ្លៀងរាំង សំកុកចាំរាប់ម៉ោងទំរាំភ្លៀងរាំងបានថតបន្តរ ព្រោះផ្លូវឆ្ងាយមកហើយត្រូវតែចាំរាំងថត ។ ទាំងនេះមិនមែនព្រោះតែប្រាក់ចំណូលតែម្យ៉ាងទេ តែខ្ញុំជឿថាគ្រប់គ្នាធ្វើព្រោះតែទឹកចិត្តស្រលាញ់ច្រើនជាង ។


បើទោះជាការផលិត គឺធ្វើទៅតាមលទ្ធភាព ទៅតាមគោលការណ៍ផលិត តែខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូន នឹងជួយគាំទ្រភាពយន្តខ្មែរយើងអោយបានច្រើន ដើម្បីជាការចូលរួមលើកទឹកចិត្តដល់អ្នកនិពន្ធ អ្នកដឹកនាំរឿង តួរសម្តែងនឹងក្រុមផលិតទាំងមូលអោយមានទឹកចិត្តក្នុងការធ្វើ ហើយជួយស្ថាប្បនាកែរលម្អរ អោយជាយោបល់កែរប្រែ ជាជាងរិះគន់បំបាក់ទឹកចិត្ត បង្អាប់បន្ថោក ដែលជាចំនុចដែលឆ្វេងចេញពីភាពរួមចំណែកកែរប្រែ កែលម្អរ ដើម្បីឆ្ពោះទៅរកភាពរីកចម្រើនទៅមុខ ។ ខ្ញុំសូមផ្ញើរសមិទ្ធិផលភាពយន្តភាគខ្មែរឆ្នាំ២០១៨មួយនេះក្នុងចិត្តទស្សនិកជនខ្មែរក្នុងពេលឆាប់ៗនេះ🙏🏻🙏🏻🙏🏻😊😊😊”៕