កូនស្រីទំាងពីររបស់ កឹម សុខានិងមន្រ្តីCNRPមួយចំនួនទៀតអាចនឹងត្រូវចាប់ខ្លួន


មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្ត្រោះ​ជាតិ​មួយ​រូប​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដែរ​នោះ​ក៏​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា កូនស្រី​លោក កឹ​ម សុខា គឺ កញ្ញា កឹ​ម មនោ​វិទ្យា និង កឹ​ម សា​ម៉ា​ធីតា និង​សមាជិក​គណៈកម្មាធិការ​នាយក និង​គណៈកម្មាធិកា​អចិន្ត្រៃយ៍​របស់​បក្ស​សង្គ្រោះ​ជាតិ​(CNRP)​មួយ​ចំនួន​អាច​នឹង​ត្រូវ​ចាប់ខ្លួន​បន្តបន្ទាប់​ថែម​ទៀត បន្ទាប់​ពី​លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​យ៉ាង​តក់ក្រហល់​ទាំង​កណ្តាលអធ្រាត្រ​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌទួលគោក ហើយ​ត្រូវ​បាន​បញ្ជូន​ទាំង​កណ្តាល​យប់​ទៅ​កាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ក្បត់ជាតិ​» ។

នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ស្រង់​សម្តី​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ។

នៅ​យប់​ថ្ងៃ​ទី​ចន្ទ​ដដែល​នេះ​«​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ ក៍​ដូច​ជា​អ្នកនាំពាក្យ​គណបក្ស​លោក យឹ​ម សុវណ្ណ ។

កាលពី​ថ្ងៃ​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​គ្រាន់តែ​ស្អប់ ហ៊ុន សែន ម្នាក់ ស្អប់​គណបក្ស​ប្រជាជន អ្នកឯង​នាំ​បរទេស​ផ្ដួលរំលំ ហើយ​ខ្ញុំ​អំពាវនាវ​ចំពោះ​សហរដ្ឋអាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត​កុំ​លូកដៃ​ជាមួយនឹង​កិច្ចការ​ទាំងឡាយ​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ និង​ផលប្រយោជន៍​ជាតិ​របស់​កម្ពុជា​ទោស​ក្បត់ជាតិ​គឺជា​ទោស​ដែល​ធ្ងន់​ជាងគេ​ក្នុង​ចំណោម​ទោស​ដែល​មាន​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​កុំ​ថា​ប្រទេស​នេះ​ផ្តាច់​ការ អត់​ទេ រដ្ឋ​អធិបតេយ្យ​មួយ​មិន​អាច​ឲ្យ​បរទេស​មក​ធ្វើ​របៀប​នេះ​ទេ នេះ​ជា​អំពើ​ក្បត់ជាតិ លក់​ផលប្រយោជន៍​ជាតិ​ទៅ​ឲ្យ​បរទេស គ្រាន់តែ​ដើម្បី​ផ្ដួលរំលំ និង​ឡើង​កាន់​អំណាច​ខ្លួនឯង អា​មេ​រិ​កាំ​ង​ធ្លាប់​ធ្វើ​រឿង​នេះ​ជាមួយ លន់ ន​ល់ ឥឡូវ​អា​មេ​រិ​ក​ក៏​ធ្វើ​រឿង​នេះ​ជាមួយ កឹ​ម សុខា សូម​បងប្អូន​រក្សា​ភាព​ស្ងប់ស្ងាត់ ទុក​ឲ្យ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ មិន​ឲ្យ​អំពើ​ក្បត់ជាតិ​បែប​នេះ​កើត​នៅ​លើ​ទឹកដី​កម្ពុជា​ម្ដងទៀត​ទេ​»​។ «​ជនបរទេស​ដែល​ឃុបឃិត​បើ​មិនមែន​រដ្ឋាភិបាល គេ​ត្រូវ​តែ​មានការ​បកស្រាយ​មួយ​សម​ហេតុផល តើ​រដ្ឋាភិបាល​អា​មេ​រិ​ក ឬ​បុគ្គល​អា​មេ​រិ​ក​ធ្វើ​រឿង​នេះ​»​។

លោក ហ៊ុន សែន បន្ត​ថា​តាម​រយៈ​នៃ​ការ​ចាប់​លោក កឹ​ម សុខា នេះ​ដែរ​រាជរដ្ឋាភិបាល​នឹង​ស្វែងរក​ជនបរទេស​ណាខ្លះ ដែល​ជាប់​ពាក់ព័ន្ធ វា​មិនមែន​ជា​បញ្ហា​លេងសើច​ទេ រឿង​នេះ​រឿង​ជាតិ​ធំ​ណាស់​ដែល​រាជរដ្ឋាភិបាល​មិន​នឹក​ស្មានថា​មានការ​ឃុបឃិត​បែប​នេះ មាន​រយៈពេល​ជាង ២០ ឆ្នាំ​ហើយ​ក៏​បាន​ព្រមាន​ដល់​សមាជិក​បក្ស​ប្រឆាំង​នេះ​ផង​ដែរ កុំ​ចេញ​មុខការ​ពារ​ប្រធាន​បក្ស​នេះ​អាច​នឹង​ពាក់ព័ន្ធ​ដល់​ការ​រំលាយ​បក្ស​ចោល ៕

ប្រភព angrut.com