មានរឿងអ្វីបានជា៖ ខាត់ សុឃីម មិនសប្បាយចិត្តជាខ្លាំងពេល​ឃើញ​កូនខ្មែរ​មួយ​ចំនួន មិន​​ប្រើ​អក្សរជាតិ​របស់ខ្លួន ក្នុងបណ្ដាញសង្គម!

ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ថ្មីៗនេះ បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត ក្រោយពីសង្កេតឃើញថា មានកូនខ្មែរមួយចំនួនបច្ចុប្បន្ន បាននឹងកំពុងតែ មិនសូវឲ្យតម្លៃ ឬលើកតម្កើងអក្សរជាតិរបស់ខ្លួន។ ផ្ទុយទៅវិញរាល់ការសរសេរភាគច្រើន គឺស្ទើរតែប្រើប្រាស់អក្សរឡាតាំង ដាក់ជំនួសទាំងអស់ ទៅហើយ។

អ្នកនាង ខាត់ សុឃីម បានលើកឡើងថា «សម័យបារាំងគ្រប់គ្រងអក្សរខ្មែរ ត្រូវបានលុបបំបាត់ មិនឲ្យសរសេរឡើយ ដោយដាក់ឡាតាំងមកជំនួស តាំងពីលើដល់ក្រោម តែជនជាតិខ្មែរយើង ខំប្រឹងរក្សាទុក និងយកមកប្រើប្រាស់វិញ។ ប៉ុន្តែសម័យនេះកូនខ្មែរមួយចំនួន បែរជាមិនចង់សរសេរអក្សរជាតិរបស់ខ្លួន ឯងទៅវិញ បែរជានាំគ្នាសរសេរអក្សរឡាតាំង ត្រាប់ដូចកាលជំនាន់បារាំងវិញ!»។

តារាស្រីរូបនេះ បានបន្តថា «បើបារាំងដឹងថា ខ្មែរមួយចំនួនលើកស្ទួយអក្សរឡាតាំងបែបនេះ ពួកគេអរស្លាប់ហើយ ព្រោះមិនចាំបាច់មកលុប ឬសាបព្រួសអក្សរគេ ធ្វើអ្វីទៀត បើខ្មែរសម័យនេះមួយចំនួន ជួយធ្វើឲ្យគេ (បារាំង) ទៅហើយហ្នឹង!។ អ្នកខ្លះពេលអត់មានក្តារចុចខ្មែរ និយាយពីសួររកនោះសួរ តែដល់ពេលបងប្អូនខ្មែរយើង ខំធ្វើឲ្យមានប្រើហើយ បែរជាមិនប្រើទៅវិញ ពិតជាអាណិត ដល់អ្នកធ្វើណាស់!»។

ជាការកត់សម្គាល់ ការរិះគន់របស់តារាស្រីត្រកូល ខាត់ គឺអ្នកនាង ខាត់ សុឃីម ខាងលើនេះ គឺធ្វើឡើងស្របពេលដែលសង្កេតឃើញ មានទស្សនិកជន និងយុវវ័យខ្មែរជាច្រើន ដែលនិយមចូលចិត្ត លេងបណ្តាញសង្គមហ្វេសប៊ុក ស្ទើរតែទូទាំងប្រទេស បានផ្តើមនៃការប្រើប្រាស់ឈ្មោះ ពីសរសេរខ្មែរ (ភាសាជាតិខ្លួន )ប្តូរទៅជាអក្សរឡាតាំង ដែលពិបាកយល់ និងហាក់មិនបានត្រឹមត្រូវ តាមអក្ខរាវិរុទ្ធឡើយ៕