សែនអាណិតណាស់! ស្ត្រីម្នាក់កើតជំងឺចម្លែកម៉្យាង បណ្តាលឲ្យដុំពកដុះពាសពេញរាងកាយ គួរឲ្យខ្លាច ត្រូវប្តី និងកូនៗរត់ចោល (មានវីដេអូ)

ទ្រីនីតេ និងតូបាគោ៖ ស្ត្រីសញ្ជាតិទ្រីនីតេ និងតូបាគោម្នាក់ កើតមានជំងឺចម្លែកម៉្យាង បណ្តាលឲ្យដុំពកជាច្រើនពាន់ដុំ ដុះគ្រប់ទីកន្លែងនៅលើរាងកាយគួរឲ្យខ្លាច បច្ចុប្បន្នកំពុងត្រូវការជំនួយជាបន្ទាន់ ដើម្បីព្យាបាលនៅក្រៅប្រទេស។

អ្នកស្រី Charmaine Sahadeo មានអាយុ ៣៨ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងទីប្រជុំជន Chaguanas ស្ថិតនៅប្រទេសទ្រីនីតេ និងតូបាគោ។ ស្ត្រីរូបនេះបានកើតមានជំងឺកម្រម៉្យាងហៅថា «neurofibromatosis» ក្នុងកម្រិតស្ថានភាពធ្ងន់ធ្ងរ បណ្តាលឲ្យក្រុមគ្រូពេទ្យក្នុងស្រុកទាល់តំរិះ និងគ្មានលទ្ធភាពក្នុងការព្យាបាលតទៅទៀត។

សព្វថ្ងៃនាងមានកូនៗពីរនាក់ ដែលក្នុងនោះមានម្នាក់ឈ្មោះ Caleb អាយុ ១៩ឆ្នាំ និងកូនពៅ Osiris អាយុ ១៥ឆ្នាំ។ បើតាមការឲ្យដឹងពីអ្នកស្រី Charmaine បានឲ្យដឹងថារូបនាងបានកើតជំងឺដ៏គួរឲ្យខ្លាចនេះតាំងនាងកើតពីផ្ទៃម្តាយមកម៉្លេះ ទើបតែ១៥ឆ្នាំមុនទេ បន្ទាប់ពីសម្រាលកូនទីពីររួច ជំងឺនេះកាន់តែរីករាលដាលខ្លាំងជាងមុន បណ្តាលដុំពកទំហំធំជាច្រើនដុំ ដុះពាសពេញរាងកាយ។

តាំងពីជំងឺនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមក ស្ត្រីកូនពីររូបនេះត្រូវបានស្វាមីរបស់នាងបោះបង់ចោលបន្ទាប់ពីចំណងអាពាហ៍ពិពាហ៍រយៈពេល ១៨ឆ្នាំ ហើយចំណែកកូនៗរបស់នាងវិញ គ្មាននរណាម្នាក់ចង់នៅជិតរូបនាងនោះទេ។ បន្ថែមពីលើនេះនាងក៏មិនអាចស្វែងរកការងារធ្វើបានដែរ ដោយសារនាងត្រូវបានគេរើសអើង ហើយមិនតែប៉ុណ្ណោះមនុស្សមួយចំនួនបានថែមទាំងផ្តល់យោបល់ឲ្យនាងធ្វើអត្តឃាតទៀតផង។

គួររម្លឹកថារហូតមកទល់ពេលនេះ អ្នកស្រី Charmaine Sahadeo ទទួលបានការវះកាត់ចំនួនពីរដងរួចហើយ ខណៈបច្ចុប្បន្នខាងគ្រូពេទ្យក្នុងស្រុក អស់លទ្ធភាពក្នុងការព្យាបាល។ បច្ចុប្បន្នអ្នកស្រីកំពុងស្វះស្វែង សុំជំនួយជាបន្ទាន់ ដើម្បីទទួលការព្យាបាលនៅក្រៅប្រទេស៕